កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកម្ពុជា-វៀតណាមនឹងបង្ហាញភាពវិជ្ជមានកាន់តែខ្លាំងបន្ថែមទៀត ខណៈសភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា គ្រោងចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)ក្នុងសប្តាហ៍នេះ។
ទំនាក់ទំនងពាណិជ្ជកម្មទំនិញរវាងកម្ពុជា-វៀតណាម បានកើនឡើងជាលំដាប់ ជាពិសេសក្នុងរយៈពេល ៤-៥ឆ្នាំចុងក្រោយនេះ ដោយក្នុងឆមាសទី១ ឆ្នាំ២០២៥ លំហូរទំនិញទៅវិញទៅមករវាងប្រទេសមានព្រំដែនជាប់គ្នាទាំង ២ មានទឹកប្រាក់សរុប ៤,៣៤ ពាន់លានដុល្លារ កើនឡើង ៧,២%បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៤។ សម្រាប់ទំនិញកម្ពុជានាំចេញទៅវៀតណាមមានចំនួន ២,១៩ ពាន់លានដុល្លារ កើន ៨,២% និងវៀតណាមនាំចូល ២,១៥ ពាន់លានដុល្លារ កើន ៦,៣%។ វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំទី៣ របស់កម្ពុជាបន្ទាប់ពីប្រទេសចិន និងអាមេរិក។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
សេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា (CCC) ក្នុងថ្ងៃទី១៤ ខែកក្កដា ឱ្យដឹងថា ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា លោក គិត ម៉េង នឹងដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់កម្ពុជា ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារឱ្យកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា។
CCC បានបន្តថា ដំណើរទស្សនកិច្ចនេះនឹងបង្កលក្ខណៈឱ្យគណៈប្រតិភូកម្ពុជា-វៀតណាម ទទួលបាននូវកាលានុវត្តភាព និងការផ្សាភ្ជាប់ទំនាក់ទំនងជាអតិបរមា។ ក្នុងដំណើរទស្សនកិច្ចនេះ នឹងមានរៀបចំសន្និសីទបណ្តាញធុរកិច្ចវៀតណាម-កម្ពុជា ដែលរំពឹងថានឹងមានការចូលរួមពីធុរជន និងវិនិយោគិនយ៉ាងច្រើនពីប្រទេសទាំងពីរ។ សន្និសីទនេះនឹងដើរតួនាទីជាវេទិកាដ៏សំខាន់ដែលនឹងជួយសម្រួលដល់ការពិភាក្សារកដៃគូសក្តានុពល ការបណ្តាក់ទុនរួមគ្នា និងកាលានុវត្តភាពទីផ្សារ។
CCC បញ្ជាក់ថា៖«ក្នុងឱកាសនៃសន្និសីទនេះក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជាផងដែរ។ MoU នេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរជាផ្លូវការដែលរួមចំណែកដល់ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី»។
សម្រាប់ព័ត៌មានទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ័