ទីផ្សារ​ចិន​នឹង​ក្លាយជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជានា​ពេលខាងមុខ

ទីផ្សារ​ចិន​នឹង​ក្លាយជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជានា​ពេលខាងមុខ

 

រយៈពេល​ជិត​​ ២​​ ឆ្នាំ​ហើយ ដែល​កម្ពុជា និង​ចិន បាន​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី (CCFTA)​ ជា​ផ្លូវ​ការដែល​បានចាប់ផ្តើម​កាលពីដើម​ខែមករា ឆ្នាំ ២០២២ ដែល​ត្រូវបាន​គេ​សង្កេត​ថា​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ជុំវិញ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី និង​លំហូរ​នៃ​កា​រវិ​និ​យោគ​ពី​ប្រទេស​ចិន និង​បណ្តា​ប្រទេស​នានា​មក​កម្ពុជា​ក្នុង អំឡុង​ពេលនេះ​។​

​កិច្ចព្រមព្រៀង CCFTA ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ប៉ាន សូរ​ស័ក្តិ អតីត​​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​សម​ភាគី​ចិន លោក Zhong Shan តាមរយៈ​វីដេអូ​កាលពី​ថ្ងៃទី ​១២ តុលា ​២០២០ ដោយមាន​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក Wang Yi រដ្ឋមន្ត្រីការបរទេស​ចិន ធ្វើជា​សាក្សី​។​

​នៅក្នុង​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​ CCFTA នេះ មុខ​ទំនិញ​ប្រមាណ​ជា ៩៨​ ភាគរយ​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន និង​ ៩០ ភាគរយ​នៃ​ការនាំចេញ​របស់​ប្រទេស​ចិន មក​កម្ពុជា គឺ​រួច​ពន្ធ​។ ប្រទេស​ទាំង​ ២ ​បាន ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង CCFTA ចាប់ពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២២ មក​ម្ល៉េះ​។​

​វឌ្ឍនភាព​នៃ​ការនាំចេញ​

លោក ប៉ែន សុ​វិជាតិ អ្នក​នាំ​ពាក្យ​ក្រសួងពាណិជ្ជកម្មបាន​ថ្លែងប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ជាមួយ ភាគី​ចិន កម្ពុ​ជាមាន​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពីថ្ងៃ​ទី​ ១ ខែមករា ឆ្នាំ​ ២០២២​។ ក្រៅពីនោះ​ក្នុងនាម​ជា​សមាជិក អាស៊ាន កម្ពុជា​ក៏មាន​កិច្ច​ព្រម​ព្រៀង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ដែល​កម្ពុជា​ក៏​ប្រើប្រាស់​ច្រើន​គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន​។ បន្ថែម​លើ​នេះ​ទៀត​កម្ពុជា​ក៏មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ពហុ​ភាគី​ដែល​យើង​ហៅថា កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុង​ជ្រោយ​ថ្នាក់​តំបន់ ​(RCEP)​។

​លោក​ថ្លែង​បញ្ជាក់ថា ដូច្នេះ​បច្ចុប្បន្ន អ្នក​នាំចេញ​បាន​ប្រើប្រាស់​ក្របខ័ណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​ទាំង​ ៣ ​នេះ​ទៅកាន់​ទីផ្សារ​ចិន​។ លោក​ថា នៅក្នុង​កិច្ចព្រមព្រៀង​ទាំង​ ៣​ នេះ កិច្ច​ព្រមព្រៀង​ដែល​គេ​ចូលចិត្ត​ប្រើប្រាស់ ជាងគេ​គឺ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ពហុភាគី​ឬ​ហៅថា «​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ ថ្នាក់​តំបន់ (RCEP)» ដោយសារ​ពីមុន​ប្រើប្រាស់ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន​» ដូច្នេះ ទាំង​កិច្ចព្រមព្រៀង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន និង RCEP បានផ្តល់​បន្ទាត់​ពន្ធ​រួច​ពន្ធ​ច្រើន​រួចទៅហើយ ដោយឡែក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន មាន​បន្ថែម​បន្ទាត់ ពន្ធ​មួយចំនួនទៀត​។

​លោក​បាន​ថ្លែងថា​៖ «​យើង​រំពឹងទុក​ថា ការប្រើប្រាស់​បន្ទាត់​ពន្ធ​ផ្សេងៗ​ក្រៅពី​អ្វីដែល​បានផ្តល់​នៅក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន និង RCEP អ្នក​នាំចេញ​នឹង​ប្រើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​។​យើង​សង្កេត ឃើញ​ការនាំចេញ​មាន​កំណើន​ជា​បន្តបន្ទាប់​ទាំងមុខ​ទំនិញ និង​ទំហំ​ពា​ណិ​ជ្ជ​កម្ម​ជា​ទឹកប្រាក់​»​។

លោក​ថា ចំពោះ​ការនាំចេញ​អង្ករ កម្ពុជា​ក៏បាន​ទទួល​កូតា ៤០ ​ម៉ឺន​តោន​នោះ ឥឡូវ​នៅ ឆ្នាំ​បន្តបន្ទាប់​អាច​នឹង​បង្កើន​ចំនួន​កូតា​បន្តទៅទៀត ខណៈ កសិផល​ដទៃទៀត​មានដូចជា​ដំឡូង​មី ស្វាយ ចេក មៀន​ប៉ៃលិន​ជាដើម សុទ្ធតែ​បាន​បង្កើន​ទាំង​ចំនួន​ទំនិញ និង​ទឹកប្រាក់ ទោះបីជា​កម្ពុជា​ប្រើ​​ប្រាស់​កិច្ចព្រមព្រៀង ​RCEP ក្តី​។ បច្ចុប្បន្ន​កម្ពុជា​បាន​នាំចេញ​ផលិតផល​វារីវប្បកម្ម​មួយចំនួនធំ​ហើយ​ទៅកាន់​ទីផ្សារ​ចិន ដែល​កន្លងមក​ក្រសួងកសិកម្ម​ធ្លាប់ បានប្រកាសថា ប្រទេស​ចិន​អនុញ្ញាតឱ្យ​នាំចេញ​រហូតដល់​ទៅ​ ១១ ​មុខ​នៃ​ផលិតផល​ជលផល​។

«​យើង​រំពឹងទុក​ថា យើង​នឹង​ប្រើប្រាស់​ឱ្យអស់​លទ្ធភាព កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​សេរី​កម្ពុជា​-​ចិន RCEP និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន ដើម្បី​បង្កើន និង​បំពេញបន្ថែម​ឱ្យ​គ្នា​ទៅវិញ​-ទៅមក​ក្នុងករណី​ដែល​ទំនិញ​ខ្លះ​មិន​បានទទួល​អត្រាពន្ធ​សូន្យ​នៅក្នុង​កិច្ចព្រមព្រៀង​ណាមួយ​នោះ​។ ខ្ញុំ​នៅតែ​រំពឹងទុក​ថា ចិន​នៅតែ​ជា​ដៃគូ​ពា​ណិ​ជ្ជ​កម្ម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ទាំង​ភាពជា​ដៃគូ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ភាពជា​ដៃគូ​ក្នុង​ក្របខ័ណ្ឌ​ខ្សែក្រវាត់ និង​ផ្លូវ (Belt &Road) និង​ក្នុង​កិច្ច​​ព្រម​ព្រមទាំង​ ៣ ​ខាងលើនេះ សុទ្ធ​មានការ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​»​។

​លោក កែន លូ អគ្គលេខា​ធិ​កា​សមាគម​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា (GMAC) បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា FTA ជាមួយ​ប្រទេស​ចិន​នឹង​ជំរុញ​យ៉ាងខ្លាំង​ដល់​ការនាំចេញ​របស់​កម្ពុជា មិន​ត្រឹមតែ​ក្នុង​វិស័យ​កាត់ដេរ​ប៉ុណ្ណោះ​ទេ ក៏មាន​លំហូរ​នៃ​ការវិនិយោគ​កាន់តែច្រើន​ពី​ប្រទេស​ចិន​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ ម៉ៃ គុណមករា
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣
ព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៏