ពិព័រណ៍​កសិកម្ម​ខ្មែរ និង​វេទិកា​ផ្សព្វផ្សាយ​ផលិតផល​ក្នុង​ស្រុក និង​លើក​កម្ពស់​ជាតិនិយម

ពិព័រណ៍​កសិកម្ម​ខ្មែរ និង​វេទិកា​ផ្សព្វផ្សាយ​ផលិតផល​ក្នុង​ស្រុក និង​លើក​កម្ពស់​ជាតិនិយម

 

ភ្នំពេញ៖ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​លើក​កម្ពស់​វិស័យ​កសិកម្ម​ក្នុង​ស្រុក និង​បំផុស​ស្មារតី​ជាតិនិយម​ក្នុងចំណោម​ប្រជាជន​កម្ពុជា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​​នឹង​រៀបចំ​ពិព័រណ៍ «ភូមិ​កសិផល​ខ្មែរ» និង​វេទិកា​ពិភាក្សា «រសជាតិ​កសិផល»។

ព្រឹត្តិការណ៍​រយៈពេល​ពីរ​ថ្ងៃ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី​ ១-២ ​ខែ​មិថុនា ឆ្នាំ​២០២៤ នៅ​ផ្សារ​ទំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១ ក្រោម​អធិបតីភាព​លោកស្រី ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត។

ពិព័រណ៍​និង​វេទិកា​ពិភាក្សា​នេះ ធ្វើឡើង​ដើម្បី​បំផុស​ស្មារតី​ជាតិនិយម ជួយ​ដល់​កសិករ​ខ្មែរ និង​ជំរុញ​ការគាំទ្រ​កសិផល​ខ្មែរ​ឱ្យបាន​កាន់តែ​ខ្លាំងក្លា​ឡើង​ថែមទៀត ក្នុងចំណោម​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​អ្នកទទួល​ទាន និង​អ្នកប្រើប្រាស់​។

លោក ឃឹម ហ្វីណង់ អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹងថា គោល​បំណងបង្កើត​ពិព័រណ៍​កសិកម្មភូមិ​កសិផល​ខ្មែរ​​នេះ ដោយសារ​យើង​ចង់​ជំរុញ​កសិផល​ក្នុង​ស្រុក លើក​ទឹកចិត្ដ​ដល់​កសិករ​ខ្មែរ​យើង​ជា​អ្នក​ដាំ​ ដើម្បី​ជំរុញ​បង្កើន​ស្មារតី​ជាតិ​និយម​ក្នុង​ការ​ប្រើ​ប្រាស់ និង​គាំទ្រ​ដល់​កសិផល​ក្នុង​ស្រុក​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «យើង​បាន​បញ្ចូល​នូវ​កម្មវិធី​វេទិកា​វិភាគ​វែកញែក​ និង​លើក​ទឹកចិត្ដ​ឱ្យអ្នក​ផល​សេវា​ម្ហូប​អាហារ​ និង​អាពាហ៍ពិពាហ៍​ក្នុង​ស្រុក​ងាក​មកប្រើប្រាស់​កសិផល​ជា​ធាតុ​ចូល​ក្នុង​ការ​ផលិត​ជា​ម្ហូប​អាហារ​របស់​ខ្លួន​ផង​ដែរ»។

ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​រៀបចំ​ពិធី​មង្គលការ និង​សហគ្រិន មេចុងភៅ ណាក់ ក្នុង​កម្មវិធី​ពិភាក្សា​នឹង​ចែក​រំលែក​ការ​យល់ដឹង​​អំពី​របៀប​បញ្ចូល​គ្រឿងផ្សំ​របស់​ខ្មែរ​ទៅ​ក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ ដូចជា ពិធី​ទទួល​អាពាហ៍ពិពាហ៍​ជាដើម។

អ្នកស្រី រស់ រតនៈ ឬ​ចុងភៅ ណាក់ បាន​ឱ្យ​ដឹង​ថា៖ «កម្មវិធី​ពិភាក្សា​នេះ​គឺជា​ពេលវេលា​មួយ​ដែល​យើង​ជជែក​​គ្នា​អំពី​អ្វីដែល​យើង​អាច​ធ្វើ​បាន​ចំពោះ​គ្រឿង​ផ្សំ និង​ផលិតផល​កសិផល​ខ្មែរ​ក្នុង​កម្មវិធី​ធំៗ ជាពិសេស ពិធី​មង្គលការ ដែល​ជា​ជំនួញ​ដ៏ធំ​នៅ​កម្ពុជា»។

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ ហុង រស្មី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ៣១ ឧសភា ឆ្នាំ២០២៤
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍