សមត្ថភាពនៃការផលិតស៊ីម៉ងត៍នៅកម្ពុជាបានកើនដល់ប្រមាណ ១១លានតោនក្នុង ១ឆ្នាំ បន្ទាប់ពីរោងចក្រផលិតស៊ីម៉ងត៍ទី ៦ នៅកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន(ភ្នំពេញ) ក្នុងទឹកប្រាក់ប្រមាណ ២៥០លានដុល្លារប្រកាសបើកដំណើរការជាផ្លូវនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ។
រោងចក្រនេះមានទីតាំងស្ថិតនៅឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានសមត្ថភាពផលិតកម្មស៊ីម៉ងត៍បាន ២,២ លានតោនក្នុង ១ ឆ្នាំ និងអាចបង្កើតការងារដោយផ្ទាល់ និងប្រយោលជាង ១០០០ កន្លែង។ រោងចក្រនេះ គឺជាការវិនិយោគរួមគ្នារវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនចិន ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការប្រចាំថ្ងៃទៅលើការសាងសង់លំនៅឋាន អគារពាណិជ្ជកម្ម ការិយាល័យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ កាលពីជាង ១ ទសវត្សមុន កម្ពុជាបាននាំចូលស៊ីម៉ងត៍ស្ទើរទាំងស្រុងពីប្រទេសជិតខាង ដូចជា ថៃ វៀតណាម និងចិន ជាដើម។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធរោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន(ភ្នំពេញ) Conch បានសម្តែងក្តីរីករាយ និងមោទនភាពចំពោះការសម្រេចបាននូវរោងចក្រផលិតស៊ីម៉ងត៍ថ្មីមួយទៀតនៅកម្ពុជាដែលជាវិនិយោគរួមគ្នារវាងក្រុមហ៊ុន ខនស៍ អ៊ិនធឺណេសូណល ហូលឌិង និងហ៊ុន ខនស៍ ខេធី ស៊ីមេន កំពង់ស្ពឺ ជាមួយនឹងទុនសរុប ២៥០លានដុល្លារ។
ជាមួយគ្នានេះលោកក៏បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ឱ្យខិតខំពង្រីកការវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ដោយលោកលើកឡើងថា ការវិនិយោគលើរោងចក្រ/សហគ្រាសផលិតក្នុងស្រុកកំពុងកើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះជាសញ្ញានៃការជំរុញល្បឿននៃការអភិវឌ្ឍប្រទេសកម្ពុជាឱ្យបោះជំហានទៅមុខកាន់តែលឿន។ លោកបន្តថា រដ្ឋាភិបាលនឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ចចំពោះរាល់គម្រោងវិនិយោគ ជាពិសេសគម្រោងវិនិយោគដែលជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
លោកបានថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់វិនិយោគិនសូមជ្រើសរើសយកកម្ពុជាធ្វើជាគោលដៅសម្រាប់ការវិនិយោគ ដោយកម្ពុជារក្សាបាននូវភាគលាភនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច»។
បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រសួងរ៉ែ និងថាមពល និងសហគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ត្រូវខិតខំស្វែងរកទីផ្សារដើម្បីជំរុញការចេញផលិតផលស៊ីម៉ងត៍របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យបានច្រើន។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ិន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍