កាលពីថ្ងៃអង្គារនេះ កម្ពុជាប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិក្នុងគោលបំណងជួយសម្រួលដល់សកម្មភាពនាំចូល និងនាំចេញ និងកែលម្អបរិយាកាសវិនិយោគ។
ក្នុងពិធីសម្ពោធដាក់អោយអនុវត្តជាផ្លូវការនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រព័ន្ធបញ្ជរតែមួយជាតិត្រូវបានរៀបចំឡើងក្នុងគោលបំណងជាសេវាកម្មអេឡិចត្រូនិក និងអនឡាញ ដើម្បីជួយសម្រួលដល់នីតិវិធីពាណិជ្ជកម្មអន្តរជាតិកាន់តែលឿន និងតម្លាភាព។
លោកបានបញ្ជាក់ទៀតថា ប្រព័ន្ធបញ្ជរតែមួយជាតិនឹងអនុញ្ញាតឱ្យភាគីពាក់ព័ន្ធក្នុងពាណិជ្ជកម្មអន្តរជាតិអាចផ្តល់ព័ត៌មានស្តង់ដារ និងឯកសារតាមច្រកចេញចូលតែមួយ ដើម្បីបំពេញតម្រូវការបទប្បញ្ញត្តិទាក់ទងនឹងការនាំចូល ការនាំចេញ និងការឆ្លងកាត់ទាំងអស់។
លោកបានបន្តថា “វានឹងកាត់បន្ថយការចំណាយ និងផ្តល់នូវភាពស៊ីសង្វាក់គ្នា និងភាពប្រាកដប្រជាដល់ដំណើរការសរុបចាប់ពីការចាប់ផ្តើមនៃតម្រូវការបទប្បញ្ញត្តិរហូតដល់ការដឹកទំនិញ”។
លោកបានបន្ថែម ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងជំរុញការសម្របសម្រួលពាណិជ្ជកម្ម ប្រសិទ្ធភាពអាជីវកម្ម លើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌ និងធ្វើឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរឡើង។
លោកបានបន្ថែមថា ប្រព័ន្ធបញ្ជរតែមួយជាតិក៏បានភ្ជាប់ទៅនឹងច្រកចេញចូលតែមួយរបស់អាស៊ានសម្រាប់ការផ្លាស់ប្តូរទិន្នន័យ និងព័ត៌មានជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត។
នៅក្នុងសារអបអរសាទរក្នុងពិធីប្រកាសដាក់អោយប្រើប្រាស់នេះ លោកស្រី Angela Ellard អគ្គនាយករងនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយថាប្រព័ន្ធបញ្ជរតែមួយជាតិបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មនៅ WTO ។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ Xinhua
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤
ព័ត៌មាន៖ ខ្មែរ ថាមស៍