គម្រោងវិនិយោគនៅ​ខេត្ត​ព្រះសីហនុទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល កើនដល់ជិត ៣០០

គម្រោងវិនិយោគនៅ​ខេត្ត​ព្រះសីហនុទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល កើនដល់ជិត ៣០០

 

គម្រោងវិនិយោគ​ចំនួន ១០ បន្ថែម​ទៀត ដែល​មានទុនវិនិយោគសរុប ១៥៤​ លាន​ដុល្លារ​​ នឹង​ត្រូវ​​ទទួលបាន​ការ​លើក​ទឹកចិត្ត​ពិសេសពី​រាជ​រដ្ឋាភិបាល​​ក្រោម​​«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ដែល​ធ្វើ​ឱ្យ​​ចំនួន​គម្រោង​ទទួល​បានការ​លើក​ទឹកចិត្ត​ពិសេសពី​រាជ​រដ្ឋាភិបាល​​នៅ​​ខេត្ត​ព្រះសីហនុ កើន​ដល់​ ២៩៧ គម្រោង។​

ការ​សម្រេច​ថ្មី​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំលើកទី ១៦ របស់ក្រុមការងារជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុ ដែល​រៀបចំ​ឡើង​នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​កាល​ពី​​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៥ ក្រោម​អធិបតី​​​ភាព​ លោក ហ៊ាន សាហ៊ីប ​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

ក្នុង​កិច្ច​ប្រជុំនេះ​ លោក ហ៊ាន សាហ៊ីប បានលើក​ប្រាប់​អង្គប្រជុំ​អំពីបច្ចុប្បន្នភាពនៃ​ស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកល និង​ការការពារឧស្សាហកម្មក្នុងស្រុក​ដែលបណ្តាលឱ្យមានការកើនឡើងនៃរបាំងពាណិជ្ជកម្ម និង​កំពុង​ធ្វើ​ឱ្យ​ជះឥទ្ធិពលដល់ការទាក់ទាញវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម និង​ការនាំចេញរបស់កម្ពុជា។ លោក​បន្ត​ថា ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ក៏​​រាជរដ្ឋាភិបាល និង​​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅ​តែ​បន្តខិតខំប្រឹងប្រែង​​ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច សំដៅទាក់ទាញ និង​ជំរុញការវិនិយោគថែមទៀតមកខេត្តព្រះសីហនុ តាមរយៈយុទ្ធសាស្រ្ត​«ថែរក្សាអ្នកចាស់ និង​ស្វែងរកអ្នកថ្មី» និងការដោះស្រាយបញ្ហាជាកញ្ចប់ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»​។

លោក​បាន​ថ្លែង​ថា៖​«​ទោះបីយ៉ាងណា ស្ថានភាពនេះ​ក៏បានបង្កើតកាលានុវត្តភាព​សម្រាប់កម្ពុជា​ក្នុងការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច និងទាក់ទាញវិនិយោគពីប្រទេសផ្សេងៗ តាមរយ:ការបន្តខិតខំប្រឹងប្រែងទ្វេដង ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងទាក់ទាញការវិនិយោគ»។

គម្រោងដែលបានសម្រេចជាគោលការណ៍ក្នុង​«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ​»​នឹង​ទទួល​បាន​ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី​មួយ​ចំនួន​ក្នុង​ក្របខណ្ឌកម្មវិធី​ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលសម្រេចបន្តអនុវត្ត​រហូតដល់ដំណាច់ឆ្នាំ ២០២៥។

យោង​តាមកិច្ច​ប្រជុំ​ខាង​លើ ​គម្រោងដែលបានសម្រេចជាគោលការណ៍​ទាំង​ ១០ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង​ចំនួន ៤, គម្រោងថ្មី ចំនួន ៤, គម្រោងពង្រីកចំនួន ១, និង​គម្រោងមានស្រាប់ចំនួន ១ ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប ១៥៤ លានដុល្លារ និង​អាចបង្កើតការងារប្រមាណ ១ ១៨៧ កន្លែង។ គម្រោង​ទាំង​នោះ​ មាន​ដូច​ជា រោងចក្រកែច្នៃ, អគារពាណិជ្ជកម្ម, គ្រឹះស្ថានសិក្សាចំណេះទូទៅ, ផែបណ្តែតទឹក, សណ្ឋាគារ និង​អគារស្នាក់នៅរួម។

គិត​ចាប់ពីឆ្នាំ​២០២៤ (​ការ​ចាប់​ផ្តើម​​អនុវត្ត​«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ​») រហូតដល់ខែ​ឧសភា ឆ្នាំ​២០២៥ គឺ​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ​បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៩៧ គម្រោង ដែល​មានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ០២៩ លានដុល្លារ និង​អាចបង្កើតការងារ ៥៣ ១៨៧កន្លែង​។ នេះ​បើ​តាម​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍