ទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន – នៅក្នុងពិព័រណ៍សហគ្រាសធុនមីក្រូ តូច និងមធ្យមអន្តរជាតិរបស់ប្រទេសចិន (CISMEF) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាបានស្នើបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅទូទាំងតំបន់អាស៊ី។
តំណាងគណៈប្រតិភូកម្ពុជា ឯកឧត្តម បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជាដែលកំពុងរីកចម្រើន និងបានស្នើគំនិតផ្តួចផ្តើមរួមថ្នាក់តំបន់មួយចំនួន។
ឯកឧត្តមបានលើកឡើងថា៖ “សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាតួអង្គសំខាន់ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសលើកកម្ពស់ការងារសមរម្យ កំណើនសេដ្ឋកិច្ច នវានុវត្តន៍ឧស្សាហកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។”
ឯកឧត្តមក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយបន្ថែមថា៖ “យើងជឿជាក់យ៉ាងមុតមាំថា កម្ពុជាបានត្រៀមលក្ខណៈល្អប្រសើរ ក្នុងការរួមចំណែកសំខាន់សម្រាប់ដំណាក់កាលថ្មីនៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។”
ឯកឧត្តមក៏បានស្នើគំនិតផ្តួចផ្តើមដូចជា “កម្មវិធីផ្លាស់ប្តូរនវានុវត្តន៍សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងតំបន់” និង “កម្មវិធីពង្រឹងខ្សែច្រវាក់តម្លៃសហគ្រាសធុនមីក្រូ តូច និងមធ្យម កម្ពុជា-ចិន” ដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការឈានចូលទីផ្សារអន្តរជាតិ។
សំណើទាំងនេះធ្វើឡើងស្របពេលដែលកម្ពុជាប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី ២ និងកំពុងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីជាមួយចិនចំនួន ៣៧ ដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥។
ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍