ជាស្ថាបនិកដ៏ពូកែមួយរូបលោក ជា ឡង់ដា ជាបេក្ខភាពក្នុងយុទ្ធនាការ «បុគ្គលល្អឯក» រដូវកាលទី២របស់ក្រុមហ៊ុនស្រាបៀរ ABC ដែលកម្មវិធីមួយនេះបង្កើតឡើងក្នុងគោលបំណងកោតសរសើរ និងចែករំលែករឿងរ៉ាវរបស់បុគ្គល១០រូប មកពីវិស័យខុសៗគ្នា ដែលហ៊ានសុបិន ហើយសម្រេចសុបិននោះឱ្យជោគជ័យដូចដែលខ្លួនប្រាថ្នា។ កម្មវិធីនេះក៏មានគោលបំណងបំផុសទឹកចិត្ត ដល់យុវជនជំនាន់ក្រោយឱ្យហ៊ានក្រោកឈរតាមចាប់ក្តីស្រមៃ ដើម្បីមានឱកាសក្លាយជាបុគ្គលល្អឯកដែលមហាជនទទួលស្គាល់ និងស្ញើចសរសើរ។
ជាបុគ្គលល្អឯកមួយរូប លោក ជា ឡង់ដា ក៏ជាស្ថាបនិក និងនាយកប្រតិបត្តិការរបស់ក្រុមហ៊ុន Bookmebus ដែលជាវេទិកាធ្វើដំណើរមួយជួយឱ្យអ្នកធ្វើដំណើរទាំងភ្ញៀវជាតិ និងអន្តរជាតិ អាចកក់សំបុត្រឡានក្រុង ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ។ បន្ថែមពីនេះក៏អាចកក់កាណូតល្បឿនលឿនទៅកាន់ កោះរ៉ុង និងកោះផ្សេងៗទៀតនៅក្នុងប្រទេសយើងយ៉ាងងាយស្រួលនិងចំណេញពេលវេលា។
ក្រៅពីនេះក៏មានដូចជាសេវាកម្មកក់ឡានឈ្នួលឯកជន (Private Taxi) ទៅកាន់ ២៥ខេត្តក្រុង និងធ្វើដំណើរឆ្ពោះទៅប្រទេសជិតខាង ដូចជា៖ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវផងដែរ។
ផ្តើមពីបុគ្គលសាមញ្ញមួយរូបដែលត្រូវធ្វើដំណើរទៅស្រុកកំណើតដូចគេឯងដែរ លោក ជា ឡង់ដា បានប្រាប់ថា៖ «ការធ្វើដំណើរហាក់មានការលំបាកខ្លាំង តែខ្ញុំមានជម្រើសតែ២ប៉ុណ្ណោះ ដោយលោកត្រូវជិះទៅទិញសំបុត្រឡានក្រុង ដែលនៅឆ្ងាយពីផ្ទះ ឬចាំឡានឈ្នួលនៅបេនឡាន ហើយពេលខ្លះត្រូវអង្គុយចាំរហូតទាល់តែឡានមានមនុស្សពេញទើបអាចចេញដំណើរបានថែមទៀតផង ដែលវាធ្វើឱ្យខាតពេលវេលាច្រើន ដើម្បីបានជិះឡានទៅស្រុកកំណើតម្តងៗ»។
លោកបន្តថា៖ «ខ្ញុំជាខ្មែរមានអារម្មណ៍ធុញទ្រាន់នឹងការធ្វើដំណើរបែបនេះ ទាំងខាតពេល និងគ្មានសណ្តាប់ធ្នាប់ ចុះទម្រាំភ្ញៀវបរទេស ដែលមិនអាចនិយាយភាសាខ្មែរបានទៀត តើពួកគាត់នឹងមានការលំបាកយ៉ាងណា? ដូច្នេះហើយ ទើបខ្ញុំមានគំនិតចង់បង្កើតកម្មវិធី Bookmebus នេះឡើង ហើយដោយសារតែខ្ញុំជានិស្សិតដែលសិក្សាផ្នែកវិទ្យាសាស្ត្រ វាក៏បានជួយជំរុញឱ្យខ្ញុំតោងចាប់ក្តីស្រមៃនៃការបង្កើតកម្មវិធីកក់ឡានក្រុងមួយនេះ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និង ចំណាយពេលតិចបំផុតក្នុងការទិញសំបុត្ររថយន្ត»។
សម្រាប់អត្ថបទទាំងស្រុងសូមចូលទៅកាន់តំណភ្ជាប់នេះ
រៀបរៀងដោយ៖ លោក ហ៊ួន ស៊ីឡូន
ប្រភពដើម៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២