ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដាក់អោយប្រើប្រាស់ថ្នាលគាំពាសង្គមឌីជីថលកម្ពុជាដើម្បីជំរុញបរិយាបន្នកំណើន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដាក់អោយប្រើប្រាស់ថ្នាលគាំពាសង្គមឌីជីថលកម្ពុជាដើម្បីជំរុញបរិយាបន្នកំណើន

 

សេចក្តីសង្ខេប៖ ការដាក់អោយប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា (CSPP v2.0) គឺជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់រដ្ឋាភិបាលដើម្បីធ្វើឱ្យប្រព័ន្ធគាំពារសង្គមមានលក្ខណៈឌីជីថលស្របតាមផែនការយុទ្ធសាស្រ្តបរិវត្តកម្មឌីជីថល២០២៤-២០២៨។

កាលពីម្សិលមិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា (CSPP v2.0) ដើម្បីបង្កើនការផ្តល់សេវា តម្លាភាព និងការធ្វើសមាហរណកម្មទិន្នន័យនៅទូទាំងគម្រោងសុខុមាលភាព ស្របតាមការជំរុញរបស់រដ្ឋាភិបាលឆ្ពោះទៅរកបរិយាបន្ន និងរដ្ឋាភិបាលឌីជីថល។

ពិធីដាក់អោយប្រើប្រាស់ CSPP v2.0 ធ្វើឡើងក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម (NSPC) និងមានអញ្ជើញចូលរួមពីលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅរាជធានីភ្នំពេញ។

ក្នុងសុន្ទរកថាបើក លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ CSPP v2.0 គឺជាជំហានដ៏សំខាន់ និងជាព្រឹតិ្តការណ៍ថ្មីមួយក្នុងដំណើររបស់រដ្ឋាភិបាលដើម្បីធ្វើឱ្យប្រព័ន្ធគាំពារសង្គមមានលក្ខណៈឌីជីថលស្របតាមផែនការយុទ្ធសាស្រ្តបរិវត្តកម្មឌីជីថល ២០២៤-២០២៨។

លោកបានបន្តថា CSPP v2.0 នឹងដើរតួជាកាតាលីករដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ ដែលត្រូវបានប្រកាសកាលពីដើមឆ្នាំនេះ។

លោកបានបន្ថែមថា “ថ្នាលនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួល សម្រួលការផ្តល់អត្ថប្រយោជន៍ និងធានាឱ្យមានតម្លាភាពនៅទូទាំងកម្មវិធីគាំពារសង្គមសំខាន់ៗ” ។

លោកបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍធនធានមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ដែលជាផ្នែកនៃអាទិភាពសេដ្ឋកិច្ចសង្គមរបស់ខ្លួន។

លោកបានមានប្រសាសន៍ថា “គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព កាត់បន្ថយភាពក្រីក្រ និងវិសមភាព និងពង្រឹងស្ថិរភាពសង្គម និងសាមគ្គីភាព ដែលជាសសរស្តម្ភសំខាន់ដើម្បីសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ Nhean Chamrong

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៧​ ខែតុលា ឆ្នាំ២០២៥​

ព័ត៌មាន៖ ខ្មែរ ថាមសិ៍