រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៦ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អង្គការ UNICEF និង UNCDF បានពិភាក្សារៀបចំអភិបាលកិច្ចកម្មវិធីរួមហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងថាម ពលឆ្លាតវៃនៅកម្ពុជា (WISE) ដែលជាកម្មវិធីហិរញ្ញប្បទានវិលជុំចម្រុះ បង្កើតឡើងដើម្បីឱ្យគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកចូលរួម ពន្លឿនវឌ្ឍនភាពគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលធន់នឹងអាកាសធាតុ។
លោកបណ្ឌិត Will Parks ប្រធានអង្គការ UNICEF ប្រចាំកម្ពុជា បានលើកឡើងថា គោលគំនិតនៃកម្មវិធីនេះមានជាច្រើនឆ្នាំមកហើយ ហើយទើបត្រូវបានសម្រេចរៀបចំឡើង ដើម្បីកៀរគរហិរញ្ញប្បទានពីវិស័យឯកជន រួមនឹងហិរញ្ញប្បទានសម្បទាន និងកសាងសមត្ថភាពសម្រាប់ប្រតិបត្តិករផ្តល់សេវាទឹកស្អាតឯកជន។
លោកបានលើកឡើងថា៖ “ការបង្កើតកម្មវិធីនេះប្រើពេលរាងយូរបន្តិច តែនេះជាយន្តការហិរញ្ញប្បទានវិលជុំចម្រុះដំបូងបំផុតសម្រាប់វិស័យទឹកស្អាតរបស់កម្ពុជា។”
បច្ចុប្បន្ន ប្រតិបត្តិករឯកជន កំពុងផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនជាង ៣,៥ លាននាក់ ប៉ុន្តែក្រុមហ៊ុនជាច្រើនប្រឈមនឹងឧបសគ្គ ដូចជាចំណាយខ្ពស់លើការទទួលបានទុនវិនិយោគ រយៈពេលកម្ចីខ្លី និងកង្វះសមត្ថភាពបច្ចេកទេសជាដើម។
កម្មវិធី WISE នឹងរួមបញ្ចូលហិរញ្ញប្បទានពាណិជ្ជកម្ម ជាមួយនឹងទុនសម្បទាន ដើម្បីបន្ថយអត្រាការប្រាក់ ដោយផ្តល់ជំនួយបច្ចេកទេសសម្រាប់ប្រតិបត្តិករឯកជន និងការពង្រឹងយន្តការប្រើប្រាស់ការធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់ថា គណៈកម្មាធិការដឹកនាំកម្មវិធី ត្រូវផ្តោតលើការងារយុទ្ធសាស្ត្រ ហើយធ្វើយ៉ាងណាឱ្យយន្តការអនុវត្ត «ស្រាល និងលឿនរហ័ស» និងចំអាទិភាពរបស់ក្រសួង ព្រមទាំងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយភាគីពាក់ព័ន្ធសំខាន់ៗ។
ឯកឧត្តមបានបន្ថែមថា៖ “តាំងពីដើមទី យើងខ្ញុំចង់ឱ្យកម្មវិធីនេះផ្តល់ផលឈ្នះ-ឈ្នះ សម្រាប់ទាំងរាជរដ្ឋាភិបាល ប្រតិបត្តិករឯកជន និងជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋ។ ការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងបច្ចេកវិទ្យា ពិតជាសំខាន់ដើម្បីពង្រឹង និងពង្រីកសេវាទឹកស្អាតនៅកម្ពុជា។”
កម្មវិធី WISE នេះមានគោលដៅគាំទ្រឱ្យប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតយ៉ាងហោចណាស់ ៣០ ក្រុមហ៊ុន វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលដំណើរការដោយថាមពលកកើតឡើងវិញ និងប្រព័ន្ធឌីជីថលគ្រប់គ្រងការផ្តល់សេវា ក្រោមគណៈកម្មាធិការដឹកនាំថ្នាក់ជាតិ ស្របតាមផែនការអភិវឌ្ឍន៍របស់កម្ពុជា។
ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍