ការលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម
ការលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម

សហគ្រាសធុនតូច និង​មធ្យម​ បានកំពុងដើរតួរជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ដើម្បីគាំទ្រ និងជំរុញឱ្យមានកំណើនជាបន្តបន្ទាប់ និងការពង្រីកអាជីវកម្មរបស់សហគ្រាសធុនតូច និង​មធ្យម​ ការលើកទឹកចិត្ត​ផ្នែក​គោលនយោបាយត្រូវបានផ្តល់ជូនភាគច្រើនក្រោម​ទម្រង់ជាការ​កាត់បន្ថយពន្ធ និងការលើកលែងពន្ធ តែក៏មានទម្រង់ជាកម្ចីសម្បទានដែលមានរយៈ​ពេលអនុគ្រោះវែង​ និងកម្មវិធីគាំទ្រជាក់លាក់ដែលផ្តល់ហិរញ្ញប្បទានដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធផងដែរ​។

នៅក្នុងផ្នែកនេះ KhmerSME ផ្តល់នូវទិដ្ឋភាពទូទៅអំពី​ការលើកទឹកចិត្ត និងកម្មវិធីគាំទ្រដែលមានស្រាប់ ដែលអាច​មានប្រយោជន៍សម្រាប់​អាជីវកម្មរបស់លោកអ្នក។​ សូមចុចលើអនុទំព័រ​នីមួយៗសម្រាប់ព័ត៌មានលម្អិត​។

កម្មវិធីគាំទ្រ

កម្មវិធីគាំទ្រ

កម្មវិធីគាំទ្រផ្សេងៗសម្រាប់សហគ្រាសធុនមីក្រូ តូច និង​មធ្យមកម្ពុជាមានជាអចិន្ត្រៃយ៍ ឬសម្រាប់រយៈ ពេលកំណត់ណាមួយ។ ការគាំទ្រដល់ សហគ្រាសធុនមីក្រូ តូច និង​មធ្យម​អាចត្រូវបានផ្តល់ជូនក្រោម​ទម្រង់ជាការលើកទឹកចិត្តផ្នែកសារពើពន្ធ​ ឬតាមរយៈកម្មវិធីផ្សេងៗដែលគ្រប់គ្រងនៅថ្នាក់ជាតិ ឬថ្នាក់តំបន់ ដូចជាគម្រោងសហហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ ​នាពេលថ្មីៗនេះ​របស់​ធនាគារ​សហគ្រាសធុនតូច និងមធ្យមកម្ពុជា។  សហគ្រាសធុនមីក្រូ តូច និង​មធ្យមក៏អាច​ទទួល​បាន​ជំនួយ​មិនមែនហិរញ្ញវត្ថុក្រោម​ទម្រង់ជាកម្មវិធី និងសេវាកម្មគាំទ្រអាជីវកម្មផងដែរ។ គេហទំព័រ KhmerSME មានបំណង​រក្សា​​បច្ចុប្បន្នភាព​ជាមួយកម្មវិធីគាំទ្រសហគ្រាសធុនមីក្រូ តូច និង​មធ្យមដែល​មានស្រាប់​ និង​សរសេរ​សេចក្ដីណែនាំ​សង្ខេបអំពីកម្មវិធីថ្មី និង​កម្មវិធីដែលនឹងមាននៅពេលខាងមុខ រួមទាំង​តំណភ្ជាប់នីមួយ​ៗ​ផង​ដែរ។ សូមចូលមកទីនេះឱ្យបានទៀងទាត់ដើម្បីទទួលបានព័ត៌មានអំពីកម្មវិធីថ្មីៗ និងកម្មវិធី​នាពេល​ខាង​​​មុខ​ដែលអាចជំរុញអាជីវកម្មរបស់អ្នកអោយកាន់តែមានភាពរីកចម្រើន។ ការទទួលបានហិរញ្ញប្បទាន  ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ​បានបើកដំណើរការ​ជាមួយ​នឹងថវិកាដំបូង​ចំនួន ១០០លានដុល្លារ​អាមេរិក​​​​​ដើម្បីគាំទ្រដល់ការអភិវឌ្ឍ​អាជីវកម្មកសិពាណិជ្ជកម្ម និងសហគ្រាស​ធុន​តូច និងមធ្យម​កម្ពុជាដែល​មានទំនាក់ទំនងជាមួយការវិនិយោគផ្ទាល់ពីបរទេស វិស័យទេសចរណ៍ ព្រម​ទាំង​ធុរកិច្ចបច្ចេកវិទ្យាថ្មី​ (Tech Start-ups)។ ធនាគារសហគ្រាសធុនតូច និង​មធ្យម​កម្ពុជាផ្តល់ភាពងាយ​ស្រួលដល់សហគ្រាសធុនតូច និងមធ្យម នៅក្នុង​ការទទួល​បានហិរញ្ញវត្ថុ​គ្រប់​ដំណាក់​កាលនៃវដ្ត​ដំណើរ​អាជីវកម្ម រាប់ទាំងការបង្កើត ការពង្រីក ឬការផ្ទេរអាជីវកម្ម។ ដូចដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍​ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ធនាគារ​នឹង​ផ្តល់​លទ្ធភាព​ទទួលបានហិរញ្ញប្បទានកាន់តែល្អប្រសើរ និង​សមស្រប​សម្រាប់សហគ្រាសធុនតូច និង​មធ្យម​ក្នុងវិស័យអាទិភាពសំខាន់ៗ រួមមានដូចជា ផលិតកម្ម និងការកែច្នៃចំណីអាហារ កម្មន្តសាលទំនិញប្រើប្រាស់ក្នុងស្រុក ការកែច្នៃសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍ កម្មន្តសាលផលិតផលិតផលសម្រេច គ្រឿងបន្លាស់ គ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត ស្រាវជ្រាវ និងអភិវឌ្ឍ បច្ចេកវិទ្យាព័ត៌មាន ឬការផ្គត់ផ្គង់​សេវាកម្ម​ដើរដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសហគ្រាសដែលមានមូលដ្ឋាននៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាស​ដែល​អភិវឌ្ឍ​តំបន់នេះ។ ធនាគារមានបេសកកម្មផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងចរន្តភាពដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម​ក្នុងគោល​បំណងបង្កើន​ពិពិធកម្មសេដ្ឋកិច្ចនិងពង្រីក​ទំហំនាំចេញ។ បេសកម្មនេះគឺស្រប​ទៅតាមគោលនយោ​បាយកំណត់​ដោយ​​​​​​​​​​រដ្ឋាភិបាលកម្ពុជា។ ធនាគារសហគ្រាសធុនតូច និង​មធ្យម​កម្ពុជាខិតខំផ្តល់នូវ​អត្ថប្រយោជន៍​បន្ថែម​សំខាន់​ៗចំនួន ៤ យ៉ាងដល់សហគមន៍សហគ្រាសធុនតូច និង​មធ្យម​៖ (១)លទ្ធភាពទទួលបាន​ហិរញ្ញប្ប​ទាន​កាន់តែល្អ​ប្រសើរ និងសមរម្យ​ (២)ជំនួយបច្ចេកទេសម្រាប់​គ្រាសធុនតូច និងមធ្យម​ដើម្បីលើក​កម្ពស់​ផលិតភាព និងប្រសិទ្ធភាព (៣)ជំនួយ​ប្រឹក្សាយោបល់អាជីវកម្ម​នៅដំណាក់កាលដើម​ និង​ (៤)ការ​ជួយ​សម្រួល​ដល់ការចូលទៅកាន់ទីផ្សារក្នុងតំបន់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា សាជីវកម្មធានាឥណទានកម្ពុជា សាជីវកម្មធានាឥណទានកម្ពុជា គឺជាសហគ្រាសសាធារណៈ ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ ស.ធ.ក. ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្ម​ចម្បង​របស់​ ​ស​.​ធ​.​ក​. ​គឺ​ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​ផ្តល់​ឱ្យ​អាជីវកម្ម​ ​ដើម្បី​ចែករំលែក​ហា​និ​ភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​ក​ម្ចី ​និង​បង្កើន​បរិយាប​ន្ន​ហិរញ្ញវត្ថុ។ គម្រោងរបស់សាជីវកម្មធានាឥណទានកម្ពុជា គម្រោងធានាឥណទាន​​ឯកត្តឥណទាន គម្រោងធានាឥណទានជាកញ្ចប់ កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) សម្រាប់គម្រោងផ្សេងៗ និងព័ត៌មានបន្ថែមអំពីសាជីវកម្មធានាឥណទានកម្ពុជា សូមចុចនៅទីនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បច្ចុប្បន្ន​នេះ​ផលិតផល​ឥណទាន​របស់ ​ARDB មាន​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​ ដូចមាន​រៀបរាប់​ជូន​នៅ​ក្នុង​តារាង​ខាង​ក្រោម៖ ឥណទានបៃតង ឥណទាន SMEs ក្នុងវិស័យកសិកម្ម ឥណទានក្នុងវិស័យស្រូវអង្ករ ឥណទានបោះដុំ ឥណទានកសិកម្មខ្នាតតូច ឥណទានសហគមន៍កសិកម្ម សម្រាប់ព័ត៌មានបន្ថែម សូមចូលទីកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ការ​គាំទ្រសហគ្រិន សហគ្រិនខ្មែរ សហគ្រិនខ្មែរ (Khmer Enterprise) គឺជាមជ្ឈមណ្ឌលជាតិ​លើកកម្ពស់ និងអភិវឌ្ឍន៍​សហគ្រាសធុនតូច និងមធ្យមថ្មីមួយ​។ មជ្ឈមណ្ឌលនេះ​មានគោលដៅផ្ដោតលើ​ម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងសហគមន៍សហគ្រិនភាព។ សហគ្រិនខ្មែរនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុតាម រយៈកម្មវិធីផ្សេងៗគ្នាដែលពាក់ព័ន្ធ​នឹងវិស័យអាទិភាពដូចជា​៖ ធុរកិច្ច​ថ្មីដំណើរការរ​ដោយ​ប្រព័ន្ធ​​បច្ចេកវិទ្យា វិស័យទេសចរណ៍ ការកែច្នៃកសិផល និងការផលិត (ជំនួសការនាំចូល) ក៏ដូចជាតំបន់ប្រមូលផ្ដុំឧស្សាហកម្មផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សហគ្រិនខ្មែរ មជ្ឈមណ្ឌលបណ្ដុះ​ធុរកិច្ចថ្មី’’តេជោ’’ មជ្ឈមណ្ឌល “តេជោ” គឺជាមជ្ឈមណ្ឌលបណ្តុះធុរកិច្ច​ថ្មីមួយដែលជាអង្គភាពទទួលបន្ទុកការងារនវានុវន្តន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគោលបំណង​បង្កើតធុរកិច្ច​ថ្មីតាមរយៈការបញ្ចូលរវាងនវានុវត្តន៍ និង ប្រព័ន្ធ​​​បច្ចេកវិទ្យា។ មជ្ឈមណ្ឌល​តេជោនឹងធ្វើការជាមួយយុវជនដែលមានទេពកោសល​ដើម្បីសហបង្កើតធុរកិច្ចថ្មីៗ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី’’តេជោ’’ វិនិយោគនៅខេត្តបន្ទាយមានជ័យ «www.investinbmc.com» គឺជាថ្នាលផ្ដល់ធនធានព័ត៌មានបើកចំហមួយសម្រាប់ខេត្តបន្ទាយមានជ័យ ដើម្បីជាជំនួយដល់វិនិយោគិនក្នុង និងក្រៅស្រុកធ្វើការសម្រេចចិត្តផ្អែកលើទិន្នន័យ។ ថ្នាលផ្ដល់ព័ត៌មាននេះមានគោលបំណងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងភាពប្រកួតប្រជែងនៃអាជីវកម្មនានានៅក្នុងខេត្តបន្ទាយមានជ័យ។ គេហទំព័រវិនិយោគខេត្តបន្ទាយមានជ័យនេះ បានផ្ដោតលើវិស័យអាទិភាពមានដូចជា វិស័យកម្មន្ដសាល វិស័យកសិកម្ម និងកសិឧស្សាហកម្ម និងវិស័យទេសចរណ៍ ជាមួយនឹងសក្ដានុពលផ្សេងៗទៀតរបស់ខេត្តបន្ទាយមានជ័យ។ វិនិយោគនៅខេត្តបន្ទាយមានជ័យគឺជាអ្វី?​ យើងខ្ញុំគឺជាសមាជិកអនុគណៈកម្មាធិការវិនិយោគខេត្តបន្ទាយមានជ័យ។ យើងខ្ញុំនៅចាំជួយគាំទ្រគម្រោងវិនិយោគរបស់អ្នក និងធុរៈកិច្ចរបស់លោកអ្នកឲ្យបានដល់ទីផ្សារក្នុង និងក្រៅស្រុក។ បេ​សកម្ម​របស់​យើងគឺ៖ ផ្តល់អត្ថប្រយោជន៍លើកទឹកចិត្ត សម្រាប់ការវិនិយោគរបស់អ្នក គាំទ្រគម្រោងវិនិយោគរបស់អ្នក និងបម្រើឲ្យការនាំចេញទៅទីផ្សារកម្ពុជា និងអាស៊ាន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ វិនិយោគនៅខេត្តបន្ទាយមានជ័យ ពង្រឹងធនធានមនុស្ស មូលនិធិអភិវឌ្ឍន៍ជំនាញ មូលនិធិនេះផ្តោតលើការផ្តល់នូវការពង្រឹងសមត្ថភាព និងឱកាសពង្រឹងជំនាញដល់បុគ្គលិកដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហាគម្លាត និងកង្វះជំនាញនៅក្នុងវិស័យឧស្សាហកម្មតាមរយៈកម្មវិធីសិក្សា ផ្អែកលើការអនុវត្តន៏ការងារជាក់ស្ដែង។ មូលនិធិផ្ដល់ថវិកាដល់សំណើគម្រោង​បណ្តុះបណ្តាលជំនាញរួម ដែលមានដូចជា៖ កម្មវិធីបណ្ដុះបណ្ដាល ម្ចាស់សហគ្រាសធុនតូច និងមធ្យម កម្មវិធីបណ្ដុះបណ្ដាល គ្រូបង្គោល កម្មវិធីបណ្ដុះបណ្ដាល បុគ្គលិកសហគ្រាសធុនតូច និងមធ្យម កម្មវិធីបណ្ដុះបណ្ដាល បុគ្គលិកសហគ្រាសធុនធំ និងកម្មវិធីគាំទ្រគោលនយោបាយសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ គេហទំព័រ Proudly Cambodia គេហទំព័រខាងលើនេះបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយ លើកកម្ពស់ និងគាំទ្រអាជីកម្មឆ្នើមរបស់កម្ពុជា។​ យើងផ្តោតទៅលើការដាក់បង្ហាញ និងលើកកម្ពស់សហគ្រិនកម្ពុជាដែលមានឆន្ទះក្នុងការឆ្ពោះទៅរកភាពជោគជ័យ។​ ក្រោមការផ្តួចផ្តើមរបស់គម្រោង ICONE កម្ពុជា យើងគាំទ្រអាជីវកម្មដែលស្ថិតនៅក្នុងក្របខ័ណ្ឌដូចជា៖ បរិវត្តិកម្មឌីជីថល ការអភិវឌ្ឍស្ថាប័ន សហគ្រិនភាពស្ត្រី ការអភិវឌ្ឍជំនាញ ការគាំទ្រហិរញ្ញវត្ថុអាជីវកម្ម និង ការលើកកម្ពស់វិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម និងការនាំចេញ។​ យើងក៏ជាអ្នកពាំនាំរឿងរ៉ាវរបស់ប្រជាជនកម្ពុជាដែលទទួលបានជោគជ័យ ហើយបានចូលរួមចំណែកបង្កើតឱកាសការងារ និងអភិវឌ្ឍន៍សហគមន៍របស់ពួកគាត់។​ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Proudly Cambodian បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា គឺជាវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវ និងអប់រំមួយរបស់កម្ពុជាដែលផ្តោតទៅលើការពង្រឹងសមត្ថភាពឌីជីថល និងនវានុវត្តន៍ ក្នុងគោលបំណងដើម្បីជំរុញប្រទេសកម្ពុជាអោយក្លាយជាសង្គមឌីជីថលមួយ។ បេសកកម្មរបស់យើងពឹងផ្អែកលើបុគ្គលដែលមានជំនាញឌីជីថល ចំណេះដឹងទូលំទូលាយអំពីប្រព័ន្ធអេកូឡូស៊ី និងនវានុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ ក្នុងតួនាទីរបស់យើង​ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាធ្វើការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាឌីជីថលជាមួយដៃគូក្នុងវិស័យឯកជន ដំណើរការកម្មវិធីនវានុវត្តន៍សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនសាជីវកម្ម សាកលវិទ្យាល័យ និងអ្នកចាប់ផ្តើមអាជីវកម្ម ក៏ដូចជាផ្តល់វគ្គបណ្តុះបណ្តាលទៅដល់បុគ្គលិកផ្នែកសាធារណៈ និងឯកជនដើម្បីជំរុញជំនាញឌីជីថលរបស់គាត់។ ដៃគូរបស់យើងគ្របដណ្តប់គ្រប់វិស័យ និងគ្រប់ទម្រង់នៃស្ថាប័ន។ សូមទំនាក់ទំនងមកកាន់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីសហការ និងជម្រុញនវានុវត្តកម្មឌីជីថលទាំងអស់គ្នា សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Cambodia Academy of Digital Technology (CADT) គម្រោង​ទ្រទ្រង់​​សហគ្រាសធុនតូចនិង​មធ្យម យន្តការ​​លើកទឹកចិត្តផ្នែកពន្ធដល់សហគ្រាសធុនតូច​​ និងមធ្យម (អនុក្រឹត្យ ១២៤) យន្តការ​​នេះ​ផ្តល់ការលើកលែងពន្ធចំពោះ​ពន្ធលើប្រាក់ចំណូល​ពី​ ៣ ទៅ ៥ឆ្នាំ និង​ផ្តល់​ការលើក​ទឹកចិត្ត​បន្ថែម​សម្រាប់ការចំណាយកាត់កងសម្រាប់វិស័យអាទិភាពចំនួន ៦ រួមមានកសិ-ឧស្សាហកម្ម ផលិត និងកែច្នៃ​ម្ហូបអាហារ កម្មន្តសាលផលិតទំនិញប្រើប្រាស់ក្នុងស្រុក, កែច្នៃកាកសំណល់, និងផលិតទំនិញ​សម្រាប់​វិស័យទេសចរណ៍ កម្មន្តសាលផលិតផលិតផលសម្រេច ផ្គត់ផ្គង់ឱ្យកម្មន្តសាលផ្សេងទៀត ស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាព័ត៌មាន និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែល​មាន​ទីតាំងស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាស​ខ្នាតតូច និងមធ្យម។ អនុក្រឹត្យលេខ ១១៣ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានវិសាលភាពអនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម (MSMEs) ដែលចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មរួមាន៖ (១) លក់ដុំ លក់រាយ និងជួសជុល (២) សេវាកម្មស្នាក់នៅ និងអាហារ (៣) សិប្បកម្ម និង (៤) សហគមន៍កសិកម្ម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ

អ្នកផ្គត់ផ្គង់សេវា

អ្នកផ្គត់ផ្គង់សេវា

ក្នុងនាមជាម្ចាស់អាជីវកម្ម លោកអ្នកអាចប្រើប្រាស់បណ្តាញដ៏ធំទូលាយនៃអ្នកផ្គត់ផ្គង់សេវាអាជីវកម្ម។ ​​​​ឧទាហរណ៍​ ប្រសិនបើក្រុមហ៊ុន/ស្ថាប័នរបស់អ្នកមិនមានបុគ្គលិកផ្នែកព័ត៌មានវិទ្យា អ្នក​អាច​ចុះកិច្ច​សន្យាជាមួយ​អ្នកផ្គត់ផ្គង់សេវាដើម្បីត្រួតពិនិត្យហេដ្ឋារចនាសម្ពន្ធព័ត៌មានវិទ្យាជូនលោក​អ្នកបាន។ នៅក្នុងផ្នែកនេះ​ លោកអ្នកអាចរកឃើញបញ្ជីអ្នកផ្គត់ផ្គង់សេវាដែលអាចជួយអ្នកក្នុងការអភិវឌ្ឍ​ក្រុមហ៊ុន សហគ្រាស និងអាជីវកម្ម។​ ព័ត៌មាន​ដែលបានដាក់បង្ហាញនៅទីនេះមានដូចជាប្រវត្តិ​រូប​សង្ខេប ពិពណ៌នាសង្ខេបអំពីប្រភេទសេវាកម្ម និងអាសយដ្ឋានទំនាក់ទំនងរបស់​អ្នកផ្គត់ផ្គង់សេវា​ត្រូវបានផ្ដល់ជូន ដើម្បី​​​​​​​ជួយលោក​អ្នក​ក្នុង​ការ​ទាក់ទងទៅ​កាន់អ្នក​ផ្គត់ផ្គង់​សេវា​តាមជម្រើស​​។ ក្នុងនោះដែរ ប្រសិនបើលោកអ្នកជាម្ចាស់អាជីវកម្ម ក្នុងផ្នែកផ្គត់ផ្គង់សេវាដូចបានរៀបរាប់ខាងក្រោម លោកអ្នកអាចធ្វើការចុះឈ្មោះ និងផ្សព្វផ្សាយអំពីសេវាកម្មរបស់លោកអ្នកនៅទីនេះដោយឥតគិតថ្លៃ។​ បច្ចុប្បន្ន លោកអ្នកអាចធ្វើការចុះឈ្មោះអាជីវកម្ម ក្រុមហ៊ុន សហគ្រាស របស់លោកអ្នក ជាមួយថ្នាលផ្គូផ្គងអាជីវកម្មតាមប្រព័ន្ធអនឡាញ KhmerSME MATCH និងចុះឈ្មោះជាអ្នកផ្គត់ផ្គង់សេវា បានក្នុងពេលទាំងមួយ។ លោកអ្នកគ្រាន់តែចុចលើ "ចុះឈ្មោះជាអ្នកផ្គត់ផ្គង់សេវានៅលើគេហទំព័រKhmerSME" រួចហើយសូមចុចត្រង់ពាក្យ "ចុះឈ្មោះ" រួចបំពេញព័ត៌មាន។ សម្រាប់របៀបលម្អិតនៃការចុះឈ្មោះ សូមចុចនៅត្រង់នេះ។ លក្ខខណ្ឌតម្រូវដែល​អនុញ្ញាត​ឱ្យ​ចុះ​ឈ្មោះ​ជា​អ្នក​ផ្គត់ផ្គង់​សេវា​ នៅលើគេហទំព័រ KhmerSME​ អ្នកផ្គត់ផ្គង់សេវា គឺជា: ក្រុមហ៊ុនដែលបានចុះបញ្ជីជាមួយក្រសួងពាក់ព័ន្ធរួចរាល់ ក្រុមហ៊ុនអាជីវកម្មដែលផ្តល់សេវាកម្ម និងអ្នកជំនាញដែលអាចជួយអោយសហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងស្រុក និងក្រៅស្រុកអាចចូលទៅកាន់ទីផ្សារថ្មីបាន អាជីវកម្មអ្នកផ្គត់ផ្គង់សេវាមានដូចជា៖ អ្នកចែកចាយ ការផ្គូផ្គងអាជីវកម្ម ធនធានមនុស្ស ការស្រាវជ្រាវទីផ្សារ អ្នកប្រឹក្សាផ្នែកច្បាប់ និងបទប្បញ្ញត្តិ ពន្ធ និងគណនេយ្យ អ្នកប្រឹក្សាផ្នែកនាំចេញទំនិញ អ្នកប្រឹក្សាយោបល់អាជីវកម្ម​ សេវាកម្មបច្ចេកវិទ្យា សេវាកម្មបកប្រែ សេវាកម្មបោះពុម្ភ និងវេចខ្ជប់ ផ្នែកផ្សព្វផ្សាយអាជីវកម្ម ផ្ដល់ទីកន្លែង/ទីតាំងសម្រាប់ធ្វើការ ការដឹកជញ្ជូន និងភស្តុភារ និងការបណ្តុះបណ្តាលអាជីវកម្ម។ បន្ទាប់ពីលោកអ្នកបានចុះឈ្មោះរួចរាល់ ក្រុមការងារនឹងធ្វើការផ្ទៀងផ្ទាត់សំណើររបស់លោកអ្នកយ៉ាងយូរ ពីរថ្ងៃ​។ ប្រសិនបើសំណើររបស់លោកអ្នកត្រូវតាមលក្ខខណ្ឌតម្រូវ នោះក្រុមហ៊ុនរបស់លោកអ្នកនឹងត្រូវបានដាក់ផ្សព្វផ្សាយលើទំព័រ អ្នកផ្គត់ផ្គង់សេវា នេះ ក្នុងនោះដែរលោកអ្នកក៏ទទួលបានសារអេឡិចត្រូនិកបញ្ជាក់ផងដែរ។

ការទទួលបានហរិញ្ញវត្ថុ

ការទទួលបានហរិញ្ញវត្ថុ

សហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា។  សហគ្រាសទាំងនេះបាន​បង្កើត​ការងារស្មើរនឹងចំនួន ៧០% នៃការងារសរុប ៩៩,៨% នៃចំនួនក្រុមហ៊ុនសរុប និងរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបចំនួន៥៨%។ ដោយសារមូលហេតុនេះហើយ​ទើបការគាំទ្រតាមតម្រូវការដល់សហ​គ្រាស​ធុន​តូច​ និង​មធ្យមអោយមានការ​រីកចម្រើន និងនវានុវត្តន៍គឺជាការសំខាន់ ។ នៅគ្រប់​ដំណាក់កាល​នៃការ​អភិវឌ្ឍអាជីវកម្ម​ អាជីវកម្មខ្នាតតូចតែងជួបបញ្ហាប្រឈមខ្លាំងជាងសហគ្រាសធុនធំក្នុង​កា​រទទួល​បាន​ហិរញ្ញវត្ថុ។ ដើម្បីរក្សាភាព​ប្រកួតប្រជែង ទាំងធុរកិច្ចថ្មី និងធុរកិច្ចដែលកំពុងពង្រីកខ្លួនពឹងផ្អែក​លើហិរញ្ញវត្ថុ​ខាងក្រៅសម្រាប់នវានុវត្តន៍ ឌីជីថលនីយកម្ម សាកលភាវូបនីយកម្ម​ និងការពង្រឹង​ជំនាញ​ផ្សេងៗ។ នៅប្រទេសកម្ពុជា កម្មវិធីផ្តល់ហិរញ្ញប្បទាន ជាទូទៅមិនត្រូវបានផ្តល់ជាមូលនិធិដោយផ្ទាល់ទេ។ កម្មវិធីនេះ ភាគច្រើនត្រូវបានផ្តល់ជូនតាមរយៈអាជ្ញាធរជាតិ ឬអន្តរការីហិរញ្ញវត្ថុ ដូចជាធនាគារ និងគ្រឹះស្ថាន​វិនិយោគ​ទុន​​ដែលផ្តល់មូលនិធិតាមរយៈឧបករណ៍ហិរញ្ញវត្ថុ។ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា គម្រោងហិរញ្ញប្បទានទ្រទ្រង់​សហគ្រាសធុនតូច និង​មធ្យម ​ គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។ សហគ្រិនទូទៅអាចប្រើប្រាស់គម្រោងហិរញ្ញប្បទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មី។ គម្រោង​ហរិញ្ញប្បទានសហគ្រាស​ធុនតូច គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច ជាគម្រោងហិរញ្ញប្បទានគ្មានទ្រព្យធានា ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូចទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ អត្រាការប្រាក់ទាប។ គម្រោង​​ហរិញ្ញប្បទានសហគ្រិនស្ត្រីកម្ពុជា គម្រោងហិរញ្ញប្បទានសហគ្រិនស្រ្តី ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសជាស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។ សហគ្រិនជាស្រ្តីអាចប្រើប្រាស់គម្រោងហិរញ្ញប្បទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មីបាន។ គម្រោងហិរញ្ញប្បទានសម្រាប់វិស័យឌីជីថល និងទំនើបកម្ម គម្រោងហិរញ្ញប្បទានវិស័យឌីជីថល និងទំនើបកម្ម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសស្ថិតក្នុងវិស័យឌីជីថល និងទំនើបកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។ គម្រោងសហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) គឺជាផ្នែកមួយនៃការគាំទ្រសម្រាប់ការអនុវត្ត "ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីការស្តារសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១ -២០២៣"។ ដើម្បីលើកកម្ពស់ និងពង្រឺងឲ្យមានការងើបឡើងវិញនៃវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចអនុវត្តគម្រោងនេះ ដើម្បីដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទានសម្រាប់អាជីវកម្មទាក់ទងនឹងវិស័យទេសចរណ៍។ គម្រោង TRCS នឹងគាំទ្រ (ក) ដំណើរការអាជីវកម្មឡើងវិញ (ខ) ការកែលម្អ និងទំនើបកម្ម និង (គ) ការពង្រឹង និងធ្វើពិពិធកម្មសេវាកម្មទេសចរណ៍ ដើម្បីរៀបចំសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងវិបត្តិក្រោយកូវីដ-១៩។ អតិថិជនគោលដៅនៃគម្រោង TRCS មានដូចជា: (១). អាជីវកម្មសណ្ឋាគារ (២). អាជីវកម្មផ្ទះសំណាក់ (៣). អាជីវកម្មភោជនីយដ្ឋាន (៤). អាជីវកម្មគាំទ្រដល់វិស័យទេសចរណ៍។ កម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍ នៅខេត្តសៀមរាប «គម្រោងហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍» ត្រូវបានដាក់ឲ្យដំណើរការ និងអនុវត្តន៍កាលពីថ្ងៃទី១៣ ខែវិច្ឆុកា ឆ្នាំ២០២៣ ដោយផ្ទាល់ ដោយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ផ្តល់ការគាំទ្រដល់សហគ្រាស ឬអាជីវកម្មគោលដៅដែលបាន និងកំពុងប្រតិបត្តិការ នៅខេត្តសៀមរាប (ទោះចុះបញ្ជីនៅរាជធានី ឬខេត្តណាក៏ដោយ) ដើម្បីបម្រើសេវាកម្មដោយផ្ទាល់ ឬប្រយោលជូនដល់ទេសចរជាតិ និងអន្តរជាតិដូចជា៖ (ក) បដិសណ្ឋារកិច្ច និងការកម្សាន្ត ដែលបម្រើដល់គោលដៅទេសចរណ៍ (ខ) ការផ្គត់ផ្គង់ផលិតផល និងសេវាកម្ម ដែលគាំទ្រដល់វិស័យទេសចរណ៍ (គ) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលគាំទ្រដល់វិស័យទេសចរណ៍។ សម្រាប់ព័ត៌មានបន្ថែម ឬស្វែងរកគម្រោងហរិញ្ញប្បទានផ្សេងៗ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ធនាគាសហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា​

ការចាប់ផ្តើមអាជីវកម្មថ្មី

តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម