គម្រោង​វិនិយោគ​ដែល CDC អនុម័ត​ក្នុង​ឆ្នាំ​២០២៥ មាន​ចំនួនជាង ៦០០ គម្រោង

គម្រោង​វិនិយោគ​ដែល CDC អនុម័ត​ក្នុង​ឆ្នាំ​២០២៥ មាន​ចំនួនជាង ៦០០ គម្រោង

 

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ​ក្នុង​ឆ្នាំ​២០២៥ នេះ​បានអនុម័តលើ​គម្រោង​វិនិយោគ​សរុប​ប្រហែល ៦៣០​គម្រោង​ ស្មើ​នឹង​​ដើម​ទុន​វិនិយោគ​សរុប​ជាង ១០ ពាន់​លាន​ដុល្លារ​ដែល​ជា​​កំណត់​ត្រា​ថ្មីបន្ថែម​ទៀត​ពី​លើ​ឆ្នាំ​២០២៤ ដែល​មាន​ចំនួន ៤១៤គម្រោង​​។

ការ​កើន​ឡើង​ចំនួន​គម្រោងដែល​អនុម័ត​នេះ បាន​​ឆ្លុះបញ្ចាំងឱ្យឃើញពីភាពវិជ្ជមាននៃបរិយាកាស​វិនិយោគនៅកម្ពុជា ក៏​ដូចជា​​ភាព​ធំទូលាយ​នៃ​ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា​​។​​​ នេះ​បើ​តាម​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នៅ​ក្នុងសិក្ខាសាលាផ្សព្វ​ផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ឆ្នាំ២០២៣-២០២៤ កាល​ពី​ថ្ងៃទី២៤ ខែធ្នូ លោក ចាន់ថុល ​លើក​​ឡើង​ថា ជាមួយ​នឹង​ការ​ខិត​ខំ​​ប្រឹងប្រែង​​របស់​ក្រុមការងារ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយស្ថាប័នពាក់ព័ន្ធ គឺ​ក្នុង​ឆ្នាំ​២០២៥ នេះ កម្ពុជា​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​ជាច្រើន​ឱ្យ​​មក​បណ្តាក់​ទុន​ផ្ទាល់។

លោក​បន្ថែម​ថា ជាក់ស្តែងកាល​ពី​ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តលើ​គម្រោង​វិនិយោគដែល​មានលក្ខណៈគ្រប់គ្រាន់ចំនួន​ ២៦៨​គម្រោង និង​បាន​កើន​ដល់ ៤១៤ គម្រោង​ក្នុង​ឆ្នាំ២០២៤​។ ដោយ​ឡែក​សម្រាប់​​ឆ្នាំ២០២៥ នេះ (គិតត្រឹមថ្ងៃទី១៩ ខែ​ធ្នូ) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តលើគម្រោង​ ៦២៦​គម្រោង និងនៅសល់រយៈពេលប៉ុន្មានថ្ងៃ​ទៀតរំពឹង​នឹងទទួលបាន ៤ គម្រោងបន្ថែមទៀត ដែលធ្វើឱ្យគម្រោងវិនិយោគសរុបក្នុងឆ្នាំ២០២៥ កើន​ដល់​ ៦៣០ គម្រោង ស្មើ​នឹង​ទុនវិនិយោគជាង ១០ពាន់លានដុល្លារ និងអាច​បង្កើតការងារបាន​ជាង ៤០ ម៉ឺនកន្លែង។

លោក​​បញ្ជាក់​ថា៖​«​នេះជាប្រវត្តិសាស្រ្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ដែលមិនធ្លាប់ទទួលបាននៅក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ កំណើននេះ​ឆ្លុះបញ្ចាំងឱ្យឃើញពីភាពវិជ្ជមាននៃបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ព្រម​ទាំង​​ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាមេរិកក្នុងអត្រាពន្ធ ១៩%។ កម្ពុជា​គឺជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោកដែល​នាំមកនូវភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន​ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិក»។

ជុំវិញចំនួន​គម្រោងវិនិយោគនេះ លោក ចាន់ថុល បានប្តេជ្ញាចិត្តខ្ពស់ក្នុងការទាក់ទាញវិនិយោគិនបរទេស និងការស្វែងរកទីផ្សារ​ថ្មីៗបន្ថែមទៀតដូចជា​នៅប្រទេសរុស្ស៊ី និងការបន្តទាក់ទាញវិនិយោគិននៅសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា ឱ្យចូល​មកបណ្តាក់ទុនផ្ទាល់​នៅកម្ពុជាកាន់តែច្រើនថែម​​ទៀត​នា​ពេល​ខាង​មុខ​។

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥​

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍