អាជីវកម្មទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ត្រូវគោរពតាមច្បាប់របស់កម្ពុជា ទាក់ទងនឹងការចុះបញ្ជី ច្បាប់ស្តីពីពន្ធដារ និងច្បាប់ស្តីពីការងារ។ ក្នុងនាមជាម្ចាស់អាជីវកម្ម វាជាទំនួលខុសត្រូវរបស់អ្នក ក្នុងការធានាថាអ្នកគោរពតាមលក្ខខណ្ឌតម្រូវនានា នៅពេលចុះបញ្ជី និងនៅពេលដំណើរការពាណិជ្ជកម្ម។ ផ្នែកនេះផ្តល់នូវព័ត៌មានចាំបាច់ រួមបញ្ចូលទាំងផែនទីបង្ហាញផ្លូវ និងឯកសារគំរូដើម្បីសម្រួលដំណើរការចុះបញ្ជី និងធ្វើប្រតិបត្តិការអាជីវកម្មដោយស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វាធ្វើឱ្យអ្នកយល់ដឹងកាន់តែច្បាស់អំពីស្តង់ដារ អាជ្ញាបណ្ណ ពន្ធដារ ការអនុលោមតាមច្បាប់ នីតិវិធីនាំចូល និងនាំចេញ ដែលចាំបាច់សម្រាប់ប្រភេទអាជីវកម្មរបស់អ្នក។
សូមចុចលើចំណងជើងរងនីមួយៗសម្រាប់ព័ត៌មានលម្អិតបន្ថែម។
ប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ និងរីកចម្រើន ហើយអាជីវកម្មថ្មីៗជាច្រើនកំពុងត្រូវបានបង្កើតឡើង។ សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងស្រុកជារឿយៗ មិនសូវយល់ច្បាស់ពីនីតិវិធីច្បាប់ទាំងអស់ទេ ហើយក៏មិនសូវយល់ពីរបៀបចុះបញ្ជីអាជីវកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការបង្កើតអាជីវកម្មនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួល តាមរយៈការដាក់ឱ្យដំណើរការថ្នាលចុះបញ្ជីឌីជីថល។ ថ្នាលបច្ចេកវិទ្យាព័ត៌មាននេះត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងខែមិថុនា ឆ្នាំ២០២០។ វានឹងជួយសម្រួលអោយការចុះបញ្ជីប្រព្រឹត្តទៅដោយរលូន តាមរយៈដំណើរការកាន់តែលឿន សន្សំសំចៃ និងងាយស្រួលជាងមុន។ សហគ្រាសធុនតូច និងមធ្យមត្រូវធ្វើ ការចុះបញ្ជី និងអាជ្ញាបណ្ណចាំបាច់មួយចំនួន។ ចំនួនអាជ្ញាបណ្ណ និងអធិការកិច្ចអាស្រ័យទៅលើប្រភេទអាជីវកម្ម ទំហំប្រតិបត្តិការ និងទីតាំងអាជីវកម្ម។ នេះគឺជាបញ្ជីអាជ្ញាបណ្ណ/វិញ្ញាបនបត្រដែលតម្រូវឱ្យមាន៖ (ក) វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (ការចុះបញ្ជីពាណិជ្ជកម្ម) (ខ) លិខិតអនុញ្ញាតបង្កើតរោងចក្រ & សិប្បកម្មខ្នាតតូច និងមធ្យម (គ) វិញ្ញាបនបត្រអនុញ្ញាតដំណើរការ រោងចក្រ & សិប្បកម្មខ្នាតតូច និងមធ្យម (ឃ) អាជ្ញាបណ្ណសម្រាប់ប្រើសញ្ញា ចុះបញ្ជីផលិតផល "ច.ប.ផ" (ង) អាជ្ញាបណ្ណសម្រាប់ប្រើប្រាស់ វិញ្ញាបនបត្រផលិតផល ម៉ាកស្ដង់ដារកម្ពុជា (ច) ការចុះបញ្ជីពន្ធសម្រាប់ពន្ធប៉ាតង់ លេខអាករលើតម្លៃបន្ថែម និងពន្ធប្រថាប់ត្រា (ឆ) អាជ្ញាបណ្ណអនុញ្ញាតទីតាំង (ជ) ការចុះបញ្ជីសម្រាប់ការបើកសហគ្រាស សៀវភៅបញ្ជីការអាជីវកម្ម ប្រាក់ខែបុគ្គលិក និង វិធានការងារផ្ទៃក្នុង (ក្នុងរយៈពេល ៣០ ថ្ងៃ) (ឈ) ការចុះបញ្ជីពាណិជ្ជសញ្ញា (ជាជម្រើស) (ញ) លិខិតអនុញ្ញាតពន្ធលើស្លាកយីហោ (ដ) លិខិតអនុញ្ញាតលើកស្លាកយីហោ តើខ្ញុំអាចធ្វើការចុះបញ្ជីនៅឯណា? អ្នកអាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទាំងនេះដូចខាងក្រោម៖ ចំពោះវិញ្ញាបនបត្រអនុញ្ញាតដំណើរការ រោងចក្រ និងសិប្បកម្មខ្នាតតូច និងមធ្យម និងលិខិតអនុញ្ញាតបង្កើតរោងចក្រ និងសិប្បកម្មខ្នាតតូច និងមធ្យម លោកអ្នកអាចដាក់ពាក្យស្នើសុំនៅអគ្គនាយកដ្ឋានសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្ម នៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានី-ខេត្ត ឬតាមរយៈប្រព័ន្ធ CamDX www.msme.misti.gov.kh សម្រាប់វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (ការចុះបញ្ជីពាណិជ្ជកម្ម) អ្នកអាចចុះបញ្ជីតាមរយៈតំណភ្ជាប់នេះ៖ www.registrationservices.gov.kh ឬអ្នកអាចទៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម/មន្ទីរពាណិជ្ជកម្មរាជធានីខេត្តដើម្បីស្វែងរកជំនួយក្នុងការចុះបញ្ជីអាជីវកម្ម។ ចំពោះអាជ្ញាបណ្ណប្រើប្រាស់ស្លាកវិញ្ញាបនបត្រចុះបញ្ជីផលិតផល ច.ប.ផ និងស្តង់ដារកម្ពុជា អ្នកអាចដាក់ពាក្យស្នើសុំនៅវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) នៅរាជធានីភ្នំពេញ។ ចំពោះការចុះបញ្ជីពន្ធសម្រាប់ពន្ធប៉ាតង់ លេខអាករលើតម្លៃបន្ថែម និងពន្ធប្រថាប់ត្រា អ្នកអាចដាក់ពាក្យស្នើសុំនៅអគ្គនាយកដ្ឋានពន្ធដាររាជធានីភ្នំពេញ ឬសាខាពន្ធដារខេត្ត។ ចំពោះអាជ្ញាបណ្ណអនុញ្ញាតទីតាំង អ្នកអាចដាក់ពាក្យស្នើសុំនៅសាលារាជធានីភ្នំពេញ។ ចំពោះការចុះបញ្ជីសម្រាប់ការបើកសហគ្រាស សៀវភៅបញ្ជីការអាជីវកម្ម ប្រាក់ខែបុគ្គលិក និងវិធានការងារផ្ទៃក្នុង អ្នកអាចចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MoLVT) ឬ ការចុះបញ្ជីអនឡាញដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះការចុះបញ្ជីពាណិជ្ជសញ្ញា អ្នកអាចចុះបញ្ជីនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្មខេត្ត។ ចំពោះលិខិតអនុញ្ញាតពន្ធនៅលើស្លាកយីហោ អ្នកអាចដាក់ពាក្យស្នើសុំនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត។ ចំពោះលិខិតអនុញ្ញាតលើកស្លាកយីហោ អ្នកអាចដាក់ពាក្យស្នើសុំទៅសាលារាជធានីភ្នំពេញ។ តើខ្ញុំគួររំពឹងថានឹងមានការធ្វើអធិការកិច្ចអ្វីខ្លះ? នៅពេលដំណើរការអាជីវកម្មរបស់អ្នក អ្នកគួរតែរំពឹងថានឹងមានអធិការកិច្ចដូចខាងក្រោម៖ (១) អធិការកិច្ចគុណភាពផលិតផលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (២) អធិការកិច្ចទីតាំងដោយសាលារាជធានីភ្នំពេញ (៣) អធិការកិច្ចអនាម័យប្រតិបត្តិការដោយក្រសួងសុខាភិបាល (៤) អធិការកិច្ចសុវត្ថិភាពអគ្គីភ័យ និងសន្តិសុខដោយក្រសួងមហាផ្ទៃ (៥) អធិការកិច្ចអនុលោមភាពការងារដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ (៦) អធិការកិច្ចបរិស្ថានដោយក្រសួងបរិស្ថាន និង (៧) អធិការកិច្ចអាជ្ញាធរមូលដ្ឋានដោយក្រសួងមហាផ្ទៃ ប្រសិនបើអ្នកមិនច្បាស់ថាតើអាជ្ញាបណ្ណណាដែលត្រូវមានសម្រាប់អាជីវកម្មជាក់លាក់ លោកអ្នកអាចស្វែងរកជំនួយបានពី អ្នកផ្គត់ផ្គង់សេវាឯកទេស។ នៅក្រោមផ្នែក អ្នកផ្គត់ផ្គង់សេវា អ្នកអាចរកអ្នកផ្គត់ផ្គង់សេវាកម្មក្នុងស្រុកលើវិស័យផ្សេងៗ។ អ្នកអាចស្វែងរក និងទទួលបានព័ត៌មានយ៉ាងងាយស្រួល ទាក់ទងនឹងអ្នកផ្គត់ផ្គង់សេវា រួមនឹងព័ត៌មានចាំបាច់នានាសម្រាប់ការពង្រីកអាជីវកម្មរបស់អ្នកប្រកបដោយប្រសិទ្ធភាព។
ផ្នែកនេះផ្តល់នូវព័ត៌មាន ឯកសារ គោលការណ៍ណែនាំ និងនីតិវិធីសម្រាប់ការនាំទំនិញចូលក្នុង និងចេញពីប្រទេសកម្ពុជា តាមផ្លូវសមុទ្រ/ទឹក ផ្លូវអាកាស និងផ្លូវគោក។ យើងក៏ផ្តល់ជូននូវតំណភ្ជាប់ទៅកាន់ទម្រង់ពាក្យសុំសម្រាប់ការចាប់ផ្តើមដំណើរការនាំចូល និងនាំចេញផងដែរ។ លើសពីនេះទៀត ផ្នែកនេះផ្តល់នូវ ព័ត៌មានបច្ចុប្បន្នភាព និងព័ត៌មានស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជា និងរដ្ឋដទៃទៀត និងបរិយាយលម្អិតអំពីស្តង់ដារជាក់លាក់ក្នុងការនាំចេញ និងនាំចូលពីប្រទេសជាក់លាក់ណាមួយ ដែលធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។ នៅក្នុងផ្នែកនេះ យើងពន្យល់អំពីឧត្ដមានុវត្តន៍សម្រាប់ការនាំចូល និងការនាំចេញពីប្រទេសកម្ពុជា ទន្ទឹម នឹងនោះគូសបញ្ជាក់អំពីនីតិវិធីជាក់លាក់សម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេស និងការបំពេញបែប បទឆ្លងកាត់។ ការចុះបញ្ជី ទាំងអ្នកនាំចូល និងអ្នកនាំចេញត្រូវចុះបញ្ជីនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មកម្ពុជា ដែលស្ថិតក្រោមក្រសួងពាណិជ្ជកម្ម។ ប្រទេសកម្ពុជាប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (ASYCUDA) ដែលបង្កើតឡើងស្របតាមសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ។ ដើម្បីចុះបញ្ជីក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ អ្នកនាំចូល និងអ្នកនាំចេញត្រូវមានលេខអត្តសញ្ញាណកម្មអ្នកជាប់ពន្ធ។ ដើម្បីទទួលបានលេខអត្តសញ្ញាណកម្មអ្នកជាប់ពន្ធ អ្នកនាំចូល និងនាំចេញត្រូវចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាចុងក្រោយ អ្នកនាំចូល និងអ្នកនាំចេញត្រូវចុះបញ្ជីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ បន្ទាប់មកទៀត អ្នកនាំចូល និងអ្នកនាំចេញត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែមនៅអគ្គនាយកដ្ឋានពន្ធដារ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ។ អ្នកនាំចូល និងអ្នកនាំចេញដែលធ្វើប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសត្រូវដាក់ពាក្យស្នើសុំ ទៅនាយកដ្ឋានគ្រប់គ្រងតំបន់សេរីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅក្នុងរាជធានីភ្នំពេញ។ ឯកសារតម្រូវ សម្រាប់អ្នកនាំចូល អាជីវកម្មដែលនាំចូលមកក្នុងប្រទេសកម្ពុជាត្រូវផ្តល់នូវឯកសារដូចខាងក្រោមនៅពេលបញ្ជូនទំនិញរបស់ពួកគេមកដល់៖ លិខិតប្រកាសគយនាំចូលវិក្កយបត្រពាណិជ្ជកម្មបញ្ជីវេចខ្ចប់ឯកសារដឹកជញ្ជូនផ្លូវគោក (ប្រសិនបើដឹកជញ្ជូនតាមផ្លូវគោក)អញ្ញាត្តិប័ណ្ណ (ប្រសិនបើដឹកជញ្ជូនតាមផ្លូវសមុទ្រ)លិខិតអនុញ្ញាតនាំចូលវិញ្ញាបនបត្រធានារ៉ាប់រងវិញ្ញាបនបត្រពន្ធវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងលិខិតចុះបញ្ជីក្រុមហ៊ុន សម្រាប់អ្នកនាំចេញ អាជីវកម្មនាំចេញពីប្រទេសកម្ពុជាត្រូវផ្តល់នូវឯកសារដូចខាងក្រោមមុនពេលបញ្ជូនទំនិញរបស់ខ្លួនចេញ៖ លិខិតប្រកាសគយសម្រាប់ការនាំចេញវិក្កយបត្រពាណិជ្ជកម្មបញ្ជីវេចខ្ចប់ឯកសារដឹកជញ្ជូនផ្លូវគោក (ប្រសិនបើដឹកជញ្ជូនចេញតាមផ្លូវគោក)អញ្ញាត្តិប័ណ្ណ (ប្រសិនបើដឹកជញ្ជូនចេញតាមផ្លូវសមុទ្រ)បង្កាន់ដៃលើកដាក់នៅទីតាំងចុងក្រោយ (ប្រសិនបើដឹកជញ្ជូនចេញតាមផ្លូវសមុទ្រ)វិញ្ញាបនបត្រធានារ៉ាប់រងលិខិតអនុញ្ញាតនាំចេញ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ឯកសារបន្ថែមសម្រាប់ការនាំចូល និងនាំចេញមួយចំនួន រាល់គ្រឿងបរិភោគ សារធាតុគីមី ថ្នាំពេទ្យ និងបរិក្ខារអគ្គិសនី (ឬអេឡិចត្រូនិក) ទាំងអស់ដែលនាំចូលមក ប្រទេសកម្ពុជាត្រូវឆ្លងកាត់ការវាយតម្លៃមុនការមកដល់។ ការវាយតម្លៃនេះធ្វើឡើងដោយអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រាបការក្លែងបន្លំ (ក.ប.ប)។ រាល់សត្វ (រស់ ឬងាប់) ព្រមទាំងផលិតផលសត្វទាំងអស់ត្រូវមានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ រាល់រុក្ខជាតិ និងផលិតផលរុក្ខជាតិទាំងអស់ត្រូវមានវិញ្ញាបនបត្រភូតគាមអនាម័យ ចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បញ្ជីពេញលេញនៃទំនិញនាំចូល និងនាំចេញដែលមានលេខកូដគយ HS ត្រឹមត្រូវ អត្រាពន្ធគយ និងវិធានបន្ថែមអាចរកបាននៅទីនេះ ។ វិក្កយបត្រពាណិជ្ជកម្ម បញ្ជីវេចខ្ចប់វិញ្ញាបនបត្រធានារ៉ាប់រង និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ទំនិញឆ្លងកាត់មិនត្រូវបានគិតពន្ធនាំចូល ឡើយ។ ប៉ុន្តែ មូលប្បទានបត្រ ឬលិខិតធានាដែលចេញដោយគ្រឹះស្ថានហិរញ្ញវត្ថុត្រូវផ្តល់ជូនជាការធានា។ ទំនិញឆ្លងកាត់ប្រទេសកម្ពុជាត្រូវបញ្ជូនតាមផ្លូវដែលកំណត់ដោយមន្រ្តីគយ។ ពន្ធគយ និងអាករ ប្រទេសកម្ពុជាប្រើកូដប្រព័ន្ធសុខដុមនីយកម្ម ៨ ខ្ទង់ (កូដគយ HS) ស្របតាមអង្គការគយពិភពលោក។ ការចាត់ថ្នាក់ពន្ធគយរបស់កម្ពុជាគឺស្របតាមតារាងពន្ធគយសុខដុមនីយកម្មរបស់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ សម្រាប់អ្នកនាំចូល ប្រទេសកម្ពុជាអនុវត្តអត្រាពន្ធគយចន្លោះពី ០ ទៅ ៣៥ ភាគរយ។ ជាធម្មតា ទំនិញបឋម និងវត្ថុធាតុដើមត្រូវបង់ពន្ធ ៧ ភាគរយ។ ទំនិញប្រើប្រាស់សម្រាប់ផលិតកម្ម និងវត្ថុធាតុដើមដែលអាចរកបានក្នុងស្រុក មានអត្រាពន្ធគយ ១៥ ភាគរយ ហើយផលិតផលសម្រេច ព្រមទាំងគ្រឿងស្រវឹង ប្រេងឥន្ធនៈ យានជំនិះ និងលោហៈធាតុមានតម្លៃមានអត្រាពន្ធគយ ៣៥ ភាគរយ។ ចំពោះការបែងចែកអត្រាពន្ធគយតាមមុខទំនិញ សូមចូលមើល គេហទំព័ររបស់និហិតដ្ឋានជាតិព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្មកម្ពុជា។ ទំនិញដូចជាសម្ភារ: កសិកម្ម សម្ភារ:សិក្សា ផលិតផលឱសថ និង បរិក្ខាកីឡាត្រូវបានលើកលែងពន្ធគយលើទំនិញនាំចូល។ ប្រទេសកម្ពុជាគិតអាករលើតម្លៃបន្ថែម ១០ ភាគរយលើគ្រប់មុខទំនិញនាំចូលទាំងអស់។ កម្ពុជាក៏គិតពន្ធពិសេសលើទំនិញនាំចូលមួយចំនួនផងដែរ។ សម្រាប់អ្នកនាំចេញ កម្ពុជាយកពន្ធនាំចេញលើទំនិញដែលនាំចេញពីប្រទេសក្នុងអត្រាចន្លោះពី ០ ទៅ ៥០ ភាគរយ។ តំបន់សេដ្ឋកិច្ចពិសេស (SEZs) ប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៣៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយរាប់ទាំងតំបន់សេដ្ឋកិច្ចពិសេសនៅកំពង់ផែក្រុងព្រះសីហនុផងដែរ។ អាជីវកម្មដែលធ្វើប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះអាចនាំចូលវត្ថុធាតុដើម និងបរិក្ខារផលិតកម្មដោយមិនចាំបាច់បង់ពន្ធនាំចូល និងត្រូវបានលើកលែងអាករលើតម្លៃបន្ថែមលើការនាំចូល និងនាំចេញ។ ដូចដែលបានរៀបរាប់ខាងលើ អ្នកនាំចូល និងអ្នកនាំចេញដែលធ្វើប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសត្រូវការឯកសារបន្ថែម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា គឺជាដៃគូនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន និងជាសមាជិកនៃកិច្ចព្រមព្រៀងចំនួន ៥ ស្ដីពីពាណិជ្ជកម្មសេរីក្នុងតំបន់ តាមរយៈអាស៊ាន ជាមួយ៖ អូស្ត្រាលីចិនឥណ្ឌាជប៉ុន និងកូរ៉េ ដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ អ្នកនាំចេញ និងអ្នកនាំចូលត្រូវ ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ខ្លួនពីនាយកដ្ឋាននាំចេញ-នាំចូល។ ប្រទេសកម្ពុជាបានបង្កើត និហិតដ្ឋានជាតិព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្ម សម្រាប់ជាប្រភពនៃព័ត៌មានស្តីពីបទប្បញ្ញត្តិទាំងអស់សម្រាប់ពាណិជ្ជករដើម្បីនាំចូល និងនាំចេញទំនិញ។ អ្នកអាចស្វែងយល់ទិដ្ឋភាពទូទៅទាក់ទងនឹងការពិពណ៌នាលម្អិតស្ដីពីដំណើរការបញ្ចេញទំនិញពីគយ នៅក្នុងសៀវភៅណែនាំស្តីពីការបញ្ចេញទំនិញពីគយ និងឯកសារផ្លូវការពាក់ព័ន្ធផ្សេងទៀតដូចខាងក្រោម។
ស្តង់ដារផ្តល់នូវលក្ខណៈបច្ចេកទេស (គោលការណ៍ណែនាំ ឬលក្ខខណ្ឌតម្រូវ) សម្រាប់ផលិតផល ដំណើរការផលិតកម្ម និងសេវាកម្ម។ ប្រសិនបើស្តង់ដារត្រូវបានប្រើប្រាស់ វានឹងធានាបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ការកាត់បន្ថយចំណាយ និងភាពងាយស្រួលក្នុងការធ្វើសមាហរណកម្មក្រុមហ៊ុនទៅក្នុងខ្សែច្រវាក់តម្លៃ និងពាណិជ្ជកម្មថ្នាក់ជាតិ ក៏ដូចជាសកលលោក។ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ ការដាក់យកស្តង់ដារនីយកម្មជាឧបករណ៍ដ៏មានឥទ្ធិពល និងជាយុទ្ធសាស្ត្រសម្រាប់ការកែលម្អប្រសិទ្ធភាពនៃអាជីវកម្មកម្ពុជា។ ដើម្បីបង្ហាញថាផលិតផលរបស់ពួកគេអនុលោមតាមស្តង់ដារជាតិនីមួយៗ សហគ្រាសធុនមីក្រូ តូច និងមធ្យម និងជាពិសេសសហគ្រាសធុនមធ្យម ត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្រស្តង់ដារដែលទាក់ទងនឹងឧស្សាហកម្ម ឬពាណិជ្ជកម្មរបស់ខ្លួន តាមរយៈវិទ្យាស្ថានស្ដង់ដារកម្ពុជា ។ ផ្នែកនេះនឹងផ្តល់ព័ត៌មានសម្រាប់ជួយអ្នកនៅក្នុងការធានាថា អាជីវកម្ម របស់អ្នក អនុលោម តាមស្តង់ដារកម្ពុជា ស្តង់ដារអន្តរជាតិ និងបទបញ្ញាត្តិបច្ចេកទេសរបស់កម្ពុជា។ តើវិទ្យាស្ថានស្ដង់ដារកម្ពុជាកំពុងធ្វើអ្វី? វិទ្យាស្ថានស្តង់ដារកម្ពុជាយកចិត្តទុកដាក់ជាពិសេសចំពោះស្តង់ដារនីយកម្ម ពីព្រោះស្តង់ដារអាចជះឥទ្ធិពលលើវិស័យសាធារណៈជាច្រើន ដូចជាភាពប្រកួតប្រជែងនៃឧស្សាហកម្ម ដំណើរការទីផ្សារ ការការពារ បរិស្ថាន សុខភាពមនុស្ស និងនវានុវត្តន៍។ វិទ្យាស្ថានស្តង់ដារកម្ពុជាគឺជាស្ថាប័នដែលទទួលខុសត្រូវលើការរៀបចំស្តង់ដារជាតិ និងគោលការណ៍ណែនាំស្ដីពី ផលិតផល ទំនិញ សម្ភារៈ សេវាកម្ម និងប្រតិបត្តិការ។ វិទ្យាស្ថានស្តង់ដារកម្ពុជាគឺជាសមាជិករបស់អង្គការស្តង់ដារអន្តរជាតិ (ISO) ហើយអាចលក់ និងអនុម័តស្តង់ដារ ISO នៅក្នុងប្រទេសបាន។ វិញ្ញាបនបត្រកម្មដោយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ (STINL) ទាក់ទងនឹងសេវាកម្មដែលផ្តល់ជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងជាពិសេសសហគ្រាសធុន មធ្យម វិទ្យាស្ថានស្ដង់ដារកម្ពុជាផ្តល់សេវាកម្មធ្វើតេស្ត តាមរយៈមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ខ្លួន ដែលក៏ជាស្ថាប័នវិញ្ញាបនបត្កម្មកម្ពុជាផងដែរ។ វិទ្យាស្ថានស្ដង់ដារកម្ពុជា និងមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផ្តល់ជូននូវសេវាកម្មបណ្តុះបណ្តាល និងប្រឹក្សាយោបល់ទាក់ទងនឹងស្តង់ដារ ដូចជា ISO ៩០០១ ISO ២២០០០ HACCP ក្បួនអនុវត្តន៍ អនាម័យល្អ (GHP) និងក្បួនអនុវត្តន៍ ផលិតកម្មល្អ (GMP) ។ ព័ត៌មាន អំពីបទបញ្ញត្តិ ទាំងនេះអាចរកបានដោយមិនគិតថ្លៃ។ ឯកសារស្តង់ដារត្រូវបានផ្តល់ជូនដោយគិតកម្រៃតិចតួចសម្រាប់ការរក្សាសិទ្ធិ។ វិទ្យាស្ថានស្តង់ដារកម្ពុជា ផ្តល់សេវាវិញ្ញាបនបត្រកម្មស្តង់ដារ តាមរយៈការធ្វើតេស្ត និងវាស់វែងដើម្បីកំណត់គុណភាព និងលក្ខណៈផលិតផល ដោយផ្អែកលើស្តង់ដារ ISO ជាតិ និងអន្តរជាតិ។ ការអនុវត្តការវាស់វែងដែលទទួលស្គាល់ជាសាកលដោយមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិកម្ពុជា (NMC) មាត្រាសាស្ត្រគឺជាវិទ្យាសាស្ត្រវាស់វែង និងបង្កើតការយល់ដឹងជាទូទៅអំពីឯកត្តា ដូចជាទំហំ ប្រវែង ទម្ងន់។ល។ វាផ្តល់នូវសុក្រិតភាព គុណភាព និងសុវត្ថិភាពដើម្បីរក្សាទីផ្សារឱ្យបន្តមានភាពប្រកួតប្រជែង និងធានាថាផលិតផលនានាអាច ប្រៀបធៀបនៅទូទាំងពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជាយកមាត្រាសាស្ត្រជាឧបករណ៍ដ៏សំខាន់ក្នុងការលើកកម្ពស់នវានុវត្តន៍ និងភាពប្រកួតប្រជែងក្នុងឧស្សាហកម្ម តាមរយៈការជំរុញភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រវាស់វែង ស្តង់ដារ និងបច្ចេកវិទ្យាដែលមានការទទួលស្គាល់ជាអន្តរជាតិ។ មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិកម្ពុជាទទួលខុសត្រូវលើរាល់ការងារមាត្រា សាស្ត្រដែលកំណត់ដោយច្បាប់ស្ដីពីមាត្រាសាស្ត្រកម្ពុជា និងធានាថាមាត្រាសាស្ត្ររួមចំណែកនៅក្នុងការ ប្រកួតប្រជែងដោយស្មើភាព គុណភាពផលិតផល ការពង្រឹងនវានុវត្តន៍ ការកាត់បន្ថយរបាំងបច្ចេកទេស និងការពារ បរិស្ថាន និងសុខមាលភាពសាធារណៈ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ក្នុងនាមជាសមាជិកនៃអង្គការអន្តរជាតិ និងតំបន់ មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិកម្ពុជាអាចផ្តល់សច្ចាប័នលើស្តង់ដារជាតិដែលចែកចេញជាបីប្រភេទ គឺស្តង់ដារបឋម ស្ដង់ដារមធ្យម និងស្តង់ដារការងារថ្នាក់ជាតិ។ ក្រោមជំនួយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ ដោយមានការគាំទ្រពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហព័ន្ធ (BMZ) មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិកម្ពុជាគឺជាដៃគូនៃគម្រោង“ពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពក្នុងតំបន់អាស៊ាន” អនុវត្តដោយវិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ (PTB) ចន្លោះពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០២១ ។ ពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រាសធុនមធ្យម មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិកម្ពុជារួមចំណែកដល់ការអនុវត្តប្រព័ន្ធវាស់វែងជាសកល ដែលផ្តល់នូវវិញ្ញាបនបត្រទទួលស្គាល់ជាសកល។ មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិកម្ពុជាក៏ផ្តល់សេវាកម្មប្រឹក្សាយោបល់ និងបណ្តុះបណ្តាល ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធគុណភាព ស្តង់ដារវាស់វែងក្នុងការធ្វើព្យាសកម្ម ភាពមិនច្បាស់លាស់នៃការវាស់វែង វិធីសាស្ត្រសុពលកម្មបែបវិភាគ និងការពិនិត្យផ្ទៀងផ្ទាត់នីតិវិធីតេស្ត ព្រមទាំង ការចុះបញ្ជីមាត្រាសាស្ត្រ ការពិនិត្យផ្ទៀងផ្ទាត់ ការធ្វើព្យាសកម្ម និង អាជ្ញាបណ្ណ។ ទម្រង់ពាក្យស្នើសុំ និងតម្រូវការឯកសារ មានភាពខុសប្លែកគ្នាសម្រាប់សេវាកម្មនីមួយៗ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ វិទ្យាស្ថានស្ដង់ដារកម្ពុជា
ពន្ធដារគឺជាកិច្ចការគោលនយោបាយដែលពិបាកមួយសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ប៉ុន្តែជាបញ្ហាមួយដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានការព្រួយបារម្ភជាច្រើនអំពីបញ្ហាពន្ធដារ ឧទាហរណ៍៖ ពន្ធប្រយោល (អាករលើតម្លៃបន្ថែម) ពន្ធផ្ទាល់ (ចំណូល ដើមទុន ការយកពន្ធត្រួតគ្នា ។ល។) ចំណាយលើការអនុលោមតាមពន្ធដារ និង ការគ្រប់គ្រងដំណើរការអនុលោមតាមពន្ធដារ។ ក្នុងផ្នែកនេះ អ្នកអាចចូលមើលព័ត៌មានដែលអ្នកត្រូវការទាក់ទងនឹងបទបញ្ញតិ្តរបស់រដ្ឋាភិបាល ស្តីពីពន្ធដារ និងស្វែងយល់បន្ថែមអំពីកាតព្វកិច្ច និងសិទ្ធិសារពើពន្ធរបស់អ្នកក្នុងនាមជាម្ចាស់អាជីវកម្មនៅកម្ពុជា។ ប្រសិនបើអ្នកនៅតែមិនប្រាកដអំពីជំហានចាំបាច់ណាមួយ អ្នកអាចស្វែងរកជំនួយពីអ្នកផ្គត់ផ្គង់សេវាឯកទេស (សូមមើលផ្នែកអ្នកផ្គត់ផ្គង់សេវា ) ។ បទបញ្ញាតិ្តសំខាន់ៗរបស់រដ្ឋាភិបាលស្តីពីពន្ធដារសម្រាប់សហគ្រាសធុនមីក្រូតូចនិងមធ្យម មានដូចជា៖ យន្ដការប្រព័ន្ធលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (ចាប់ពីខែតុលា ឆ្នាំ២០១៨)- អនុក្រឹត្យលេខ ១២៤ ផ្តល់ការលើកលែងពន្ធចំពោះពន្ធលើប្រាក់ចំណូលពី ៣ ទៅ ៥ ឆ្នាំ និងផ្តល់ការលើកទឹកចិត្តបន្ថែមសម្រាប់ការចំណាយដែលអាចកាត់កងបាន ក្នុងវិស័យអាទិភាពចំនួន ៦ រួមមាន (១)កសិ-ឧស្សាហកម្ម (២)ផលិត និងកែច្នៃម្ហូបអាហារ (៣)កម្មន្តសាសដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតផលទំនិញសម្រាប់វិស័យទេសចរណ៍ (៤)កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ឬផ្នែកឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឲ្យកម្មន្តសាលដទៃទៀត (៥)ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គងសេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍ (៦)សហគ្រាសដែលស្ថិតក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ។ ពន្ធគយ(អនុក្រឹត្យលេខ ៥០) ចុះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ផ្តល់ការលើកទឹកចិត្តផ្នែកគយចំពោះសហគ្រាសធុនតូច និងមធ្យម។ សហគ្រាសធុនតូច និងមធ្យមដែលទទួលបានការលើកទឹកចិត្តលើពន្ធគយរួមមាន៖ (១) សហគ្រាសផលិត និងផ្គត់ផ្គង់ទឹកស្អាត (២) សហគ្រាសបម្រើឲ្យការនាំចេញ (៣) សហគ្រាសជាប្រភេទឧស្សាហកម្មគាំទ្រ (៤) សហគ្រាសបម្រើតម្រូវការក្នុងស្រុក (៥) ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន។ សហគ្រាសទាំងនេះអាចទទួលបានការលើកលែងពន្ធគយលើការនាំចូលឧបករណ៍ផលិតកម្ម ឧបករណ៍សំណង់ និងវត្ថុធាតុដើម / ធាតុផលិតកម្មផលិតកម្មផ្សេងទៀត។ ការលើកទឹកចិត្តផ្នែកពន្ធលើការចុះបញ្ជីពន្ធដោយស្ម័គ្រចិត្ត (អនុក្រឹត្យលេខ១៧) កំណត់យន្តការលើកទឹកចិត្តផ្នែកពន្ធដែលត្រូវផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមសម្រាប់ការ លើកទឹកចិត្តឱ្យពួកគេចុះបញ្ជីពន្ធដោយស្ម័គ្រចិត្ត ដើម្បីបង្កើតប្រព័ន្ធពន្ធមួយប្រកបដោយតម្លាភាព និងយុត្តិធម៌។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងអំពីកាតព្វកិច្ចពន្ធ សូមចូលទៅកាន់គេហទំព័រផ្លូវការ អគ្គនាយកដ្ឋានពន្ធដារ
អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។
អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម