ទិន្នផលគ្រាប់ស្វាយចន្ទី(ឆៅ)ដែលខេត្តកំពង់ធំប្រមូលបានជារៀងរាល់ឆ្នាំ គឺមានចំណែកប្រហែល ៣០% នៃទិន្នផលដែលប្រមូលបាននៅទូទាំងប្រទេស ហើយចំនួននឹងកើនឡើងបន្ថែមទៀតនៅពេលគម្រោងអភិវឌ្ឍតំបន់សួនឧស្សាហកម្មកសិកម្មស្វាយចន្ទី បើកដំណើរការ។
សមាគមស្វាយចន្ទីកម្ពុជា(សសក) បានឱ្យដឹងថា បច្ចុប្បន្នខេត្តកំពង់ធំ គឺជាមជ្ឈមណ្ឌលដ៏សំខាន់ និងធំជាងគេលើផលិតកម្មស្វាយចន្ទី ដោយមានផ្ទៃដីដាំដុះជាង ១៤៧ ០០០ ហិកតា ឬស្មើនឹង ២១% នៃផ្ទៃដីដាំស្វាយចន្ទីទូទាំងប្រទេសដែលមានប្រហែល ៧០០ ០០០ ហិកតា។ ជាមួយគ្នានេះនៅក្នុងខេត្តកំពង់ធំ ក៏កំពុងអភិវឌ្ឍតំបន់សួនឧស្សាហកម្មកសិកម្មស្វាយចន្ទី ដើម្បីជំរុញការកែច្នៃ បង្កើតការងារ និងពង្រឹងការនាំចេញគ្រាប់ស្វាយចន្ទី(កែច្នៃរួច) ទៅទីផ្សារអន្តរជាតិផងដែរ។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៨ ខែតុលាថា ខេត្តកំពង់ធំកំពុងគ្រងតំណែង «ស្តេចស្វាយចន្ទី» របស់កម្ពុជា។ ជាទូទៅដំណាំស្វាយចន្ទីនៅខេត្តកំពង់ធំផ្តល់ទិន្នផលជាមធ្យមប្រហែល ១,៥ តោនក្នុង ១ហិកតាសម្រាប់រយៈពេល ១ឆ្នាំ ដែលជួយឱ្យខេត្តកំពង់ធំប្រមូលផលបានជាង ២២០ ០០០តោន។ ចំនួននេះស្មើនឹងប្រហែល ៣០% នៃទិន្នផលស្វាយចន្ទីទូទាំងប្រទេស។
លោកប្រាប់ទៀតថា ក្នុងគោលបំណងជំរុញការដាំដុះ កែច្នៃ និងលើកកម្ពស់ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅទីផ្សារអន្តរជាតិ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសពីដំណើរការអភិវឌ្ឍសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញវិស័យស្វាយចន្ទីក្នុងប្រទេស។
លោកប្រាប់ទៀតថា បច្ចុប្បន្នដោយសារសមត្ថភាពនៃហិរញ្ញវត្ថុ ឃ្លាំងស្តុក និងរោងចក្រ/សហគ្រាសកែច្នៃនៅមានកម្រិត ដូច្នេះជារៀងរាល់ឆ្នាំកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាច្រើនសិបម៉ឺនតោនទៅកាន់ប្រទេសជិតខាង(វៀតណាម) ដែលធ្វើឱ្យកម្ពុជាបាត់បង់ប្រាក់ចំណូលមួយចំនួនទៅកាន់ប្រទេសឆ្លងកាត់។
លោកបានប្រាប់ទៀតថា ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៥ បើតាមព័ត៌មានក្រៅផ្លូវការ គឺកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ៩៤១ ០០០ តោន ដោយប្រមូលប្រាក់ចំណូលបានប្រហែល ១,៤ ពាន់លានដុល្លារ។ បច្ចុប្បន្នមានគ្រាប់ស្វាយចន្ទីឆៅកម្ពុជាមួយចំនួនត្រូវបាននាំចេញទៅកាន់ប្រទេសចិនច្រើន ប៉ុន្តែធ្វើឡើងតាមរយៈប្រទេសប្រទេសជិតខាង(វៀតណាម)។
បើតាម សសក កម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ ៧០០ ០០០ ហិកតា ក្នុងនោះ ៥៨០ ០០០ ហិកតាជាផ្ទៃដីប្រមូលផល និងប្រមាណ ១២០ ០០០ ហិកតាជាដំណាំដាំថ្មី។ ជាមធ្យមក្នុង ១ឆ្នាំកម្ពុជាប្រមូលផលគ្រាប់ស្វាយចន្ទី(ឆៅ) បានចន្លោះពី ៨០០ ០០០ ទៅ ១ ០០០ ០០០តោន។
យោងតាម លោក ស៊ីឡុត គិតត្រឹមដើមឆ្នាំ២០២៥ កម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីចំនួន ៥២ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម(សមត្ថភាពផលិត ៧ ០០០ តោន ទៅ ១៤០ ០០០ តោនក្នុងមួយឆ្នាំ)។ ចំណែក ៤៨ សហគ្រាសផ្សេងទៀតជាសិប្បកម្មលក្ខណៈគ្រួសារតូចៗមិនមានផលិតកម្មពេញ ១ឆ្នាំឡើយ៕
សម្រាប់អត្ថបទដើម សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥
ដោយ៖ ភ្នំពេញ ប៉ុស្តិ៍