រោងចក្រ​​កៅស៊ូ​ក្នុងស្រុកស្ទឹងត្រង់​ត្រៀមផលិត​ស្រោមដៃជ័រ​​នាំចេញក្រៅប្រទេស​

រោងចក្រ​​កៅស៊ូ​ក្នុងស្រុកស្ទឹងត្រង់​ត្រៀមផលិត​ស្រោមដៃជ័រ​​នាំចេញក្រៅប្រទេស​

 

កំពង់ចាម៖ ក្នុងការ​បោះ​​ជំហាន​ឆ្ពោះទៅរក​ការ​​គ្រប់គ្រាន់ដោយ​​ខ្លួនឯង ក្រុមហ៊ុនចម្ការកៅស៊ូ​បឹងកេត នៅ​ស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្រកាស​ផែនការ​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន ដោយ​ផលិត​ស្រោមដៃ​ជ័រ​សម្រាប់​នាំចេញ​ ជាជាងការ​នាំចេញ​តែ​ជ័រ​កៅស៊ូ​។​

ការផ្លាស់ប្តូរ​នេះ​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ដ៏​ទូលំទូលាយ​របស់​ក្រុមហ៊ុន​ក្នុងការ​កែច្នៃ​កៅស៊ូ​ក្នុងស្រុក រក្សា​ប្រាក់ចំណេញ​កាន់តែច្រើន​ក្នុងប្រទេស និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​អ្នក​ផលិត​បរទេស​។​

លោក ហេង ឡុង អគ្គនាយក​​ក្រុមហ៊ុន​បានប្រាប់​​អ្នកសារព័ត៌មាន​​ដែល​ដឹកនាំ​ដោយ​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា (CCJ) លោក ពុ​យ គា ថា ​ក្រុមហ៊ុន​បាន​បង្កើន​ការផលិត​ជ័រកៅស៊ូ​ឡាតិច​របស់ខ្លួន​រួចហើយ ដែល​បច្ចុប្បន្ន​អាច​ផលិត​បាន​ប្រហែល ៣០០ តោន​ក្នុង​មួយថ្ងៃ ជាមួយនឹង​គោលដៅ​សម្រេចឱ្យ​បាន ៦០០ តោន​ក្នុង​មួយថ្ងៃ​នាពេលខាងមុខ​។​

លោក ឡុង បាន​និយាយថា៖ «​កន្លះ​ឆ្នាំ ឬមួយ​ឆ្នាំ​ទៀត យើង​នឹង​ផលិត​ស្រោមដៃជ័រ​​ក្នុងប្រទេស​របស់​យើង ដោយ​មិន​ចង់ឱ្យ​ក្រុមហ៊ុន​បរទេស​ចំណេញ​ច្រើន​ពី​យើង​»​។​

ការផ្លាស់ប្តូរ​ដ៏​សំខាន់​នេះ គឺជា​ចំណុច​របត់​មួយ​សម្រាប់​ឧស្សាហកម្ម​កៅស៊ូ​របស់​កម្ពុជា ដោយសារ​ប្រទេស​នេះ​ឈាន​ឆ្ពោះទៅរក​ការ​ក្លាយជា​តួអង្គ​សំខាន់​នៅក្នុង​ទីផ្សារ​ស្រោមដៃ​ជ័រ​ពិភពលោក​។​

ការពង្រីក​ម​ហិ​ច្ឆិ​តា​របស់​ក្រុមហ៊ុន​នេះ​ក៏ត្រូវ​បាន​​​រំពឹងថា​នឹង​បង្កើត​ការងារ​ថ្មីៗ​រាប់រយ​សម្រាប់​ពលក​រ​ ដែល​ភាគច្រើន​កំពុង​ត្រឡប់​មកពី​ប្រទេស​ថៃ​ដើម្បី​ស្វែងរក​ឱកាស​ការងារ​ត្រឡប់ទៅផ្ទះ​វិញ​។​

អភិបាលស្រុកលោក ​បាន ​ស្រេង ​បាន​សម្តែង​ការគាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ​ដោយ​កត់សម្គាល់ថា រាជ​​រដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​ជំរុញ​យ៉ាងសកម្ម​ដល់​ពលករ​ចំណាកស្រុក​ឱ្យ​វិលត្រឡប់​មកវិញ​។​

លោក​បាន​ឱ្យ​ដឹងថា ស្រុក​ស្ទឹង​ត្រង់​មាន​ពលករ​ចំណាក​ស្រុក​ប្រមាណ ៧ពាន់​នាក់​ ដែល​លោក​រំពឹងថា ក្រុមហ៊ុន​របស់លោក ហេង ឡុង អាច​ស្រូបទាញ​កម្លាំង​ពលកម្ម​បាន​យ៉ាង​ច្រើន​។

លោកបាន​និយាយថា​៖ «​ពលករ​ដែល​ចាកចេញ​ពី​ប្រទេស​ថៃ អាច​រក​ការងារ​ធ្វើ​នៅ​ចម្ការ​កៅស៊ូ​នៅ​ទីនេះ​។ ក្រៅពី​ក្រុមហ៊ុន​នេះ វិស័យ​ឯកជន​មួយចំនួន​ទៀត​ក៏ត្រូវការ​កម្លាំង​កម្មករ​ផង​ដែរ​»។

សម្រាប់ព័ត៌មានទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ ហុង រស្មី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥​

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍