ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីវិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ (PTB) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធគុណភាពរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណើនឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ។
ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ PTB និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដែលបានបន្តគាំទ្រកម្ពុជាចាប់តាំងពីឆ្នាំ២០១៨មក ជាពិសេសការគាំទ្រសម្រាប់មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការលើកកម្ពស់ប្រព័ន្ធរង្វាស់រង្វាល់ តាមរយៈការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ ការកែទម្រង់ស្ថាប័ន និងការរិះរកវិធីសាស្ត្រច្នៃប្រឌិតសម្រាប់ផ្តល់សេវាមាត្រាសាស្ត្រឱ្យបានទៅដល់តំបន់ជនបទ។ ឯកឧត្តមបានលើកឡើងថា៖ ”យើងពិតជាត្រូវការសេវាទាំងនេះ ខណៈដែលកម្ពុជាបន្តទទួលបានកំណើននៃរោងចក្រ-សហគ្រាស និងឧស្សាហូបនីយកម្មនៅទូទាំងប្រទេស។”
តំណាងឱ្យវិទ្យាស្ថាន PTB លោក Gidon Windecker បានកោតសរសើរកម្ពុជាចំពោះចក្ខុវិស័យចំពោះការអភវិឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ ហើយបានគូសរំលេចពីតួនាទីរបស់សហព័ន្ធអាល្លឺម៉ង់ ដែលជាដៃគូទ្វេភាគីធំបំផុតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធគុណភាពរបស់កម្ពុជា។
លោក Windecker បានលើកឡើងថា “ប្រព័ន្ធស្តង់ដាដែលអាចជឿទុកចិត្តបាន និងដែលមានការទទួលស្គាល់ជាអន្តរជាតិ មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសសម្រាប់ការត្រៀមលក្ខណៈចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។”
ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តបន្តកិច្ចសហការ ដើម្បីសម្រេចសមិទ្ធផលសំខាន់ៗបន្ថែមទៀត រួមទាំងការសម្រេចឱ្យបាននូវការវាយតម្លៃទទួលស្គាល់ជាអន្តរជាតិពេញលេញលើប្រព័ន្ធរង្វាស់រង្វាល់របស់កម្ពុជា និងការអភិវឌ្ឍគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងការពង្រឹងសមាហរណកម្មរបស់ម្ពុជាទៅក្នុងតំបន់ និងពិភពលោក។
ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍