ក្រសួងពាណិជ្ជកម្ម កំពុងបន្តពិភាក្សាលើការងារពាក់ព័ន្ធមួយចំនួន ដើម្បីជំរុញការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ខណៈដែលម្រេចគឺជាផលិតផលកសិ-ឧស្សាហកម្មដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលបានចាត់បញ្ចូលក្នុងកន្សោមអាទិភាពនៃផលិតផលដែលមានសក្តានុពល អាចចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផ្តល់ការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ។
នៅក្នុងកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ ពិភាក្សាលើការជំរុញការនាំចេញផលិតផលម្រេចពីកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការចរចាបើកទីផ្សារបន្ថែមថ្មីៗ សម្រាប់ផលិតផលម្រេចកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសលើការលើកកម្ពស់គុណភាពម្រេចរបស់កម្ពុជា ការស្នើសុំវិញ្ញាបនបត្រប្រភពដើមទំនិញ និងការបំពញតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល រួមបញ្ចូលទាំងវិធានអនាម័យ និងភូតគាមអនាម័យ ដើម្បីជំរុញ អភិវឌ្ឍនិងនាំចេញផលិតផលម្រេចរបស់កម្ពុជា។
លោកបានបញ្ជាក់ថា៖«កន្លងមកក្រសួងពាណិជ្ជកម្មបានខិតខំ និងដឹកនាំចរចាបើកទីផ្សារបន្ថែមថ្មីៗ ជាពិសេសក្នុងឆ្នាំ២០២២ កន្លងទៅ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗចំនួន ៣ បានចូលជាធរមាន រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ហើយបច្ចុប្បន្នក្រសួងពាណិជ្ជកម្មក៏បាននិងកំពុងដឹកនាំបញ្ចប់ការចរចា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម»។
លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បាននិយាយថា វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការរកទីផ្សារថ្មីៗ ព្រោះថា នៅពេលម្រេចកម្ពុជាមានទីផ្សារថ្មីៗកាន់តែច្រើន ពិតជាអាចទាក់ទាញអ្នកវិនិយោគមកបន្ថែមទៀត លើការដាំដុះនឹងនាំចេញម្រេចទៅកាន់ប្រទេសផ្សេងៗទៀត ក្រៅពីវៀតណាម។
សម្រាប់ពត័មានបន្ថែម សូមចុចលើទីនេះ។
រៀបរាងដោយ៖ វណ្ណ សុជាតា
ប្រភព៖ ភ្នំពេញបុស្តិ៍
ថ្ងៃទី ១២ មេសា ២០២៣