រាជធានីភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវាកម្ម។
កិច្ចប្រជុំនេះត្រូវបានដឹកនាំសម្របសម្រួលដោយ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងមានការចូលរួមពីតំណាងវិស័យឯកជន សមាគមនិងសហព័ន្ធធុរកិច្ច ដៃគូអភិវឌ្ឍន៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ទីររាជធានី-ខេត្ត សរុបប្រមាណ២៣០នាក់។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីការផ្លាស់ប្តូរក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដែលបណ្តាលមកពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដោយផ្តោតលើឱកាសសម្រាប់អ្នកផលិតក្នុងស្រុក។ ឯកឧត្តមបានលើកឡើងថា៖ “បញ្ហាប្រឈមនេះក៏ជាឱកាសសម្រាប់ផលិតករក្នុងស្រុករបស់យើងដែរ។ យើងបានឃើញកំណើននៃតម្រូវការផលិតផលពីក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុក ហើយក្រុមហ៊ុនក្នុងស្រុកជាច្រើនបានបង្ហាញសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងទីផ្សារ។”
ឯកឧត្តមក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកពេញលេញមួយ ដែលមានទាំងពីការផ្គត់ផ្គង់វត្ថុធាតុដើម និងការកែច្នៃ រហូតដល់សេវាឡូជីស្ទីក ការធានាគុណភាព និងលទ្ធភាពចូលក្នុងទីផ្សារ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ “យើងមិនត្រឹមតែត្រូវផលិតឱ្យបានច្រើនប៉ុណ្ណោះទេ តែត្រូវផលិតឱ្យបានកាន់តែល្អប្រសើរ។ ដើម្បីបំពេញតម្រូវការទីផ្សារ និងដើម្បីប្រកួតប្រជែងបាន ទំនិញរបស់យើងត្រូវតែមានស្តង់ដាគុណភាព និងសុវត្ថិភាព។”
នេះជាឆ្នាំទី៣ ក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយផ្នែកឯកជន បន្ទាប់ពីការរៀបចំពីរជុំកន្លងមក ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណើរបស់ផ្នែកឯកជនក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវាកម្ម។
សម្រាប់ជុំទី៣នេះ ក្រសួងបានប្រមូលបញ្ហាប្រឈមពីផ្នែកឯកជននៅទូទាំងប្រទេស ដោយបានបង្រួមជា បញ្ហាប្រឈមជាក់លាក់ចំនួន ១២ រួមបញ្ចូលទាំងបញ្ហាថ្លៃឡូជីស្ទីក និងថ្លៃដើមផលិតកម្មខ្ពស់ ការប្រកួតប្រជែងមិនស្មើភាព លទ្ធភាពទទួលបានហិរញ្ញវត្ថុ ការឈានចូលទីផ្សារ កម្លាំងពលកម្មជំនាញ បញ្ហាបច្ចេកវិទ្យា និងបច្ចេកទេសផលិតកម្ម ព្រមទាំងបញ្ហាប្រឈមក្នុងការធ្វើអនុលោមភាព ដូចជាការចុះបញ្ជីក្រុមហ៊ុន ការចុះបញ្ជីផលិតផល ការបំពេញបែបបទនិងនីតិវិធីគយ និងពន្ធដារ និងការអនុលោមតាមស្តង់ដាជាដើម។ ផ្នែកឯកជនក៏បានលើកឡើងពីតម្រូវការសេវាកម្មគាំទ្រ ដូចជាសេវាមាត្រាសាស្ត្រ សេវាមន្ទីរពិសោធន៍ និងសេវាវិញ្ញាបនបត្រកម្ម រួមទាំងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។
ក្នុងកិច្ចប្រជុំនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធបានផ្តល់ការបកស្រាយ និងដំណោះស្រាយសម្រាប់បញ្ហាប្រឈមនីមួយៗ ដែលបានលើកឡើងដោយផ្នែកឯកជន។ ឯកឧត្តម ហែម វណ្ណឌី ក៏បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តកំណែទម្រង់ រួមទាំងការពង្រីកសេវាសាធារណៈតាមប្រព័ន្ធឌីជីថល និងការបង្កើតយន្តការសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែងរបស់ផ្នែកឯកជន។
ឯកឧត្តមបានលើកឡើងថា៖ “រាជរដ្ឋាភិបាលបានស្តាប់បញ្ហាប្រឈមរបស់ផ្នែកឯកជន ហើយបាននិងកំពុងចាត់វិធានការជាក់ស្តែង រាប់បញ្ចូលទាំងការកែសម្រួលច្បាប់ និងបទប្បញ្ញត្តិ ការផ្តល់ការលើកលែងនិងអត្ថប្រយោជន៍ផ្សេងៗ រហូតដល់ការកែលម្អសេវាសាធារណៈ។ ប៉ុន្តែយើងក៏ត្រូវការឱ្យវិស័យឯកជនមានបុរេសកម្ម និងភាពសកម្ម ដើម្បីចាប់យកឱកាស និងបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់។”
ឯកឧត្តមក៏បានជំរុញឱ្យក្រុមហ៊ុនក្នុងស្រុកខិតខំពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន និងបង្កើតការងារបន្ថែមទៀតសម្រាប់ពលករកម្ពុជា ពិសេសពលករដែលត្រឡប់មកពីប្រទេសថៃ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំរបាយការណ៍ស្តីពីបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ផ្នែកឯកជនក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវាកម្ម ដើម្បីដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តសម្របសម្រួល និងស្វែងរកអន្តរាគមន៍ចាំបាច់របស់រាជរដ្ឋាភិបាល។
ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍