ការកើនឡើងនៃតម្លៃជ័រកៅស៊ូនៅទីផ្សារអន្តរជាតិ បានជួយឱ្យកម្ពុជារកប្រាក់បានជិត ១៥០លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នារយៈពេល ៤ខែដើមឆ្នាំ២០២៥ ដោយកើនជាង ១៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈតម្រូវការប្រើប្រាស់ជ័រកៅស៊ូពីសំណាក់ក្រុមហ៊ុនផលិតកង់រថយន្តនៅក្នុងស្រុកមានកាន់តែច្រើន។
ទិន្នន័យរបស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបផ្សព្វផ្សាយបង្ហាញថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ កម្ពុជាផលិតជ័រកៅស៊ូបាន ៨១ ៩៦២តោន ថយចុះ ៥ ១៧១តោន ឬស្មើនឹង ៥,៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាមួយគ្នានេះកម្ពុជាក៏បាននាំចេញជ័រកៅស៊ូចំនួន ៧៦ ៤៦៧តោន ថយចុះ ៨ ៩៦១ តោន ឬស្មើ ១០,៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដោយរកថវិកាបាន ១៤៨,១៨លានដុល្លារ និងចំណូលពីការលក់ឈើកៅស៊ូ ១ ៦៩១ ៥៥០ដុល្លារ(៦ ៩២៩ ម៉ែត្រគូប)។
ទិន្នន័យឱ្យដឹងទៀតថា សម្រាប់ខែមេសា ឆ្នាំ២០២៥ ការប្រមូលផលជ័រកៅស៊ូសម្រេចបាន ១៧ ៨៨២តោន កើន ១៣ ១២៧តោន ឬស្មើ ២៧៦ភាគរយបើធៀបនឹងខែមីនា(ឆ្នាំ២០២៥) និងកើនឡើង ១ ៦៤២តោន ស្មើ ១០,១ភាគរយបើធៀបនឹងខែមេសា ឆ្នាំ២០២៤។
សម្រាប់តម្លៃជាមធ្យមរបស់ជ័រកៅស៊ូក្នុងខែមេសា ឆ្នាំ២០២៥ គឺ ១ ៩៨៩ដុល្លារក្នុង ១តោន ដោយថយចុះ ៨៩ ដុល្លារ ឬស្មើ ៤,៧១ភាគរយបើធៀបនឹងមីនា(ឆ្នាំ២០២៥) ប៉ុន្តែបានកើនឡើង ៤៥៧ដុល្លារ ឬស្មើ ២៩,៨៤ភាគរយបើធៀបនឹងខែមេសា ឆ្នាំ២០២៤ ដែលមាន ១ ៥៣២ដុល្លារ។ ចំណែកឈើកៅស៊ូគិតជាមធ្យមមានតម្លៃ ២៣៣ដុល្លារក្នុងមួយម៉ែត្រគូប។
លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun Tire Cambodia ដែលជាក្រុមហ៊ុនផលិតសម្បកកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៦ ខែឧសភាថា តម្លៃជ័រកៅស៊ូនៅទីផ្សារក្នុងស្រុក និងអន្តរជាតិបានកើនឡើងក្នុងរយៈពេលជាង ១ ឆ្នាំមកហើយ។ លោកបន្តថា ការបើកដំណើររោងចក្រផលិតសំបកកង់រថយន្តនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ ក៏ជាចំណែកជួយឱ្យទីផ្សារជ័រកៅស៊ូនៅកម្ពុជាល្អប្រសើរផងដែរ។
លោកប្រាប់ទៀតថា សម្រាប់ជ័រកៅស៊ូនៅកម្ពុជាបច្ចុប្បន្នគឺមានតម្លៃជាមធ្យមជាង ១ ៩០០ដុល្លារក្នុង១តោន ដែលកើនឡើងតិចតួចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ តម្លៃកៅស៊ូអាចនឹងកើនឡើងបន្ថែមទៀតនាពេលអនាគត។
លោកបានថ្លែងថា៖«តម្រូវការជ័រកៅស៊ូពីសំណាក់ក្រុមហ៊ុនផលិតសំបកកង់រថយន្តក្នុងស្រុកបានឡើងជាបន្តបន្ទាប់ ហើយវានឹងមានកាន់តែច្រើននាពេលខាងមុខ ខណៈបច្ចុប្បន្នទាំងរោងចក្រផលិតសំបកកង់រថយន្តកំពុងដំណើរការ និងកំពុងសាងសង់នៅកម្ពុជា គឺកើនដល់ ៧»។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍