បរិមាណអង្ករ​​នាំ​ចេញ​​​ជាង ៨០ ម៉ឺនតោន​គឺ​ជា​កំណត់​ត្រា​ដែល​មិន​ធ្លាប់​មាន​

បរិមាណអង្ករ​​នាំ​ចេញ​​​ជាង ៨០ ម៉ឺនតោន​គឺ​ជា​កំណត់​ត្រា​ដែល​មិន​ធ្លាប់​មាន​

 

ទីផ្សារ​នាំ​ចេញ​អង្ករ​កម្ពុជា​​​បាន​កត់​ត្រា​នូវ​វឌ្ឍនភាព​គួរឱ្យ​កត់​សម្គាល់​ ដោយក្នុង​រយៈ​ពេល ១១ខែ​ ដើម​ឆ្នាំ​២០២៥ នេះ​​ការ​នាំ​ចេញ​អង្ករ​សម្រេច​បាន​​​ជាង ៨០ ម៉ឺនតោន​​ជា​មួយ​នឹង​​ប្រាក់​ចំណូលជាង ៥២៦ លាន​ដុល្លារ​។​​ ចំនួន​នេះ​បើ​បូក​បញ្ចូល​ជា​មួយនឹង​​​ប្រាក់បាន​​ពី​ការ​នាំ​ចេញ​ស្រូវ​ គឺ​​វិស័យ​ស្រូវ​អង្ករកម្ពុជា​ក្នុង​រយៈ​ពេល​នេះ ​រក​បាន​ជាង ១,៩ ពាន់លាន​ដុល្លារ។

អ្នក​ជំនាញ​មាន​សុទិដ្ឋិនិយម​ថា ផែនការ​ក្នុង​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិឱ្យ​បាន​ ១ លាន​តោន​ក្នុង ១ ឆ្នាំ​​ដែល​ដាក់​ចេញ​ដោយ​អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន​ សែន កាល​ពី​ជាង ១ ទសវត្ស​មុន​អាច​នឹង​សម្រេចបាន​នៅ​ក្នុង​ឆ្នាំ​២០២៥ នេះ ឬ​នៅ​ឆ្នាំ​ក្រោយ​។​

ទិន្នន័យ​​​សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) បង្ហាញ​ថា ​ចន្លោះ​ពី​ខែ​មករា-វិច្ឆិកា ឆ្នាំ​២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៨០១ ៦៤៣​​ តោន​ ដោយ​ប្រមូល​បាន​ប្រាក់​ ៥២៦,៤៧ ​លានដុល្លារ បើ​ធៀប​នឹង​រយៈ​ពេលដូចគ្នា​​កាល​ពី​ឆ្នាំ​២០២៤ គឺ​ការ​នាំ​ចេញ​សម្រេច​បាន​ត្រឹម​តែ​ ៥៧៥ ៥៦២ តោន និង​ប្រមូល​ប្រាក់​បាន​ ៤១៣,៩ លាន​ដុល្លារ​។​ អង្ករ​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​​ទៅ​កាន់​ប្រទេស/ដែនដី​​ចំនួន​ ៧២គោលដៅ​ តាម​រយៈ​ក្រុមហ៊ុន​ចំនួន ៦៥។

CRF ឱ្យ​ដឹង​ទៀត​ថា គោលដៅនាំចេញ​អង្ករ​សំខាន់ៗមាន​ដូច​ជា បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប (២៦ ​ប្រទេស) មាន​បរិមាណ ៣០៧ ៦៣០​​តោន គិតជាប្រាក់ ២៣៦,៥៤ លានដុល្លារ, ប្រទេសចិន និងតំបន់​រដ្ឋបាលស្វយ័ត ១៨៨ ១៨៩ ​តោន គិតជាប្រាក់ ១១៦,៥៣ ​លានដុល្លារ, ប្រទេសសមាជិក​អាស៊ាន (៨ ប្រទេស) ២១៨ ៣១៣ ​តោន គិតជាប្រាក់ ៩៣,៥ ​លានដុល្លារ, និង​គោលដៅផ្សេងៗ​ទៀត ​(៣៤ ប្រទេស) ៨៧ ៥១១​ តោន គិតជាប្រាក់ ៧៩,៩ ​លានដុល្លារ។

ចំពោះប្រភេទអង្ករ​នាំចេញ​រួមមាន អង្ករក្រអូបចំនួន ៦៥,១៥% , អង្ករសគ្រាប់វែង ១៤,៧៩%, អង្ករចំហ៊ុយ ២,០៧%, អង្ករសរីរាង្គ ១,៤៦%, អង្ករបាក់ ១៦,០៧%, និងអង្ករផ្សេងៗ ០,៤៦%​។

ដោយ​ឡែក​សម្រាប់​ការ​​នាំចេញ​ស្រូវ ក្នុង​រយៈ​ពេល ១១ ខែ​ ក្នុង​ឆ្នាំ​២០២៥ គឺ​មានបរិមាណ​ ៦ ០៩៧ ០១៣ ​តោន គិតជាប្រាក់ ១ ៤០៨ លានដុល្លារ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​មុនដែល​មាន​បរិមាណ​ ៦ ៦៤២ ៥១១ ​តោន និង​ទទួល​បាន​​​ប្រាក់ ១ ៣៧៨,៧៣ ​លាន​ដុល្លារ​។

ប្រធាន​​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា លោក ឡាយ ឈុនហួ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១១ ខែ​ធ្នូ ថា បរិមាណជាង ៨០ ម៉ឺនតោននេះ​គឺ​ជា​ចំនួន​ដ៏​ច្រើន​បំផុតក្នុង​ប្រវត្តិសាស្រ្ត​នៃ​ការ​នាំ​ចេញ​អង្ករ​​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ។ ជាក់​ស្តែង​ចាប់​ពី​ឆ្នាំ​២០០៨ រហូត​ដល់​ឆ្នាំ​២០២៤ ការ​នាំ​ចេញ​អង្ករ​គឺ​​ស្ថិត​ក្នុង​ចន្លោះពីជាង ៣០ ទៅ​ជាង ៦០ ម៉ឺន​តោន។ សម្រាប់​រយៈ​ពេល​ ៧-៨​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​នាំចេញ​ស្ថិត​ក្នុង​ចន្លោះ​ពី ៦០-៦៥ ម៉ឺនតោន។​​​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥​

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍