កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិក្នុងបរិមាណជាង ១ លានតោនកាលពីឆ្នាំ ២០២៥ ដោយប្រមូលប្រាក់បាន ១,៥ ពាន់លានដុល្លារ កើនឡើងជាង ១/៤ដង បើធៀបនឹងឆ្នាំ២០២៤។ វៀតណាម គឺជាទីផ្សារទទួលទិញគ្រាប់ស្វាយចន្ទីឆៅធំជាងគេរបស់កម្ពុជា។
ទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា(សសក) ឱ្យដឹងថា ក្នុងរយៈពេល ១២ខែឆ្នាំ២០២៥ កម្ពុជាប្រមូលផលគ្រាប់ស្វាយចន្ទីឆៅបានសរុបប្រមាណ ១ ០២០ ៧៥៧ តោន ដែលនេះបង្ហាញពីភាពធន់នៃវិស័យស្វាយចន្ទីកម្ពុជាចំពេលមានបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុដែលកើតមានជាបន្តបន្ទាប់។
សសក ឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ ០០០ ៧៥៧ តោនទៅទីផ្សារប្រទេសជិតខាង ដោយអាចរកថវិកាចូលជាតិប្រហែល ១,៥ ពាន់លានដុល្លារ កើនជាង ២៧% បើធៀបនឹងឆ្នាំ២០២៤។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បាននិយាយថា ទោះបីមានភាពរអាក់រអួលខ្លាំងទាក់ទងនឹងអាកាសធាតុកាលពីដើមឆ្នាំ២០២៥ ក៏បរិមាណទិន្នផលគ្រាប់ស្វាយចន្ទីកម្ពុជា នៅតែទទួលបានច្រើនគួរឱ្យកត់សម្គាល់។
លោកបានរំលឹកថា កាលពីខែមីនា ឆ្នាំ២០២៥ លក្ខខណ្ឌអាកាសធាតុអាក្រក់បានជះឥទ្ធិពលអវិជ្ជមានខ្លាំងដល់ការប្រមូលផលដែលជំរុញឱ្យអ្នកជំនាញ និងតំណាងឧស្សាហកម្មមួយនេះធ្វើការព្រមានពីការធ្លាក់ចុះទិន្នផលស្វាយចន្ទី។ ទោះយ៉ាងណា ស្ថានភាពបានចាប់ផ្តើមប្រសើរឡើងវិញនៅខែមេសា បន្ទាប់ពីសមាគមស្វាយចន្ទីកម្ពុជាបានដាក់ចេញនូវវិធានការសម្របខ្លួននឹងអាកាសធាតុ។ លោកបន្ថែមថា លទ្ធផលវិជ្ជមានបានបន្តរហូតដល់ខែឧសភា និងមិថុនា នៅពេលដែលលក្ខខណ្ឌអាកាសធាតុមានស្ថិរភាព ដែលអនុញ្ញាតឱ្យផលិតកម្មស្វាយចន្ទីងើបឡើងវិញ និងលើសពីការរំពឹងទុកកាលពីដំបូង។
លោកថ្លែងថា៖«ទិន្នផលចុងក្រោយនេះ ហាក់ដូចជាផ្ទុយពីការព្រួយបារម្ភដំបូងដែលលើកឡើងដោយ សសក បើទោះបី សសក បានប្រឹងប្រែងក្នុងរយៈពេល ៣ ឆ្នាំកន្លងមកដើម្បីជំរុញវិធីសាស្ត្រកសិកម្មសរីរាង្គ និងភាពធន់នឹងអាកាសធាតុ ក្នុងន័យជួយកសិករសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ»។
យោងតាម សសក ដោយសារសមត្ថភាពនៃរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានៅមានកម្រិតទាប ដូច្នេះទិន្នផលគ្រាប់ស្វាយចន្ទីឆៅស្ទើទាំងអស់ត្រូវបាននាំចេញ(ប្រទេសវៀតណាម)។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍