ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់លទ្ធភាពបន្ថែមទៀតលើការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម (SME) ជាពិសេសសហគ្រិនស្ត្រីក្រុមហ៊ុនក្រេឌីតប្យួរ៉ូខេមបូឌា (CBC) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីលើកកម្ពស់គម្រោងគាំទ្រការធានាឥណទាន និងការទទួលយកការវិភាគទិន្នន័យក្នុងការសម្រេចចិត្តឥណទានដោយស្ថាប័នហិរញ្ញវត្ថុទូទាំងប្រទេសកម្ពុជា។
ស្ថាប័នទាំង ២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី ១១ ខែសីហា ដើម្បីពង្រីកលទ្ធភាពទទួលបានឥណទានដោយផ្តល់នូវការវាយតម្លៃកម្ចីកាន់តែប្រកបដោយតម្លាភាពដល់សហគ្រិនស្ត្រីនិង SMEs។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានបានពី CBC។
យោងតាម MoU នេះ CBC នឹងផ្តល់នូវព័ត៌មានប្រវត្តិឥណទានដែលផ្សារភ្ជាប់ព័ត៌មានអសមប្បមាណរវាងអ្នកខ្ចី និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលកាត់បន្ថយថ្លៃចំណាយប្រតិបត្តិការនៃការផ្តល់កម្ចី និងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន។ ខណៈដែល CGCC នឹងផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដល់ក្រុមហ៊ុនឬអាជីវកម្មដែលមានលទ្ធភាពសងតែខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី។ ជាពិសេសនៅក្នុងបរិបទនៃការប៉ះពាល់ដល់សេដ្ឋកិច្ចដោយសារវិបត្តិជំងឺកូវីដ ១៩ ការគាំទ្រពី CGCC កំពុងបន្តចូលរួមចំណែកដល់ការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចជំរុញការផ្តល់ឱកាសការងារនិងស្ថិរភាពសេដ្ឋកិច្ច។
លោកអឿសុធារ័ត្នប្រធាននាយកប្រតិបត្តិ CBC មានប្រសាសន៍ឱ្យដឹងថា៖«ភាពជាដៃគូនេះបង្ហាញសមិទ្ធផលដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រីនិងម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យមក៏ដូចជាការធានានូវវិធីសាស្ត្រប្រកបដោយតម្លាភាពទំនុកចិត្តនិងការបញ្ចូលទិន្នន័យសម្រាប់បង្កើតនូវលទ្ធភាពទទួលបានហិរញ្ញប្បទាននៅក្នុងប្រទេសនេះ។
លោកថ្លែងថា៖ «កិច្ចសហការរវាង CBC និង CGCC នឹងអាចពង្រឹងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់យើងនិងសម្រួលដល់តម្រូវការនៃការគាំទ្របន្ថែមជាច្រើនដល់ SMEs»។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ម៉ៃ គុណមករា
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២