សរសេរផែនការអាជីវកម្ម

ផែនការអាជីវកម្ម​ គឺជាកត្តាចាំបាច់ ប្រសិនបើអ្នកកំពុងគិតពីការទទួលបានហិរញ្ញប្បទានខាងក្រៅតាមរយៈប្រាក់កម្ចី ឬការវិនិយោគ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិន​បើអ្នកចាប់ផ្តើមពី​តូច ហើយចាប់ផ្តើមជាមួយដើមទុនផ្ទាល់ខ្លួនរបស់អ្នក ផែនការអាជីវកម្មនឹងជួយអ្នកក្នុងការរៀបចំផែនការ៖ តើអ្នកនឹង​ត្រូវការដើមទុនប៉ុន្មានដើម្បីចាប់ផ្តើម របៀបរកប្រាក់ចំណេញ អ្វីដែលអ្នកត្រូវធ្វើ និងអ្វីដែលអ្នកត្រូវធ្វើទៅថ្ងៃ​អនាគត។ សូមគិតថាផែនការអាជីវកម្មគឺជាផែនទីបង្ហាញផ្លូវសម្រាប់អាជីវកម្មរបស់លោកអ្នក និងជាឧបករណ៍ជួយក្នុង​ការ​គ្រប់គ្រងគោលដៅ និងតាមដានវឌ្ឍនភាព​អាជីវកម្មរបស់លោកអ្នក។

ប្រសិនបើលោកអ្នកបានសង្ខេប នូវអាជីវកម្មរបស់ខ្លួនដោយប្រើឧបករណ៍ដូចជាផ្ទាំងគំរូអាជីវកម្ម (Business Model Canvas) រួចហើយ មានន័យថាលោកអ្នកបានជ្រើសយកចំណុចចាប់ផ្តើមដ៏ល្អមួយហើយ។ ការដែល​ផែនការអាជីវកម្មរបស់លោកអ្នកនឹង​មាន​លក្ខណៈ​ផ្លូវការ ឬមានរចនាសម្ពន្ធ​បែបណាក៏ដោយ អាស្រ័យលើថាតើអ្នកមានផែនការ​ប្រើប្រាស់គំរូអាជីវកម្មទាំងនេះ​ដើម្បីបង្កើនដើមទុន ឬគ្រាន់តែទុកប្រើជាឯកសារផ្ទៃក្នុង។

តើមាតិការនៅក្នុងផែនការអាជីវកម្មរបស់អ្នកមានអ្វីខ្លះ?

មានវិធីខុសៗគ្នាក្នុង​ការ​រៀបចំផែនការអាជីវកម្ម តែផែនការ​ភាគច្រើនមានយ៉ាងហោចណាស់នូវ​ធាតុខាងក្រោម៖

  • សេចក្តីសង្ខេប
  • ក្រុមការងាររបស់លោកអ្នក
  • ទិដ្ឋភាពទូទៅរបស់ក្រុមហ៊ុន
  • ការវិភាគឧស្សាហកម្ម និងទីផ្សារ
  • ផែន​ការ​ទីផ្សារ
  • ផែនការប្រតិបត្តិការ
  • យុទ្ធសាស្ត្រហិរញ្ញវត្ថុ

វិធីល្អដើម្បីទទួលបានជំនួយក្នុងការសរសេរផែនការអាជីវកម្ម សូមពិនិត្យមើលបញ្ជីវគ្គបណ្តុះបណ្តាលនៅទីនេះ។ លោកអ្នកក៏អាចស្វែងរកជំនួយពីបញ្ជីអ្នកផ្គត់ផ្គង់សេវានៅទីនេះ ហើយក៏​មានគេហទំព័រ​ជាច្រើនដែលអាចផ្តល់ជូនអ្នកនូវគំរូ សេចក្ដីណែនាំ​ និងដំបូន្មាននៅ​ក្នុងការសរសេរផែនការអាជីវកម្មផងដែរ។

ប្រភេទផែនការអាជីវកម្ម

ប្រភេទ និងសេចក្ដី​លម្អិតនៃផែនការអាជីវកម្មរបស់លោកអ្នកនឹងត្រូវពឹងផ្អែកទៅលើថាតើគោលបំណងចុងក្រោយរបស់អាជីវកម្មមានលក្ខណៈបែបណា។​ ប្រសិនបើលោកអ្នកកំពុងស្វែងរកការវិនិយោគ ឬប្រាក់កម្ចី លោកអ្នកចាំបាច់ត្រូវពិពណ៌នាអំពីប្រតិបត្តិការ និងការព្យាករណ៍ហិរញ្ញវត្ថុអាជីវកម្មរបស់ខ្លួនឱ្យបានលម្អិតបំផុត​ប្រសើរជាងប្រើផែនការអាជីកម្មនោះជាទុកឯកសារណែនាំផ្ទៃក្នុង។