ការនាំចេញនាំចូលរបស់កម្ពុជា សម្រេចបានជាង ១៣ ពាន់លានដុល្លារ

ការនាំចេញនាំចូលរបស់កម្ពុជា សម្រេចបានជាង ១៣ ពាន់លានដុល្លារ

 

ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា ក្នុង​ត្រី​មាស​ទី១ ឆ្នាំ ២០២២ មាន​ទឹក​ប្រាក់​សរុបជាង ១៣​ពាន់​លាន​ដុល្លារ កើន​ជាង ៩ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ ២០២១ ខណៈ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ស្ទុះ​ហក់​ឡើង​ជាង ២៥​ភាគរយ។

យោង​តាម​ទិន្នន័យ​ដែល​កត់​ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​កម្ពុជាជាមួយ​នឹង​ទីផ្សារ​អន្តរជាតិ ចាប់​ពី​ខែ​មករា ដល់​ខែ​មីនា ឆ្នាំ ២០២២ មាន​ទឹក​ប្រាក់​សរុប ១៣ ១៦២,៧៤លាន​ដុល្លារ កើនឡើង ៩,១ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១ ដែល​មាន​ទឹក​ប្រាក់ ១២ ០៦៣,៧៣លានដុល្លារ។

ទិន្នន័យ​ខាងលើ​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ត្រីមាស​ទី១ ឆ្នាំ​២០២២ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​ចំនួន​ទឹកប្រាក់​សរុប ៥ ៧១៦,៨២​លាន​ដុល្លារ កើនឡើង ២៥,៧​ភាគរយ​ពី​ចំនួន ៤ ៥៤៩,៥១​លាន​ដុល្លារ និង​ការ​នាំចូល​មាន​ទឹក​ប្រាក់ ៧ ៤៤៥,៩២​លាន​ដុល្លារ ធ្លាក់​ចុះ -០,៩​ភាគរយ​ពី​ចំនួន ៧ ៥១៥,២១​លាន​ដុល្លារ។

ទោះយ៉ាងណា បើ​យោង​តាម​ទិន្នន័យ​ខាងលើ ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ គឺ​មាន​ឱនភាព​ប្រមាណ -១ ៧២៩,០៩​លាន​ដុល្លារ។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​ជំងឺកូវីដ​១៩ អត្រា​ដ៏​ខ្ពស់​នៃ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ព្រម​ទាំង​លក្ខណៈ​អំណោយ​ផល​នៃ​ស្ថានភាព​នយោបាយ បាន​ធ្វើ​ឱ្យ​វិស័យ​ផលិតកម្ម​កម្ពុជា​កើនឡើង​ជា​លំដាប់។ ម៉្យាង​ទៀត​ការ​ចូលជា​ធរមាន​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយប្រទេស​ជាច្រើន​ក៏​បាន​ចូល​ជា​ធរមាន​ជា​បន្ត​បន្ទាប់​ផងដែរ។

លោកប្រាប់​ទៀត​ថា៖ «កំណើន​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​នេះ គឺ​បញ្ជាក់​ថា កម្ពុជា​បាន​និង​កំពុង​ក្លាយ​ជា​ប្រទេស​ដែល​ដើរ​តួនាទី​កាន់តែសំខាន់​នៅ​ក្នុង​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក តាម​រយៈកំណើន​ការ​នាំចេញ​កាន់​តែ​ច្រើន»។

ទោះយ៉ាងណា លោក វណ្ណៈ បាន​លើក​ឡើង​ថា កម្ពុជា​ត្រូវ​តែ​ខិតខំ​ធ្វើ​ពិពិធកម្ម​ផលិតកម្ម​របស់​ខ្លួន​ឱ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ដើម្បី​បន្ត​លើកកម្ពស់​ទីផ្សារ​នាំចេញ និង​កាត់​បន្ថយ​ការ​នាំចូល ព្រោះ​តាម​រយៈទិន្នន័យ​ខាងលើ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​នៅតែ​អវិជ្ជមាន។

លោក​បាន​បញ្ជាក់​ថា៖«ដើម្បី​កាត់​បន្ថយ​ការ​នាំចូល កម្ពុជា​ត្រូវ​ខិតខំ​ទាញ​យក​សក្តានុពល​នៃ​វត្ថុ​ធាតុដើម​ក្នុង​ស្រុក​ប្រើប្រាស់​ឱ្យ​បាន​ច្រើន​ជាងមុន។ ការ​ប្រើប្រាស់​វត្ថុ​ធាតុដើម​ក្នុង​ស្រុក​នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​តម្លៃ​បន្ថែម​ច្រើន​ជាង​មុន​ផងដែរ»។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

 

ដោយ៖ ហ៊ឹន ពិសី

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២​

https://pafipayakumbuhkab.org slot thailand slot 4d