អាជ្ញាបណ្ណអាជីវកម្ម

អាជ្ញាបណ្ណអាជីវកម្ម

ប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ និងរីកចម្រើន ហើយអាជីវកម្មថ្មីៗជាច្រើនកំពុងត្រូវបាន​បង្កើត​ឡើង។ សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងស្រុកជារឿយៗ មិនសូវ​យល់​ច្បាស់​ពី​នីតិវិធី​ច្បាប់​ទាំង​អស់​ទេ​​ ហើយក៏មិនសូវយល់ពីរបៀបចុះបញ្ជី​អាជីវកម្មរបស់ខ្លួន​ឱ្យបានត្រឹមត្រូវដែរ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ការបង្កើតអាជីវកម្មនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួល តាមរយៈ​ការដាក់​ឱ្យដំណើរ​ការថ្នាល​ចុះ​បញ្ជី​ឌីជីថល។ ថ្នាលបច្ចេកវិទ្យាព័ត៌មាន​នេះត្រូវបានបង្កើតឡើង និងដាក់ឱ្យ​ដំណើរការ​ដោយ​ក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ​​​​​​​ ក្នុងខែមិថុនា ឆ្នាំ២០២០។​​ វានឹងជួយសម្រួលអោយ​ការចុះបញ្ជី​ប្រព្រឹត្តទៅ​​ដោយរលូន តាមរយៈ​​ដំណើរការ​កាន់​តែ​លឿន សន្សំសំចៃ និងងាយស្រួលជាងមុន។

សហគ្រាសធុនតូច និងមធ្យមត្រូវធ្វើ ការចុះបញ្ជី​ និងអាជ្ញាបណ្ណចាំបាច់មួយចំនួន។ ចំនួនអាជ្ញាបណ្ណ និង​អធិការកិច្ច​អាស្រ័យទៅ​លើប្រភេទ​អាជីវកម្ម ទំហំប្រតិបត្តិការ និងទីតាំងអាជីវកម្ម។

នេះគឺជាបញ្ជីអាជ្ញាបណ្ណ/វិញ្ញាបនបត្រដែលតម្រូវឱ្យមាន៖

(ក)   វិញ្ញាបនបត្របញ្ជាក់​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម​ (ការចុះបញ្ជី​ពាណិជ្ជកម្ម​)

(ខ)   លិខិតអនុញ្ញាតបង្កើតរោងចក្រ & សិប្បកម្មខ្នាតតូច និងមធ្យម

(គ)   វិញ្ញាបនបត្រអនុញ្ញាតដំណើរការ រោងចក្រ & សិប្បកម្មខ្នាតតូច និងមធ្យម

(ឃ)  អាជ្ញាបណ្ណសម្រាប់ប្រើសញ្ញា ចុះបញ្ជីផលិតផល “ច.ប.ផ”

(ង)   អាជ្ញាបណ្ណសម្រាប់ប្រើប្រាស់ វិញ្ញាបនបត្រ​ផលិតផល ម៉ាកស្ដង់ដារកម្ពុជា

(ច)   ការចុះបញ្ជី​ពន្ធសម្រាប់ពន្ធប៉ាតង់ លេខអាករលើ​តម្លៃបន្ថែម​ និងពន្ធប្រថាប់ត្រា

(ឆ)​   អាជ្ញាបណ្ណអនុញ្ញាតទីតាំង

(ជ)   ការចុះបញ្ជី​សម្រាប់ការបើកសហគ្រាស ​សៀវភៅបញ្ជីការអាជីវកម្ម​ ប្រាក់ខែបុគ្គលិក និង វិធានការងារ​ផ្ទៃ​ក្នុង (ក្នុងរយៈពេល ៣០ ថ្ងៃ)

(ឈ) ការចុះបញ្ជី​ពាណិជ្ជសញ្ញា (ជាជម្រើស)

(ញ)  លិខិត​អនុញ្ញាតពន្ធលើ​ស្លាកយីហោ

(ដ)   លិខិតអនុញ្ញាត​លើក​ស្លាកយីហោ

តើខ្ញុំ​អាច​ធ្វើការ​ចុះ​បញ្ជីនៅ​ឯណា?

អ្នកអាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទាំងនេះដូចខាងក្រោម៖

  • ចំពោះវិញ្ញាបនបត្រអនុញ្ញាតដំណើរការ  រោងចក្រ និងសិប្បកម្មខ្នាតតូច និងមធ្យម និងលិខិត​អនុញ្ញាតបង្កើត​រោងចក្រ និងសិប្បកម្មខ្នាតតូច និងមធ្យម លោកអ្នកអាចដាក់ពាក្យស្នើសុំនៅអគ្គនាយកដ្ឋានសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្ម នៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរឧស្សាហកម្ម​​​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍  ​រាជធានី-ខេត្ត ឬតាមរយៈប្រព័ន្ធ CamDX www.msme.misti.gov.kh

  • សម្រាប់វិញ្ញាបនបត្របញ្ជាក់​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម​ (ការចុះបញ្ជី​ពាណិជ្ជកម្ម​) អ្នកអាច​ចុះ​បញ្ជីតាមរយៈតំណភ្ជាប់នេះ៖ www.registrationservices.gov.kh ឬអ្នក​អាចទៅ​នាយកដ្ឋាន​ចុះបញ្ជីពាណិជ្ជកម្ម​/មន្ទីរ​ពាណិជ្ជ​កម្ម​​រាជធានីខេត្ត​ដើម្បី​ស្វែ​ងរក​ជំនួយ​ក្នុងកា​រ​ចុះ​​បញ្ជី​អាជីវ​កម្ម​។

  • ចំពោះ​អាជ្ញាបណ្ណប្រើប្រាស់ស្លាកវិញ្ញាបនបត្រចុះបញ្ជីផលិតផល ច.ប.ផ និង​ស្តង់ដារកម្ពុជា អ្នកអាចដាក់​ពាក្យ​ស្នើសុំ​នៅវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) នៅ​​រាជធានីភ្នំពេញ។

  • ចំពោះ​ការចុះបញ្ជី​ពន្ធសម្រាប់ពន្ធប៉ាតង់ លេខអាករលើ​តម្លៃបន្ថែម​ និងពន្ធប្រថាប់ត្រា អ្នកអាច​ដាក់​ពាក្យ​ស្នើសុំ​នៅអគ្គនាយកដ្ឋានពន្ធដាររាជធានីភ្នំពេញ ឬសាខាពន្ធដារខេត្ត។

  • ចំពោះ​អាជ្ញាបណ្ណ​អនុញ្ញាត​ទីតាំង អ្នកអាចដាក់ពាក្យ​ស្នើសុំ​នៅសាលារាជធានីភ្នំពេញ។

  • ចំពោះ​ការចុះបញ្ជី​សម្រាប់ការបើកសហគ្រាស សៀវភៅបញ្ជី​ការអាជីវកម្ម ប្រាក់ខែបុគ្គលិក និងវិធាន​ការ​ងារផ្ទៃក្នុង អ្នកអាចចុះ​បញ្ជី​នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MoLVT) ឬ ការចុះ​បញ្ជី​​អនឡាញ​ដែល​ទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

  • ចំពោះ​ការចុះបញ្ជី​ពាណិជ្ជសញ្ញា​ អ្នកអាចចុះបញ្ជី​នៅ​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​នៃក្រសួង​ពាណិ​ជ្ជ​កម្ម​​ ឬមន្ទីរពាណិជ្ជកម្មខេត្ត។

  • ចំពោះលិខិតអនុញ្ញាតពន្ធនៅលើស្លាកយីហោ អ្នកអាចដាក់ពាក្យ​ស្នើសុំ​នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត។

  • ចំពោះលិខិតអនុញ្ញាតលើក​ស្លាកយីហោ អ្នកអាចដាក់ពាក្យស្នើសុំ​ទៅសាលារាជធានីភ្នំពេញ។

តើខ្ញុំ​គួររំពឹងថានឹងមានការធ្វើ​​អធិការកិច្ច​អ្វីខ្លះ​​?

នៅពេលដំណើរការអាជីវកម្មរបស់អ្នក អ្នកគួរតែរំពឹងថានឹងមានអធិការកិច្ចដូចខាងក្រោម៖

​​​(១) អធិការកិច្ច​គុណភាពផលិតផលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

(២) អធិការកិច្ចទីតាំងដោយសាលារាជធានីភ្នំពេញ

(៣) អធិការកិច្ច​អនាម័យប្រតិបត្តិការដោយក្រសួងសុខាភិបាល

(៤) អធិការកិច្ចសុវត្ថិភាព​អគ្គីភ័យ និងសន្តិសុខដោយក្រសួងមហាផ្ទៃ

(៥) អធិការកិច្ចអនុលោមភាពការងារដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ

(៦) អធិការកិច្ចបរិស្ថានដោយក្រសួងបរិស្ថាន និង

(៧) អធិការកិច្ចអាជ្ញាធរមូលដ្ឋានដោយក្រសួងមហាផ្ទៃ

ប្រសិនបើអ្នកមិនច្បាស់ថាតើអាជ្ញាបណ្ណណាដែលត្រូវ​មាន​សម្រាប់អាជីវកម្មជាក់លាក់ លោកអ្នកអាចស្វែងរកជំនួយបានពី អ្នកផ្គត់ផ្គង់សេវាឯកទេស។ នៅក្រោម​ផ្នែក​​ អ្នកផ្គត់ផ្គង់សេវា អ្នកអាចរក​អ្នក​ផ្គត់ផ្គង់សេវាកម្មក្នុងស្រុកលើ​វិស័យផ្សេងៗ។ អ្នកអាចស្វែងរក និងទទួលបានព័ត៌មានយ៉ាងងាយស្រួល ទាក់ទងនឹង​អ្នកផ្គត់ផ្គង់សេវា រួមនឹងព័ត៌មានចាំបាច់នានាសម្រាប់ការ​ពង្រីកអាជីវកម្មរបស់អ្នកប្រកបដោយ​ប្រសិទ្ធ​ភាព។  

ឯកសារជំនួយ

ប្រធានបទផ្សេងៗក្នុងច្បាប់ និងបទបញ្ជា

ការចាប់ផ្តើមអាជីវកម្មថ្មី

អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម