“ថ្នាលបណ្តុះអាជីវកម្មកម្ពុជាសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ”ជំរុញទឹកចិត្តនវានុវត្តន៍ករវ័យក្មេងឱ្យចូលរួមកែច្នៃផលិតផលម្ហូបអាហារនៅកម្ពុជា

“ថ្នាលបណ្តុះអាជីវកម្មកម្ពុជាសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ”ជំរុញទឹកចិត្តនវានុវត្តន៍ករវ័យក្មេងឱ្យចូលរួមកែច្នៃផលិតផលម្ហូបអាហារនៅកម្ពុជា

 

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកវគ្គបណ្តុះបណ្តាល ក្រោមកម្មវិធី “ថ្នាលបណ្តុះអាជីវកម្មកម្ពុជាសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ” ដោយមានការចូលរួមពីក្រុមនិស្សិតមកពីសាកលវិទ្យាល័យនិងវិទ្យាស្ថានចំនួន ៦ មន្ត្រីរាជការក្រោមឱវាទក្រសួង និងអ្នកជំនាញក្នុងឧស្សាហកម្មម្ហូបអាហារមកពីទូទាំងប្រទេស។

“ថ្នាលបណ្តុះអាជីវកម្មកម្ពុជាសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ” គឺជាកម្មវិធីប្រកួតប្រជែងក្រុមនិស្សិត ដែលមានគោលដៅលើកកម្ពស់ភាពច្នៃប្រឌិត ក្នុងការអភិវឌ្ឍផលិតផលម្ហូបអាហារឱ្យមានគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងទីផ្សារ ដោយផ្តោតលើការប្រើប្រាស់កសិផល និងវត្ថុធាតុដើមក្នុងស្រុក។

ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “កម្មវិធីនេះនឹងអភិវឌ្ឍសហគ្រិនជំនាន់ថ្មីក្នុងវិស័យម្ហូបអាហារ ដែលអាចប្រែក្លាយគំនិត ឱ្យទៅជាផលិតផលអាហារដែលបំពេញតាមស្តង់ដារ ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។”

“ថ្នាលបណ្តុះអាជីវកម្មកម្ពុជាសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ” ជាកម្មវិធីដែលត្រូវបានអនុវត្តក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងគោលដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីវិស័យកែច្នៃម្ហូបអាហារ លើកកម្ពស់នវានុវត្តន៍ផលិតផលក្នុងស្រុក និងបំផុសគំនិតនិស្សិត និងនវានុវត្តន៍ករវ័យក្មេងឱ្យក្លាយជាសហគ្រិន និងអ្នកដឹកនាំនាពេលអនាគត ក្នុងឧស្សាហកម្មម្ហូបអាហារដែលកំពុងរីកចម្រើនរបស់កម្ពុជា។

ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍