ស្រាវជ្រាវទីផ្សារ

ដើម្បីចាប់ផ្តើម និងដំណើរការអាជីវកម្មជោគជ័យ លោកអ្នកត្រូវស្គាល់​ពី​អតិថិជន និងទីផ្សារគោលដៅ។ ការស្រាវជ្រាវទីផ្សារអាចជួយអ្នកឱ្យយល់ និងធ្វើការសម្រេចចិត្តអោយបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ​អំពីទីផ្សារផលិតផល និងសេវាកម្មរបស់អ្នក។

ការស្រាវជ្រាវទីផ្សារមានទម្រង់ខុសៗគ្នា៖ ចម្បង និងបន្ទាប់បន្សំ​។ ការស្រាវជ្រាវចម្បងមានការពាក់ព័ន្ធ​ទៅ​នឹងការប្រមូលព័ត៌មានសំខាន់​តាមរយៈការស្ទង់មតិ កិច្ច​សម្ភាសន៍ និងការជជែក​ជាមួយអតិថិជន (សក្តានុពល) និងអាជីវកម្មដទៃផ្សេងៗទៀត។ ការស្រាវជ្រាវរបស់អ្នកអាចជាលក្ខណះផ្លូវការ ឬក្រៅផ្លូវការ។ ការស្រាវជ្រាវបន្ទាប់បន្សំប្រើប្រាស់ព័ត៌មាន និងទិន្នន័យដែលបានប្រមូល និងវិភាគដោយអ្នកដទៃរួចហើយ។ អ្នកអាចស្រាវជ្រាវទីផ្សាររបស់អ្នកដោយប្រើព័ត៌មាន ដូចជា ស្ថិតិចុះផ្សាយរបស់​រដ្ឋាភិបាល និងឯកសារបោះផ្សាយផ្នែក​ពាណិជ្ជកម្ម។

វាយតម្លៃអតិថិជន​​គោលដៅរបស់លោកអ្នក

គោលបំណងសំខាន់នៃការស្រាវជ្រាវទីផ្សារ គឺដើម្បីស្គាល់អតិថិជនគោលដៅរបស់អ្នក។ អ្នកត្រូវស្គាល់អតិថិជន​ដែល​នឹងទិញផលិតផលរបស់អ្នកហើយហេតុអ្វីបានជាគេទិញផលិតផលនោះ? តើអ្វីទៅជាតម្រូវការ និងបញ្ហាប្រឈមរបស់ពួកគេ? តើអ្នកអាចឆ្លើយតបនឹងបញ្ហាព្រមទាំងតម្រូវការរបស់អតិថិជនដោយរបៀបណា? តើអតិថិជនសម្រេចចិត្តទិញផលិតផល ឬសេវាកម្មរបស់អ្នកដោយរបៀបណា? តើអ្នកអាចរកឃើញ ឬដឹងថាអតិថិជនសំខាន់ៗនៅទីណា ហើយតើអ្នកនឹងទាក់ទងជាមួយពួកគេដោយរបៀបណា?

ស្រាវជ្រាវការប្រកួតប្រជែង និងតិត្ថិភាពនៃទីផ្សារ (ភាពចាល់នៃទីផ្សារ)

អ្នកត្រូវដឹងពីការប្រកួតប្រជែងរបស់អ្នក ដូច្នេះអ្នកអាចទប់ស្កាត់ និងរារាំងគេមិនឱ្យទាក់ទាញយកអតិថិជនរបស់អ្នកបាន។ សូមចងចាំថាការប្រកួតប្រជែងមិនមែនជារឿងអាក្រក់ជានិច្ច​នោះទេ។ សូមចងចាំថា ការប្រកួតប្រជែងមិនមែនជាចំណុចអាក្រក់រហូតនោះទេ​ ប៉ុន្តែវាមានន័យថាផលិតផល និងសេវាកម្មរបស់យើងមានទីផ្សារ ហើយអតិថិជនស្ម័គ្រចិត្ត ឬហ៊ានចំណាយធ្វើ។ សូមធ្វើការរៀនសូត្រ ឱ្យបានច្រើន តាមដែលអ្នកអាចធ្វើទៅ​បានពីរបៀបដែលដៃគូប្រកួតប្រជែងរបស់អ្នកទាក់ទាញអតិថិជន ផ្តល់គុណតម្លៃអ្វីខ្លះដល់​អតិថិជន និងមានអ្វីដែលពួកគេនៅខ្វះខាត។​

ទន្ទឹមនឹងនេះ សូមពិនិត្យមើលភាពចាល់នៃ​ទីផ្សារ។ អ្នកប្រហែលជាគិតថាហាងកាហ្វេ ឬហាងផ្កានៅក្បែរខាង​អ្នក មើលទៅដូចជាគំនិតអាជីវកម្មដ៏អស្ចារ្យ ពី​ព្រោះវាហាក់ដូចជាមានការរីកដុះដាល ​តែអ្នកត្រូវពិចារណា៖ តើមានអតិថិជនគ្រប់គ្រាន់សម្រាប់អាជីវកម្មប្រភេទនេះដែរ ឬទេ? ប្រហែលជាទីផ្សារបានចាល់​អស់ទៅហើយ​ដោយសារអាជីវកម្មដ៏​ច្រើនដែលផ្តល់ជូននូវផលិតផល ឬសេវាកម្មស្រដៀងគ្នា។ ប្រសិនបើអ្នកចង់ចូលទៅក្នុងទីផ្សារចង្អៀត និងមានអាជីវករច្រើនរួចហើយ តើអ្វីជាចំណុចពិសេសរបស់អ្នក ( Unique Selling Proposition)? តើអ្នកនឹងលេចធ្លោ និងខុសពីគេយ៉ាង​ដូចម្តេច? តើអ្នកនឹងមានសេវាកម្មកាន់​តែ​ជំនាញ​ជាងនេះដែរ ឬទេ? តម្លៃទាបជាង? អ្វីដែលគ្មាននរណាម្នាក់អាចផ្តល់ជូនបាន? ការ​ចម្លងតាម​អាជីវកម្ម ឬគំនិត​អាជីវកម្ម មិនមែនជាវិធីជោគជ័យនោះទេ។ អ្នកត្រូវស្គាល់​ពីទំហំ និងចំណែកទីផ្សារ ដែលអ្នកអាចចាប់យកបាន។

បញ្ជាក់គំនិតរបស់អ្នក

ជាគំនិតល្អនៅដំណាក់កាលនេះដែល​ត្រូវ​ធ្វើតេស្ត​គំនិត ផលិតផល ឬសេវាកម្មរបស់អ្នក។ ជជែក​ជាមួយអតិថិជនសក្តានុពល និងទទួលបានមតិប្រតិកម្ម​របស់ពួកគេអំពីផលិតផល ឬសេវាកម្មដែលអ្នកបានស្នើផ្ដល់ជូន​ ហើយមើលថាតើពួកគេចាប់អារម្មណ៍លើវាយ៉ាងដូចម្ដេច​ និងថាតើពួកគេសុខចិត្តចំណាយប្រាក់លើវាដែរ ឬទេ។ អ្នកអាចធ្វើកិច្ចការ​នេះ​បានតាមរយៈការផ្ញើការស្ទង់មតិ ការជជែក​ដោយ​ផ្ទាល់ ឬនៅលើបណ្តាញសង្គម ការផ្សាយពាណិជ្ជកម្ម ឬការព្យាយាមធ្វើយុទ្ធនាការមុនពេលលក់ដើម្បីវាស់ស្ទង់ការចាប់អារម្មណ៍អតិថិជនទៅលើផលិតផលនោះ។ 

គេហទំព័រងាយងាយ ក៏ផ្តល់ជូននូវ​វគ្គសិក្សាជាវីដេអូឥតគិតថ្លៃជាភាសាខ្មែរដើម្បីជួយអ្នករៀបចំយុទ្ធសាស្ត្រទីផ្សារសម្រាប់អាជីវកម្មរបស់លោកអ្នក ។