កម្ពុជារៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច លើកទី១ ដោយជំរុញការផលិត កែច្នៃ និងការនាំចូលទីផ្សារអ៊ឺរ៉ុប

កម្ពុជារៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច លើកទី១ ដោយជំរុញការផលិត កែច្នៃ និងការនាំចូលទីផ្សារអ៊ឺរ៉ុប

 

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ − វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា លើកទីមួយ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥ ក្រោមមូលបទ៖ ”ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប” ។

វេទិកានេះមានគោលបំណងពង្រឹងវិស័យស្វាយចន្ទី និងម្រេចរបស់កម្ពុជា តាមរយៈការលើកកម្ពស់ការផលិត ការកែច្នៃ និងការឈានចូលទីផ្សារថ្មីៗ ដែលរួមចំណែកដល់គោលដៅជំរុញទំនើបកម្មឧស្សាហកម្ម និងការកែច្នៃផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។

វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា លើកទី១ ត្រូវបានសហការរៀបចំឡើង ដោយក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហភាពអឺរ៉ុប សហព័ន្ធសាធារណរដ្ឋអាល្លឺម៉ង់ ស​ហ​ព័​ន្ធ​ស្វាយ​ច​ន្ទី​ក​ម្ពុ​ជា​​ ​និ​​​ងស​ហ​គ​ម​ស​ហ​​ព័ន្ធ​ម្រេ​ច ​និ​ង​​គ្រឿង​​ទេស​កម្ពុជា ដោយបានប្រមូលផ្តុំក្រុមហ៊ុនផលិត កែច្នៃ នាំចេញ អ្នកវិនិយោគ និងក្រុមហ៊ុនចែកចាយក្នុងវិស័យស្វាយចន្ទី និងម្រេចប្រមាណ ៣០០ នាក់ មកពីកម្ពុជា អាស៊ាន និងអ៊ឺរ៉ុប។

ឯកឧត្តម ហែម វណ្ណឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជាមានស្តង់ដារជាតិសម្រាប់ផលិតផលគ្រាប់ស្វាយចន្ទីចំនួន ១ ស្តង់ដារ និងផលិតផលម្រេចចំនួន ៤ ស្តង់ដារ ហើយកំពុងកែសម្រួលស្តង់ដារគ្រាប់ស្វាយចន្ទីឱ្យសមស្របទៅតាមស្ថានភាពបច្ចុប្បន្ន។

ឯកឧត្តមបានបន្ថែមថា៖ “នាពេលថ្មីៗនេះ កម្លាំងផលិត និងកែច្នៃក្នុងស្រុកកំពុងទទួលបាននូវការគាំទ្រយ៉ាងក្លៀវក្លា និងកំពុងមានសន្ទុះនិងចលនការគួរជាទីមោទនៈ។ ក្រសួងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ បន្តចូលរួមសហការ ដើម្បីអភិវឌ្ឍស្តង់ដារស្វាយចន្ទី និងម្រេចបន្ថែមទៀត ឱ្យស្របតាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងបន្តវិនិយោគ​​លើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើការដឹកជញ្ជូន ​កន្លែងស្តុកទុក និងរោងចក្រកែច្នៃ ​​ដើម្បីបង្កើនតម្លៃបន្ថែមនៃផលិតផលស្វាយចន្ទី និងម្រេចសម្រាប់ទីផ្សារថ្មីៗ។”

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា៖“កម្ពុជាកំពុងពង្រីកលទ្ធភាពទទួលបានទីផ្សារថ្មីៗ និងពង្រឹងកេរ្តិ៍ឈ្មោះក្នុងនាមជាដៃគូពាណិជ្ជកម្មប្រកបដោយទំនុកចិត្ត តាមរយៈការទាញយកប្រយោជន៍ពីកិច្ចសម្រួលពាណិជ្ជកម្មនិងអនុគ្រោះផ្សេងៗ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ”

លោកជំទាវរដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលបន្តប្តេជ្ញាលើកកម្ពស់ភាពប្រកួតប្រជែងជាសាកលនៃវិស័យយុទ្ធសាស្ត្រលើផលិតផលស្វាយចន្ធី និងម្រេចដែលមានគុណភាពខ្ពស់ សំដៅសម្រេចបាននូវមហិច្ឆតាពង្រឹងឋានៈរបស់ខ្លួនឱ្យក្លាយជាប្រទេសដែលផលិត និងនាំចេញឈានមុខគេ។

កម្ពុជាកំពុងសហការជាមួយដៃគូនានា រួមទាំងសហភាពអឺរ៉ុប ដើម្បីពង្រឹងការត្រៀមលក្ខណៈសម្រាប់ការនាំចេញ និងធានាអនុលោមតាមស្តង់ដាររបស់ទីផ្សារ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាព ប្រព័ន្ធវិញ្ញាបនបត្រកម្ម និងប្រព័ន្ធតាមដានប្រភពដើមទំនិញ។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះគុណភាពគ្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ថាមានសក្តានុពលប្រែក្លាយពីដំណាំប្រពៃណី ទៅជាផលិតផលសក្តានុពលសម្រាប់ការនាំចេញដ៏សំខាន់។ ឯកឧត្តមបានលើកឡើងថា សហភាពអឺរ៉ុបកំពុងសហការជាមួយកម្ពុជា ដើម្បីគាំទ្រកសិករ និងសហគ្រាសធុនតូចមធ្យម ក្នុងការនាំចេញផលិតផលរបស់ពួគគេទៅកាន់ទីផ្សារអន្តរជាតិ ពិសសទីផ្សារអឺរ៉ុប។

អាល្លឺម៉ង់ក៏ជាដៃគូដ៏សំខាន់មួយ ក្នុងការបើកឱកាសថ្មីៗសម្រាប់ឧស្សាហកម្មស្វាយចន្ទី និងម្រេចរបស់កម្ពុជា។

ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងថា៖ “ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងសហភាពអឺរ៉ុប អាល្លឺម៉ង់មានតម្រូវការផលិត​ផលដែលមានគុណភាពខ្ពស់ និងមានប្រភពច្បាស់លាស់។ កម្លាំងទិញរបស់អ្នកប្រើប្រាស់នៅអាល្លឺម៉ង់ផ្តល់ឱកាសយ៉ាងធំសម្រាប់ការនាំចេញពីកម្ពុជា។ យើងក៏មានបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបផ្នែកផលិត កម្ម និងប្រព័ន្ធវិញ្ញាបនបត្រកម្ម ដែលនឹងជួយលើកកម្ពស់ផលិតផលកម្ពុជា ឱ្យឆាប់ឈានដល់ស្តង់ដារអន្តរជាតិ។”

វេទិការយៈពេលពីរថ្ងៃនេះមានរួមបញ្ចូលព្រឹត្តិការណ៍អឺរ៉ុបរួម (Team Europe) កិច្ចពិភាក្សារបស់អ្នកជំនាញ និងការផ្គូផ្គងអាជីវកម្មដែលផ្សារភ្ជាប់ក្រុមហ៊ុនផលិតនិងកែច្នៃ ជាមួយអ្នកទិញ អ្នកវិនិយោគ និងអ្នកផ្តល់សេវាគាំទ្រ។ នេះក៏ជាវេទិកាគោលនយោបាយ ដែលសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងចំណោមក្រសួង-ស្ថាប័ន និងដៃគូនានា ឆ្ពោះទៅរកការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិឧស្សាហកម្ម និង លើកកម្ពស់ភាពប្រកួតប្រជែងសម្រាប់ការនាំចេញរបស់កម្ពុជាផងដែរ។

ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍