សន្និសីទសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ីឆ្នាំ២០២៥ ផ្តោតលើអភិបាលកិច្ចបច្ចេកវិទ្យាឆ្លាតវៃដែលកំពុងរីកចម្រើន

សន្និសីទសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ីឆ្នាំ២០២៥ ផ្តោតលើអភិបាលកិច្ចបច្ចេកវិទ្យាឆ្លាតវៃដែលកំពុងរីកចម្រើន

 

រាជធានីភ្នំពេញ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ — សន្និសីទសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ី (ASIP) លើកទី១៥ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យ CamTech ដោយប្រមូលផ្តុំអ្នកជំនាញអន្តរជាតិ អ្នកដឹកនាំឧស្សាហកម្ម អ្នករៀបចំគោលនយោបាយ និងអ្នកស្រាវជ្រាវមកពី១១ប្រទេស តំណាង២២សាកលវិទ្យាល័យ មកជួបជុំគ្នាដើម្បីស្វែងយល់ពីអភិបាលកិច្ច និងបច្ច័យមកលើសង្គមនៃបច្ចេកវិទ្យាឆ្លាតវៃដែលកំពុងរីកលូតលាស់។

ថ្លែងក្នុងពិធីបើកអង្គសន្និសីទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើការគ្រប់គ្រងបច្ចេកវិទ្យាប្រកបដោយភាពឆ្លាតវៃ និងការទទួលខុសត្រូវរួមគ្នា ខណៈដែលបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត រ៉ូបូត Quantum Computing និងបច្ចេកវិទ្យាខាងជីវសាស្រ្ត កំពុងមានសន្ទុះរីកចម្រើនខ្លាំង។

ឯកឧត្តម​បាន​លើកឡើង​ថា​៖ “វាមិនមែនជារឿងដែល​ថា ​តើ​បច្ចេកវិទ្យា​ទាំងនេះ​នឹង​កំណត់​អនាគត​របស់​យើង ​ឬ​អត់​នោះ​ទេ​​។ សំណួរពិតប្រាកដគឺថា តើយើងនឹងដឹកនាំការអភិវឌ្ឍបច្ចេកវិទ្យា​ទាំងនេះយ៉ាងណា ប្រកបដោយភាពឆ្លាតវៃ និងមានទំនួលខុសត្រូវ ដើម្បីបម្រើគោលដៅបង្កើនវឌ្ឍនភាពសម្រាប់មនុស្សជាតិ។”

ឯកឧត្តមបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ តាមរយៈផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍២០៣០ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិនិយោគលើមូលធនមនុស្ស និងសមត្ថភាពផ្នែក STEM ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ “យើងត្រូវតម្រង់ទិសការវិនិយោគរបស់យើងកាន់តែស៊ីជម្រៅ លើការអភិវឌ្ឍមូលធនមនុស្ស។ សាកលវិទ្យាល័យមិនអាចធ្វើការងារនេះតែឯងបានទេ។ ដូច្នេះ កិច្ចសហការរវាងរដ្ឋាភិបាល វិស័យសិក្សាស្រាវជ្រាវ ឧស្សាហកម្ម និងដៃគូក្នុងតំបន់ពិតជាចាំបាច់។”

លោកបណ្ឌិត Ko Young-Joo ប្រធានសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ី បានបង្ហាញការប្តេជ្ញាចិត្តផ្នែកសង្គមរបស់សហគមន៍នេះ ក្នុងការជំរុញការស្រាវជ្រាវដែលមានគុណភាពខ្ពស់ និងការបណ្តុះ​គំនិតច្នៃប្រឌិតនៅទូទាំងតំបន់។

លោកបានលើកឡើងថា៖ “ASIP ខិតខំសម្រាំងយកការសិក្សាស្រាវជ្រាវល្អៗបំផុត និងបង្ហាញលទ្ធផលស្រាវជ្រាវដ៏រឹងមាំ ដែលអាចជួយជំរុញនវានុវត្តន៍ និងផ្តល់ការគាំទ្រជាក់ស្តែងដល់ឧស្សាហកម្ម ហើយសន្និសីទនេះដើរតួផ្សារភ្ជាប់ការងារសិក្សាស្រាវជ្រាវទាំងនេះ ជាមួយនឹងតម្រូវជាក់ស្តែងសម្រាប់ការអភិវឌ្ឍ។”

លោកសាស្ត្រាចារ្យ ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ CamTech បានបន្ថែមថា៖ “សន្និសីទ ASIP ឆ្នាំ២០២៥ នេះមិនត្រឹមតែជាវេទិកាប្រមូលផ្តុំអ្នកសិក្សាស្រាវជ្រាវប៉ុណ្ណោះទេ តែជាសក្ខីភាពមួយបង្ហាញថា កម្ពុជាកំពុងដើរតួនាទីកាន់តែសកម្មក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅតំបន់អាស៊ាន។”

សន្និសីទ ASIP លើកទី១៥ ក្រោមប្រធានបទ “អភិបាលកិច្ចបច្ចេកវិទ្យាឆ្លាតវៃដែលកំពុងរីកចម្រើន” ផ្តោតលើវិធីសាស្រ្តប្រកបដោយក្រមសីលធម៌ បរិយាបន្ន និងតម្លាភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅទូទាំងតំបន់។ សន្និសីទរយៈពេលមួយសប្តាហ៍នេះ រួមមានកិច្ចពិភាក្សា បទបង្ហាញ និងកិច្ចសន្ទនាគោលនយោបាយ សំដៅរួមចំណែកកសាងអនាគតមួយប្រកបដោយទំនួលខុសត្រូវ និរន្តរភាព និងជំរុញដោយនវានុវត្តន៍ សម្រាប់តំបន់អាស៊ី។

ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍