ក្រុមប្រឹក្សាស្តង់ដារជាតិអនុម័ត និងកែសម្រួលស្តង់ដារ សរុបចំនួន៦០ ក្នុងកិច្ចប្រជុំលើកទី៣២
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ — ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័ត និងកែសម្រួលស្តង់ដារជាតិសរុប ៦០ ដែលគ្របដណ្តប់លើវិស័យសំខាន់ៗ រួមមាន៖ សំណង់ គីមី ការគ្រប់គ្រងថាមពល ផលិតផលអគ្គិសនី និងអេឡិចត្រូនិក ប្រព័ន្ធយានយន្ត គ្រឿងសំអាង ផលិតផលធ្វើពីឈើ និងវាយនភ័ណ្ឌ។
ស្តង់ដារថ្មីដែលត្រូវបានអនុម័ត រួមមានស្តង់ដារអន្តរជាតិ ISO និង IEC ចំនួន ៥០, ស្តង់ដារកម្ពុជាដែលត្រូវបានកែសម្រួលចំនួន ១ និងវិសោធនកម្មស្តង់ដារចំនួន ៩ ។ ស្តង់ដារទាំងនេះត្រូវបានពិនិត្យពិភាក្សាយ៉ាងម៉ត់ចត់ ក្នុងគណៈកម្មាធិការបច្ចេកទេស មុននឹងដាក់ឆ្លងក្រុមប្រឹក្សាអនុម័ត។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានលើកឡើងថា ស្តង់ដារទាំងនេះនឹងរួមចំណែកពង្រឹងភាពអនុលោមរបស់កម្ពុជា ជាមួយនឹងឧត្តមានុវត្តអន្តរជាតិ ព្រមទាំងគាំទ្រដំណើរឆ្ពោះទៅការអភិវឌ្ឍឧស្សាហកម្ម និងផលិតកម្មដែលកាន់តែមានសុវត្ថិភាព និងភាពប្រកួតប្រជែងខ្ពស់។
ឯកឧត្តមបានបន្ថែមថា៖ “ស្តង់ដារទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះនវានុវត្តន៍ សុវត្ថិភាព និងនិរន្តរភាព ហើយនឹងរួមចំណែកពង្រឹងការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការអភិវឌ្ឍឧស្សាហកម្មជឿនលឿន និងបច្ចេកវិទ្យាចម្រើនថ្មីៗ។”
ឯកឧត្តមក៏បានលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាស្តង់ដារជាតិ តំណាងស្ថាប័នបច្ចេកទេស និងឧស្សាហកម្មទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយកាន់តែសកម្ម ដើម្បីពង្រីកការយល់ដឹងអំពីស្តង់ដារដែលបានអនុម័តហើយ នៅក្នុងវិស័យរៀងៗខ្លួន។
ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
បញ្ជីស្តង់ដារដែលបានអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្តង់ដារជាតិលើកទី ៣២