កម្ពុជាជំរុញការប្រើប្រាស់ AI ប្រកបដោយបរិយាបន្នដើម្បីកំណើនប្រកបដោយចីរភាពក្នុងវេទិកាចិន-អាស៊ាន

កម្ពុជាជំរុញការប្រើប្រាស់ AI ប្រកបដោយបរិយាបន្នដើម្បីកំណើនប្រកបដោយចីរភាពក្នុងវេទិកាចិន-អាស៊ាន

 

ខេត្តណាននីង សាធារណរដ្ឋប្រជាមានិតចិន — កម្ពុជាបានស្នើពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើបច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ដោយផ្តោតលើនវានុវត្តន៍ជាកត្តាជំរុញវិបុលភាព និងបរិយាបន្ន នៅក្នុងវេទិកាលើក​ទី១៣ ស្ដីពីការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការនវានុវត្តន៍ ចិន-អាស៊ាន នៅទីក្រុងណាននីង ប្រទេសចិន ពីថ្ងៃទី១៦-២១ ខែកញ្ញា ឆ្នាំ២០២៥។

វេទិកាដែលរៀបចំឡើងក្រោមមូលបទ “បញ្ញាសិប្បនិម្មិតរួម អនាគតរួម” បានប្រមូលផ្តុំអ្នកដឹក​នាំក្នុង​វិស័យ​បច្ចេកវិទ្យា និងអ្នករៀបចំគោលនយោបាយមកពីទូទាំងទ្វីបអាស៊ី ដើម្បីកំណត់ទិសដៅសម្រាប់បរិវត្តកម្មឌីជីថល និងកំណើនប្រកបដោយចីរភាព។

ថ្លែងទៅកាន់អង្គវេទិកា ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI) បានបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់ AI ដើម្បីជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយគម្លាតឌីជីថល និងលើកកម្ពស់សុខុមាលភាពប្រជាជន។

ឯកឧត្តមបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន និងមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា ចិន-អាស៊ាន (CATTC) ដោយលើកឡើងថា៖“វេទិកានេះមិនត្រឹមតែឆ្លុះបញ្ចាំងពីមហិច្ឆតារួមនៃប្រជាជាតិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏​បង្ហាញពី​ទំនួល​ខុសត្រូវដែលយើងត្រូវរួមគ្នារ៉ាប់រង ដើម្បីធានាថា បញ្ញាសិប្បនិម្មិតត្រូវបានប្រើជាឧបករណ៍សម្រាប់បង្កើនសក្តានុពល។”

ឯកឧត្តមបានរំលេចពីក្របខ័ណ្ឌគោលនយោបាយរបស់កម្ពុជា ដូចជាគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០ និងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ដែលតម្រង់ទិសការចាប់យកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់វិស័យអាទិភាពរបស់ជាតិ។

ឯកឧត្តមក៏បានស្នើកំណត់អាទិភាពសម្រាប់កិច្ចសហការថ្នាក់តំបន់ចំនួនបី រួមមានការប្រើប្រាស់ AI សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព, ការពង្រីកលទ្ធភាពប្រើប្រាស់ AI សម្រាប់សហគ្រាសធុនតូចនិងមធ្យម ស្ត្រី និងសហគមន៍ជនបទ, ​និងការរៀបចំអភិបាលកិច្ច AI ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖“កម្ពុជាប្តេជ្ញាសហការជាមួយអាស៊ាន និងមិត្តចិន ហើយតាមរយៈគតិបណ្ឌិតនិងការប្តេជ្ញាចិត្តរួមគ្នារបស់យើង យើងអាចកសាងអនាគតមួយប្រកបដោយនវានុវត្តន៍ ចីរភាព និងវិបុលភាពរួម។”

វេទិកានេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយដែលគាំទ្រផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន។

ចាប់តាំងពីឆ្នាំ២០១៣មក វេទិកានេះបានទាក់ទាញអ្នកចូលរួមជាង ១៨.០០០នាក់ រួមទាំងថ្នាក់អនុរដ្ឋមន្រ្តីជាង ១០៩ រូប មកពីអាស៊ាន និងចិន ហើយបានសម្របសម្រួលកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៥៧០។ វេទិកានេះក៏ជាយន្តការសម្របសម្រួលកិច្ចពិភាក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទ្វេភាគីចំនួន ៣២ ហើយនៅតែបន្តជាវេទិកាលើកកម្ពស់ការផ្គូផ្គងតម្រូវការ និងការផ្គត់ផ្គង់បច្ចេកវិទ្យានៅទូទាំងតំបន់។

ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍