ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពលរបស់ក្រុមហ៊ុន SchneiTec ZEALOUS ដែលស្ថិតក្នុងខេត្តពោធិ៍សាត់ត្រូវបានបើកឱ្យដំណើរការជាផ្លូវការហើយ។
ពិធីសម្ពោធត្រូវបានធ្វើឡើងនៅទីតាំងគម្រោងដែលស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក UENO Atsushi ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត។
ជាកិច្ចចាប់ផ្តើមលោកអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ស្ថិរភាពនយោបាយ និងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់ជាន់ថ្នាក់ បានធ្វើឱ្យខេត្តពោធិសាត់ក្លាយជាទីតាំងដ៏មានសក្តានុពលសម្រាប់ការបណ្តាក់ទុនលើគ្រប់វិស័យ។ បច្ចុប្បន្នខេត្តពោធិ៍សាត់ គឺជាទីតាំងដ៏សំខាន់មួយក្នុងប្រទេសកម្ពុជាដែលមានការបណ្តាក់ទុនច្រើនលើការផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រភពវារីអគ្គីសនី។
លោកអះអាងថា៖«បច្ចុប្បន្នខេត្តពោធិ៍សាត់មានការរីកចម្រើនច្រើន ដោយប្រែក្លាយពីខេត្តឆ្លងកាត់មកជាខេត្តដែលពោរពេញដោយការទាក់ទាញទាំងផ្នែកឧស្សាហកម្ម និងទេសចរណ៍»។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បាននិយាយថា រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងខិតខំយ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ចជាមួយផ្នែកឯកជន តាមរយៈការដាក់ចេញនូវគោលនយោបាយថ្មីៗជាច្រើនដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស រួមទាំងពីប្រទេសជប៉ុនឱ្យបានកាន់តែច្រើន។ គម្រោងនេះពិតសំខាន់ដើម្បីឆ្លើយតបទៅនឹងវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់ ។ លោកបន្តថា គម្រោងនេះនឹងជួយផ្គត់ផ្គង់ដល់បណ្តាញជាតិសម្រាប់ការប្រើប្រាស់យ៉ាងទូលំទូលាយ និងការបង្កើតថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា ធានាបាននូវការផ្គត់ផ្គង់ថាមពល ដែលមានស្ថេរភាព ដោយប្រើប្រភពថាមពលកាបូនទាប និងត្រួសត្រាយផ្លូវទៅកាន់ការសម្រេចបាននូវអព្យាក្រឹតភាពកាបូន។
លោកបានថ្លែងថា៖«ជាក់ស្តែងគម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនថាមពលអគ្គិសនី Chugoku ដែលជាក្រុមហ៊ុនថាមពលអគ្គិសនីឈានមុខគេមួយនៅក្នុងប្រទេសជប៉ុន និងសហការជាមួយក្រុមហ៊ុន SchneiTec ZEALOUS ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា»។
ឯកអគ្គរាជទូតជប៉ុន លោក UENO Atsushi បានលើកឡើងថា៖«គម្រោងថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធអាគុយស្តុកថាមពលនៅទីនេះ នឹងរួមចំណែកបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងរបស់កម្ពុជា និងតម្រូវការសម្រាប់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់»៕
សម្រាប់អត្ថបទដើម សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥
ព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៍