សេចក្តីសង្ខេប៖ វិស័យកសិកម្មបានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និហើយឥឡូវនេះថែមទាំងបាននាំចេញផលិតផលកសិកម្មរាប់លានតោនក្នុងមួយឆ្នាំៗ ដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិសុខស្បៀងសកលថែមទៀតផង។
របាយការណ៍ពីក្រសួងពាណិជ្ជកម្មបានបង្ហាញកាលពីម្សិលមិញថា ការនាំចេញនៃវិស័យកសិកម្មសំខាន់ៗមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៥។
ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញរួមមាន អង្ករ ចេក ស្វាយ ដំឡូងមី ស្វាយចន្ទី ពោត ម្រេច និងថ្នាំជក់។
របាយការណ៍ផ្លូវការបានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះ កម្ពុជារកចំណូលបាន ៥៤២ លានដុល្លារពីការនាំចេញស្រូវ និង ២៨៩ លានដុល្លារពីការនាំចេញអង្ករ កើនឡើង ១៩ ភាគរយ និង១២ ភាគរយរៀងគ្នា។
កម្ពុជាក៏រកចំណូលបាន ៧៥៣ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី កើនឡើង ៥៦ ភាគរយ និង ៨៩ លានដុល្លារពីការនាំចេញចេកស្រស់ កើនឡើង ២៦ ភាគរយ។
ទោះយ៉ាងណាក៏ដោយ ការនាំចេញដំឡូងមីមានចំនួន ៤៤៥ លានដុល្លារ និង ២០៩ លានដុល្លារពីកៅស៊ូ ធ្លាក់ចុះ ១០ ភាគរយ និង ៨ ភាគរយរៀងគ្នា។
របាយការណ៍បន្ថែមថា ការនាំចេញស្វាយស្រស់មានការធ្លាក់ចុះ ០,២ ភាគរយមកនៅត្រឹម ៩៨ លានដុល្លារ។
របាយការណ៍បានបង្ហាញថាកសិផលផ្សេងទៀតរួមមានពោត ម្រេច និងផ្លែមៀន រកបានប្រាក់ចំណូលរួមគ្នាចំនួន ៥៩ លានដុល្លារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខែមិថុនានេះ ឱ្យជួយគាំទ្រផលិតផលដែលផលិតក្នុងស្រុក និងខិតខំធ្វើការដាំដុះ និងកែច្នៃទំនិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងការប្រើប្រាស់ឱ្យបានកាន់តែទូលំទូលាយ។
ក្នុងសកម្មភាពយុទ្ធសាស្ត្រដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ផលិតកម្មជាតិ លោក ហ៊ុន ម៉ាណែត បានបង្ហាញពីចក្ខុវិស័យប្រកបដោយមហិច្ឆតារបស់រដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ដោយផ្តោតជាពិសេសទៅលើខេត្តភាគខាងលិច។
លោកបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះមានគោលបំណងបណ្តុះគំនិតច្នៃប្រឌិត បង្កើនផលិតកម្មតម្លៃបន្ថែមយ៉ាងសំខាន់នៅក្នុងវិស័យកសិកម្ម និងដើម្បីពង្រីកមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជាលើសពីឧស្សាហកម្មបែបប្រពៃណី។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យកសិកម្មរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើភាពធន់ពិសេស និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។
លោកបានមានប្រសាសន៍ថា “វិស័យកសិកម្មបានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និហើយឥឡូវនេះថែមទាំងបាននាំចេញផលិតផលកសិកម្មរាប់លានតោនក្នុងមួយឆ្នាំៗ ដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិសុខស្បៀងសកលថែមទៀតផង”។
វិស័យកសិកម្មគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។
រដ្ឋាភិបាលបានប្រកាសអនុវត្តគោលនយោបាយយុទ្ធសាស្ត្រថ្មីក្នុងគោលបំណងលើកកម្ពស់វិស័យកសិកម្មពីបែបគ្រួសារទៅជាការធ្វើកសិកម្មបែបពាណិជ្ជកម្ម និងបង្កើនប្រាក់ចំណូលកសិករតាមរយៈផលិតផលបន្ថែមតម្លៃ។
សម្រាប់អត្ថបទដើម សូមអាននៅទីនេះ
ដោយ៖ Chea Vanyuth
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២៥
ព័ត៌មាន៖ ខ្មែរថាមស៍