រដ្ឋមន្ត្រីឧស្សាហកម្មលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតក្នុងស្រុកនាំយក​ម្ហូប​ខ្មែរ​ជូនដល់អតិថិជន​ទូទាំង​ពិភពលោក

រដ្ឋមន្ត្រីឧស្សាហកម្មលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតក្នុងស្រុកនាំយក​ម្ហូប​ខ្មែរ​ជូនដល់អតិថិជន​ទូទាំង​ពិភពលោក

 

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីតាំងសិប្បកម្មផលិតចំណីអាហារ PPF Yummy Manufacturing នៅពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបានចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុននៅក្នុងខណ្ឌសែនសុខ ដើម្បីផ្តល់ការលើកទឹកចិត្ត ស្វែងយល់បន្ថែមអំពីប្រតិបត្តិការ និងផ្តល់ការគាំទ្រចាំបាច់នានាជូនដល់ក្រុមហ៊ុន។

សិប្បកម្មផលិតចំណីអាហារ PPF Yummy Manufacturing ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ និងបានវិវត្តពីអាជីវកម្មលក្ខខណៈគ្រួសារដែលលក់តែតាមប្រព័ន្ធអនឡាញ ទៅជាសហគ្រាសដែលមានសក្តានុពលមួយ។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតផលិតផលដែលអាចទទួលទានបានភ្លាមៗ (ready-to-eat food) ចំនួន៨ មុខ ដូចជា ប្រហុកខ្ទិះ ប្រហុកអង្ក្រង និងបុកត្រីឆ្អើរ ព្រមទាំងផលិតផលសម្រាប់ចម្អិនលាយគ្រឿងជាស្រេច (ready-to-cook food) ដូចជាឆ្អឹងជំនីប្រឡាក់ សាច់គោចំណិត និងសាច់គោជ្រនួចជាដើម។

ផលិតផលទាំងនេះត្រូវបានដាក់លក់នៅក្នុងផ្សារក្នុងស្រុក ផ្សារទំនើបធំៗ និងភោជនីយដ្ឋានមួយចំនួននៅទូទាំងប្រទេស។ ក្រុមហ៊ុនក៏បានចាប់ផ្តើមនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េកាលពីខែឧសភា ឆ្នាំ២០២៤នេះផងដែរ។ លោក ជា ចិត្រា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PPF Yummy Manufacturing បានលើកឡើងថា៖ “យើងបាននាំចេញផលិតផលចំនួន៥០០ គីឡូក្រាមទៅកាន់ប្រទេសកូរ៉េខាងត្បូងរួចហើយ ហើយយើងគ្រោងពង្រីកការនាំចេញរបស់យើងទៅកាន់ប្រទេសចំនួន៥នាពេលដ៏ខ្លីខាងមុខ។”

បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតគ្រឿងឧបភោគបរិភោគខ្មែរចន្លោះពី ៣០០ ទៅ ៥០០ កែវក្នុងមួយថ្ងៃ និងគ្រោងពង្រីកមុខផលិតផលរបស់ខ្លួន ដូចជាគ្រឿងទេស ទឹកជ្រលក់ អាហារក្រៀមសម្រាប់ហ្មុកខ្មែរ (អាម៉ុកខ្មែរ) នំបញ្ចុកខ្មែរ និងបង្អែមខ្មែរជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបាន​កោតសរសើរ​​ចំពោះ​សមិទ្ធផល និង​ការខិតខំពង្រឹងគុណភាព និង​ស្តង់ដារ​ចំណីអាហាររបស់ក្រុមហ៊ុន។ ឯកឧត្តមបានលើកឡើងថា៖ ពាក្យ ‘ខ្មែរធ្វើបាន’  ជាទិសស្លោកដ៏សំខាន់ ដែលរួមបញ្ចូលមិនត្រឹមតែការផលិតបានប៉ុណ្ណោះទេ ប៉ុន្តែផលិតបានហើយ លក់បានទៀត ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ។ ឯកឧត្តមបានលើកទឹកចិត្តក្រុមហ៊ុនផលិតចំណីអាហារក្នុងស្រុកផ្សេងទៀត ឱ្យផ្តោតលើការលើកកម្ពស់ស្តង់ដារគុណភាព អនាម័យ និងសុវត្ថិភាពចំណីអាហារ ដោយអាចយកគំរូពីសិប្បកម្ម PPF Yummy Manufacturing ។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនសម្រាប់ការអភិវឌ្ឍរបស់ក្រុមហ៊ុន រួមមានការបន្តលើកកម្ពស់អនាម័យ និងស្តង់ដារ, ការស្រាវជ្រាវ និងប្រៀបធៀបរសជាតិជាមួយផលិតផលរបស់ប្រទេសជិតខាងដើម្បីបង្កើតរស់ជាតិពិសេស, ព្រមទាំងការផ្តោតលើសុខភាព និងបង្ហាញព័ត៌មានអំពីកម្រិតអាហារូបត្ថម្ភលើស្លាកសញ្ញាផលិតផលជាដើម។  ឯកឧត្តមក៏បានលើកឡើងពីសារៈសំខាន់នៃការធ្វើយ៉ាងណាឱ្យផលិតផលអាចរក្សាទុកបានយូរ កាត់បន្ថយថ្លៃដើមដើម្បីប្រកួតប្រជែងតម្លៃ និងធានាការត្រួតពិនិត្យគុណភាពតឹងរ៉ឹងដើម្បីទប់ស្កាត់ឧប្បត្តិហេតុណាមួយ ដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន។

សិប្បកម្ម PPF Yummy Manufacturing ប្រៀបដូចជា “មេដែកធំ” មួយ ដែលមិនត្រឹមតែបង្កើតការងារសម្រាប់បុគ្គលិក៣០នាក់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់កសិករជាច្រើនដែលផ្គត់ផ្គង់វត្ថុធាតុដើមដល់ក្រុមហ៊ុននេះផង ដែរ។

ឯកឧត្តមហែម វណ្ណឌី បានលើកឡើងបន្ថែមពីសារៈសំខាន់នៃការបង្កើតប្រព័ន្ធអេកូឡូស៊ីដែលលើកកម្ពស់ស្តង់ដារគុណភាព និងធានាបរិមាណដើម្បីបំពេញតម្រូវការផលិត ពិសេសនៅពេលមានកំណើនតម្រូវការវត្ថុធាតុដើមខ្ពស់នាពេលអនាគត។

ក្នុងអនុសាសន៍សំខាន់មួយទៀត ឯកឧត្តមបានលើកទឹកចិត្តក្រុមហ៊ុនឱ្យសហការជាមួយស្ថាប័នស្រាវជ្រាវ ដូចជាមន្ទីរពិសោធន៍ និងសាកលវិទ្យាល័យ ដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍លើមុខផលិតផល និងពង្រីកបច្ចេកវិទ្យាចំណីអាហារថ្មីៗបន្ថែមទៀត។ ឯកឧត្តមបានជម្រាបជូនថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ផ្តល់ការគាំទ្រដល់វិស័យឯកជនលើការការពារកម្មសិទ្ធិបញ្ញាសម្រាប់នវានុវត្តន៍របស់ពួកគេផងដែរ និងបានលើកទឹកចិត្តឱ្យវិស័យឯកជនទាញយកអត្ថប្រយោជន៍ពីសេវាសាធារណៈរបស់ក្រសួង។

 

ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤​

https://pafipayakumbuhkab.org slot thailand slot 4d