កម្ពុជា​នាំចេញ​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនីតម្លៃ​ជាង $២,១ ​ពាន់​លាន

កម្ពុជា​នាំចេញ​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនីតម្លៃ​ជាង $២,១ ​ពាន់​លាន

 

ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា ក្នុង​ទឹកប្រាក់​ជាង ២,១ ​ពាន់​លាន​ដុល្លារ នា​រយៈពេល ៨ ​ខែ​ដើមឆ្នាំ ​២០២៣ កើន​ជិត ១០០ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ ​២០២២ ខណៈ​ទឹកប្រាក់​នាំចេញ​ក្នុង​ឆ្នាំ​ ២០២២ ទាំងមូល​មាន​ចំនួន​ជិត ២​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​នាំ​​ចេញ​របស់ GDCE បង្ហាញថា ពី​ខែមករា​-​សីហា ឆ្នាំ​ ២០២៣ ការនាំចេញ​ទំនិញ​នៅក្នុង​ជំពូក ​(HS ២​ខ្ពង់​)​ លេខ​កូដ ៨៥ រួមមាន​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា មានទឹក​​ប្រាក់​សរុប ២ ១៦២,៣៩​ លាន​ដុល្លារ កើន ៩៨,៥​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ដែលមាន ១ ០៨៩,៥​ លាន​ដុ​​ល្លារ​។ ចំនួន​នេះ​ស្មើនឹង​ ១៣,៨​ ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​រយៈពេល ៨ ​ខែ ឆ្នាំ ​២០២៣ ដែលមាន​ចំនួន ១៥ ៦៩២,០៤​ លាន​ដុល្លារ​។​

GDCE បានឱ្យដឹង​ទៀតថា សម្រាប់​ខែសីហា ឆ្នាំ ​២០២៣ ការនាំចេញ​ផលិតផល​ខាងលើ​មាន​ទឹកប្រាក់ ៣០២,៨៨ លាន​ដុល្លារ​កើន ៨៦,៤​ ភាគរយ​ធៀប​ខែសីហា ឆ្នាំ​ ២០២២ ដែលមាន ១៦២,៤៦​ លាន​ដុល្លារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា ការ​កើន​ឡើង​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក និង​តម្រូវការ​នៅ​ទីផ្សារ​អន្តរជាតិ បាន​ជួយ​ឱ្យ​ការនាំ​​ចេញ​គ្រឿង​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា កើន​ជា​បន្តបន្ទាប់​។ កម្ពុជា​កំ​ពុង​តែ​វិ​វ​ឌ្ឍ​ខ្លួន​ក្លាយជា​ប្រភព​ផ្គត់ផ្គង់​ផលិតផល​ពាក់កណ្តាល​ស​ម្រេច និង​សម្រេច​ទៅ​ទីផ្សារ​អន្តរជាតិ​។ លោក​បាន​បន្ថែមថា កំណើន​ការនាំចេញ​ផលិតផល​ទាំងអស់នេះ​បញ្ជាក់​ពី​ដំណើរ​វិវឌ្ឍន៍​នៃ​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​ដែល​ប្រើ​បច្ចេកវិទ្យា​កាន់​​តែ​ទំនើប និង​ជា​ឧស្សាហកម្ម​ធន់​មធ្យម និង​ធ្ងន់​។​

​លោក​និយាយថា​៖ «​កំណើន​ការនាំចេញ​ផលិតផល​គ្រឿង​បង្គុំ​ម៉ាស៊ីន និង​អគ្គិសនី​នេះ គឺ​មិន​ត្រឹមតែ​ជួយ​ឱ្យ​កម្ពុជា​រក​ចំ​ណូ​ល​បាន​កាន់តែច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ទីតាំង​ផលិត​គ្រឿង​ម៉ាស៊ីន​សំខាន់ៗ​សម្រាប់​ពិភពលោក​ផងដែរ​។ នៅពេល​មាន​រោងចក្រ​ផលិត​ផលិតផល​បែបនេះ​ច្រើន វា​ក៏​នឹង​ជួយ​ទាក់ទាញ​រោងចក្រ​ផលិត ឬ​ដំឡើង​គ្រឿងយន្ត​ធំៗ​ឱ្យមក​កម្ពុជា​ផងដែរ​»​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣

ព័ត៌មាន៖ ភ្នំពេញ​ ប៉ុស្តិ៍