កម្មវិធីត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគនឹងចាប់ផ្តើមឆាប់ៗ

កម្មវិធីត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគនឹងចាប់ផ្តើមឆាប់ៗ

 

ភ្នំពេញៈ សហគ្រិន​ខ្មែរ​ (KE) ​បាន​ដាក់ឱ្យ​ដំណើការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ត្រៀមខ្លួន​ដើម្បី​ទទួល​បាន​ការវិនិយោគ ដើម្បី​ពង្រឹង​ធុរកិច្ច​បង្កើត​ថ្មី (startups) និង​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ឱ្យមាន​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​ការកៀរគរ​ហិរញ្ញប្បទាន​ពី​ខាងក្រៅ ព្រមទាំង​បង្កើត​បណ្តាញ​វិនិយោគិន និង ធនាគារិក​នានា​។

KE បានប្រកាស​អនុវត្ត​កម្មវិធី​នេះ​កាលពី​ថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំ​ ២០២១ ដោយ​ផ្តល់​សិទ្ធិ​អនុវត្ត​ទៅឱ្យ​ក្រុមហ៊ុន OBOR ​ដើម្បី​ជ្រើសរើស​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ដែល​ត្រៀមខ្លួន​សម្រាប់​ការវិនិយោគ​ជិត​រួចរាល់ ហើយ​ស្វែងយល់ និង​ស្វែងរក​ដៃគូ​ហិរញ្ញវត្ថុ ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។

លោក ឈៀង វណ្ណមុនិណ្ឌ នាយក​ប្រតិបត្តិ​របស់ KE បាន​ថ្លែងថា ការលើកកម្ពស់​លទ្ធភាព​ ដើម្បី​ទទួលបាន​ហិរញ្ញប្បទាន​គាំទ្រ​ដល់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ជា​ធាតុ​សំខាន់​មួយ​ក្នុង​ការពង្រីក​ប្រតិបត្តិការ​ធុរកិច្ច​របស់​ពួកគាត់​។ លោក​ថា​៖ «​កង្វះខាត​នៃ​លទ្ធភាព​ទទួលបាន ហិរញ្ញប្បទាន​គាំទ្រ​នេះ គឺជា​ឧបសគ្គ​ដ៏ធំ​មួយ​ចំពោះ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។ ក្រោយ​បញ្ចប់​កម្មវិធី​នេះ​ទៅ យើង​សង្ឃឹមថា ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​អាច​កៀរគរ​ទុន​បន្ថែម​ថ្មី​បាន​កាន់តែច្រើន​»​។

លោក Christophe Forsinetti អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន OBOR បាន​ថ្លែងថា កម្មវិធី​នេះ​គឺជា​ជំហាន​សំខាន់​មួយ​ក្នុង​ការពង្រឹង​បរិប្រព័ន្ធ​គាំទ្រ​ដល់​សហគ្រាស​ធុនតូច និង​មធ្យម ដែលជា​ការយកចិត្តទុកដាក់​របស់ OBOR អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។

លោក​បាន​ថ្លែងថា​៖ «​យើងខ្ញុំ​ទន្ទឹង​នឹង​គាំទ្រ ឱ្យ​ក្រុមហ៊ុន​កម្ពុជា​ថ្មីៗ​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​ឈានមុខ​ក្នុង​វិស័យ​របស់ខ្លួន ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ខាងមុខនេះ​»៕

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ: ម៉ៃ គុណមករា

ព័ត៏មាន: ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ១៧ ខែធ្នូ ២០២១