ឥណទានធនាគារ SME បញ្ចេញក្នុងវិស័យទេសចរណ៍មានជាង $៥៤ លាន

ឥណទានធនាគារ SME បញ្ចេញក្នុងវិស័យទេសចរណ៍មានជាង $៥៤ លាន

 

ភ្នំពេញៈ ប្រា​ក់ជាង ៥៤​ លាន​ដុល្លារ ត្រូវបាន​ធនាគារ SME (SME Bank) អនុម័ត​ទៅឱ្យ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន ៣៥០​ សហគ្រាស ដែល​ស្មើនឹង​ទឹកប្រាក់​ជាង ៥៤​ លាន​ដុល្លារ ឬ​ជាង ៣៦ ​ភាគរយ​ នៃ​គម្រោង​សហ​ហិរញ្ញប្បទាន​ចំ​នួន ១៥០​ លាន​ដុល្លារ​ ដែលរាជរដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ឱ្យ​ធនាគារ SME ប្រើប្រាស់​ដើម្បី​ផ្តល់​កម្ចី​ក្នុងន័យ​ស្តារ និង​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​ឱ្យ​ងើប​ចេញពី​វិបត្តិ​បណ្តាលមកពី​ជំងឺ​កូ​វីដ​ ១៩​។​

​ឯកសារ​វឌ្ឍនភាព​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំ​​រុញ​កំណើន​ក្នុង​វិស័យ​ទេសចរ​ណ៍ របស់​ធនាគារ SME ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែសីហា ឆ្នាំ ​២០២៣ មាន​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន ៣៥០​ សហគ្រាស​ទទួលបាន​ហិរញ្ញ​ប្ប​ទាន​ពី​គម្រោង​សហ​ហិរញ្ញ​ប្ប​ទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​ (TRCS) ជាមួយនឹង​ទំហំ​ហិរញ្ញប្បទាន​ចំនួន ៥៤,១៦ លាន​ដុល្លារ ឬ​ស្មើនឹង ៣៦,១ ​ភាគរយ​នៃ​គម្រោង​ថវិកា​សរុប ១៥០ ​លាន​ដុល្លារ​។ ចំនួន​សហគ្រាស​ដែល​ទទួលបាន​ការអនុម័ត​ពី SME Bank ក្នុង​រយៈពេល​ចុងក្រោយ​នេះ​គឺ​កើន​យឺត​បំផុត​បើ​ធៀប​ពេល​ចាប់​ផ្តើមដំបូង ពោលគឺ​ក្នុង​ខែកក្កដា និង​សីហា មាន​សំណើ​របស់​សហគ្រាស​ចំនួន ២ ប៉ុណ្ណោះ​ដែល​ត្រូវបាន​អនុម័ត​។​

​ធនាគារ SME ឱ្យដឹងទៀតថា ក្នុងចំណោម​ហិរញ្ញប្បទាន​ទាំងនោះ​គឺ​អា​ជីវ​កម្ម​សណ្ឋាគារ ចំនួន ២៩​ ភាគរយ​, អាជីវកម្ម​ផ្ទះសំណាក់ ២៥​ ភាគរយ​, អាជីវកម្ម​ភោជនីយដ្ឋាន ៣១​ ភាគរយ និង​អាជីវកម្ម​គាំទ្រ​វិស័យ​ទេសចរណ៍ ១៥​ ភាគរយ​។ សហគ្រិន​មាន​ម្ចាស់​ជា​ស្ត្រី ៤១​ ភាគរយ​បានទទួល​កម្ចី​ក្នុង​គម្រោង​ខាងលើ​។​

​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ របស់​ធនាគារ SME ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច និង​ហិញ្ញ​វត្ថុ ប្រកាស​ដាក់ឱ្យអនុវត្ត​កាលពី​ថ្ងៃទី ​១៧ ខែឧសភា ឆ្នាំ​ ២០២២ ក្រោម​ហិរញ្ញប្បទាន ១៥០​ លាន​ដុល្លារ​ដែល​បាន​ពី​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល ៧៥ ​លាន​ដុល្លារ ​(​តាមរយៈ SME Bank) និង​ថវិកាបដិភាគ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូល​​រួម​ចំនួន ៧៥​ លាន​ដុល្លារ​។ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ដែល​ចូលរួម​មាន​ប្រ​​មាណ​ជាង ២០ ដូចជា ធនាគារ​អេ​ស៊ី​លីដា​, កាណាឌីយ៉ា​, ស្ថាបនា​, FTB, ABA, LOLC, Wing, Amret និង CIMB ជាដើម​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍