ក្រសួងឧស្សាហកម្មបន្តពង្រឹងសមត្ថភាពបច្ចេកទេសរបស់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឯកជន

ក្រសួងឧស្សាហកម្មបន្តពង្រឹងសមត្ថភាពបច្ចេកទេសរបស់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឯកជន

 

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងបន្តពង្រឹងសមត្ថភាពប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឯកជននៅទូទាំងប្រទេស តាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសជាបន្តបន្ទាប់ស្តីពីប្រតិបត្តិការ និងការថែទាំប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត។

កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងចែករំលែកចំណេះដឹងមូលដ្ឋានពីការដំណើរការ និងការថែទាំ ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតឱ្យបានសមស្របតាមលក្ខណៈបច្ចេកទេស ដើម្បីកាត់បន្ថយចំណាយលើការផលិត និងផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងពង្រឹងសមត្ថភាពប្រតិបត្តិករពាក់ព័ន្ធនឹងអនុលោមភាពបច្ចេកទេសនៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតាមនិយាម (SOP) ដែលជាគន្លឹះមួយដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតដែលមានសុវត្ថិភាព គុណភាព និរន្តរភាព និងថ្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់។

តំណាងប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជាង ៣០០នាក់ មកពីខេត្តចំនួន៩ រួមមានរាជធានីភ្នំពេញ តាកែវ កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង កំពង់ធំ និងកំពង់ចាម បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលចំនួន៣លើក ដោយផ្តោតលើ៖

-ប្រភេទនៃប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត៖ ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតបែប Conventional, Compact និង UF membrane ។

-ការដំណើរការប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត៖ ការដំណើរការ និងការថែទាំស្ថានីយបូមទឹកឆៅ ប្រព័ន្ធប្រព្រឹត្តកម្ម ប្រព័ន្ធបណ្តាញចែកចាយទឹកស្អាត និងមធ្យោបាយតភ្ជាប់សេវាផ្គត់ផ្គង់ទឹកស្អាត។

-ស្តង់ដាទឹកស្អាតថ្នាក់ជាតិ៖ ការយកសំណាក ការរក្សាទុកសំណាក ប៉ារ៉ាម៉ែត្រតេស្តប្រចាំថ្ងៃ ប្រចាំត្រីមាស និងប្រចាំឆ្នាំ។

-មេកានិក និងអគ្គិសនី៖ ស្ថានីយបូមទឹកឆៅ ស្ថានីយចែកចាយទឹកស្អាត និងទូបញ្ជាម៉ូទ័របូមទឹក។

 

ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ថ្ងៃអង្គារ, ទី១៩ ខែ សីហា ឆ្នាំ២០២៥