កម្ពុជា​នាំ​ចេញ​គ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាផ្លូវ​ការ​ទៅ​ប្រទេស​អូស្រ្តាលី

កម្ពុជា​នាំ​ចេញ​គ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាផ្លូវ​ការ​ទៅ​ប្រទេស​អូស្រ្តាលី

 

គ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមកម្ពុជាប្រមាណ​ជាង ១២ តោន​ត្រូវ​បាន​នាំ​ចេញ​ជាផ្លូវការលើកដំបូងទៅកាន់ប្រទេសអូស្ត្រាលី ខណៈ​ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា​ចាត់​ទុក​ថា​​ជា​ចំណែក​ដែលនឹង​​ជួយ​គាំទ្រ​ដល់​ការ​សម្រេច​​គោលដៅ​របស់​ប្រទេសកម្ពុជាក្នុង​ការចាក​ចេញពីក្រុមប្រទេស​អភិវឌ្ឍ​ន៍​តិចតួច​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​​។

ពិធីសម្ពោធការនាំចេញគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមកម្ពុជា​ទៅ​កាន់​ប្រទេស​អូស្រ្តាលី ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ដោយ​មាន​ការចូលរួម​ពីតំណាងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន RTT និងសហគ្រិនខ្មែរ​ជា​ច្រើន​ទៀត​។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​ក្រសួង​ពាណិជ្ជកម្ម និង​ស្ថាន​ទូត​អូស្រ្តាលី បាន​ឱ្យ​ដឹង​ថា កិច្ចព្រមព្រៀងនេះអាចសម្រេចទៅបានក្រោមកិច្ចគាំទ្រយ៉ាងខ្លាំងពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ​កម្ពុជា​-អូស្ត្រាលី​សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ CAPRED បានគាំទ្រក្រុមហ៊ុន Royal Trust Trading Co., Ltd. (RTT) និងអាជីវកម្មកសិកម្មផ្សេងទៀតរបស់កម្ពុជា តាមរយៈជំនួយបច្ចេកទេសបណ្តុះបណ្តាលលើការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការផ្សារភ្ជាប់ក្រុមហ៊ុនទាំងនោះទៅបណ្ដាញទីផ្សារនានា។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​ការ​នាំ​ចេញគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមកម្ពុជា ទៅ​ប្រទេស​អូស្រ្តាលី​លើក​ដំបូង​នេះ មាន​បរិមាណ​ជាង ១២​ តោន ដែល​រួមមាន​ គ្រាប់ស្វាយចន្ទី ស្វាយក្រៀម ខ្នុរក្រៀម ចេកក្រៀម និងត្រាវចំនិតក្រៀម។ ចំណែក​ការនាំចេញលើកទី ២ គឺត្រូវបានគ្រោងទុករួចជាស្រេច ដោយនឹងមានប្រភេទផលិតផលផ្សេងបន្ថែម​ទៀត និងបរិមាណច្រើនជាងមុន​។

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Derek Yip បាននិយាយ​ថា​ អូស្ត្រាលី​មានមោទនភាពក្នុងការធ្វើជាដៃគូជាមួយ​កម្ពុជា​ និងអាជីវកម្មរបស់កម្ពុជាដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង និងឈាន​ទៅ​ទទួលបានទីផ្សារថ្មីៗ។ កិច្ចខិតខំប្រឹងប្រែងនេះ​នឹងជួយគាំទ្រដល់គោលដៅរបស់​ប្រទេសកម្ពុជា​ក្នុង​ការចាក​ចេញ​ពី​ក្រុម​ប្រទេសអភិវឌ្ឍន៍​តិចតួចប្រកបដោយជោគជ័យ។

លោក​បាន​បន្ថែម​ថា៖​«​កិច្ចខិតខំប្រឹងប្រែងទាំងនេះ ក៏នឹងជួយបង្កើន​នូវ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំង​ពីរ​​ផងដែរ​។ យើងប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរបស់យើងជាមួយកម្ពុជា និងគាំ​ទ្រ​ការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក»។

លោក​លើក​ឡើង​ទៀត​ថា ព្រឹត្តិការណ៍នេះ ក៏​បាន​​គូសបញ្ជាក់ពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃការនាំចេញរបស់កម្ពុជា។

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៥​ ខែសីហា ឆ្នាំ២០២៥​

ព៍ត៌មាន៖ ភ្នំពេញ​ ប៉ុស្តិ៍