ផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ​ (​ផ្សារ​ដើម​គរ​ថ្មី​) គ្រោង​នឹង​បើក​ដំណើរការ​នៅពេល​ឆាប់ៗ​

ផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ​ (​ផ្សារ​ដើម​គរ​ថ្មី​) គ្រោង​នឹង​បើក​ដំណើរការ​នៅពេល​ឆាប់ៗ​

 

ភ្នំពេញៈ​ ផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ ឬ​ផ្សារ​ដើម​គរ​ថ្មី​គ្រោង​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​នៅមុន​ដំណាច់ឆ្នាំ​២០២៣ នេះហើយ ខណៈ​គិត​មកដល់ពេលនេះ​ មាន​អាជីវករ​ប្រហែល ៧០​ ភាគរយ​បានមក​ចុះឈ្មោះ​អាជីវកម្ម​រួចរាល់​។​

​ផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ ឬ​ផ្សារ​ដើម​គរ​ថ្មី បានចាប់ផ្តើម​សាងសង់​ក្នុង​២០២២ លើ​ផ្ទៃដី​ជាង ២០​ ហិកតា ដោយ​សមាគម​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហ្គា​ន់​ស៊ី ប្រទេស​ចិន​។ គម្រោង​នេះ​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ដែល​បាន​សាងសង់​រួច​ដំណាក់កាល​ទី​១ ហើយ​ដែលមាន​ស្តង់​លក់ដូរ ចំនួន ៦០០០ ​ស្តង់​។​

​ក្នុងអំឡុងពេល​ចុះទៅពិនិត្យ​មើល​ពី​វឌ្ឍនភាព​សំណង់​ផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ ឬ​ហៅថា ផ្សារ​ដើម​គរ​ថ្មី ជាមួយ​លោក Wang Wen Tian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែតុលា​កន្លងមក លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​និយាយថា នៅពេល​បើក​ដំណើរការ​ផ្សារ​នេះ​នឹង​ក្លាយជា​កន្លែង​បោះ​ដុំ​ទំនិញ​ក្នុងស្រុក និង​ក៏​អាចមាន​ទំនិញ​នាំចូល​ពី​ក្រៅប្រទេស​ផងដែរ​។ ទំនិញ ​ដែល​ដាក់តាំង​លក់​នៅ​ទីនោះ​អាចមាន​ចម្រុះ​ជាច្រើន​មុខទំនិញ ។​

​លោក​ថ្លែងថា​៖«​ផ្សា​របោះ​ដុំ​នេះ​សំដៅ​ដល់​កន្លែង​បោះ​ដុំ​បន្លែ សម្ភារ គ្រឿងសង្ហារិម​… ។​ល​។​ ដែល​ការបោះ​ដុំ​នេះ​គឺអាច​យកមក​ពី​ប្រទេសជិតខាង​ក៏ដូចជា​ប្រទេស​ចិន ដើម្បី​យកមក​បោះ​ដុំ និង​ចែកចាយ​ជូន​បណ្តា​ខេត្ត​ទាំង ២៤​។ ទីតាំង​នេះ​គឺ​សមរម្យ​បំផុត​»​។​

​លោក​បន្ថែមថា ផ្សារ​នេះ​ក៏​នឹង​ជួយ​រំលែក​បងប្អូន​អាជីវករ​ពីលើ​ផ្លូវ​ព្រះ​មុនី​រ៉េត​(​ផ្សារ​ដើម​គរ​) ដែល​បង្ក​ឱ្យ​បាត់​សណ្តាប់ធ្នាប់​នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​

​លោក​ឯកអគ្គរដ្ឋទូត Wang Wen Tian បាន​អបអរសាទរ ចំពោះ​គម្រោង​វិនិយោគ​ផ្សា​របោះ​ដុំ​ដ៏​ធំ​លើកដំបូង​នៅ​រាជធានី​ភ្នំពេញ​មួយ​នេះ ដោយ​បញ្ជាក់ថា នេះ​ជាការ​បង្ហាញឱ្យឃើញ​ពី​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​នៃ​យុទ្ធសាស្ត្រ​ត្បូង​ពេជ្រ កម្ពុជា​-​ចិន ដែល​ផ្តួចផ្តើមឡើង​ដោយ​ប្រមុខ​ដឹកនាំ នៃ​ប្រទេស​ទាំង​២ ។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ ហ៊ិន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៏