CPTPP នឹង​ជួយ​ឱ្យ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅទីផ្សារ​អន្តរជាតិ​​​កាន់តែ​ច្រើន

CPTPP នឹង​ជួយ​ឱ្យ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅទីផ្សារ​អន្តរជាតិ​​​កាន់តែ​ច្រើន

 

អ្នក​ជំនាញ​សេដ្ឋកិច្ចបាន​​​អះអាង​ថា កម្ពុជា​នឹងទទួល​បាន​ផល​វិជ្ជមាន​ច្រើន​​បើ​អាច​ចូល​ជា​សមា​ជិក​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក (CPTPP) ដែលបច្ចុប្បន្ន​មាន​ប្រទេសជា​សមាជិក​​ចំនួន ១២ និង​មាន​ទំហំ​សេដ្ឋកិច្ច​​ប្រហែល ១៥%​ នៃផលិត​ផល​ក្នុងស្រុកសរុបរបស់ពិភព​លោក​។

គេហទំព័រ https://www.bilaterals.org កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ បាន​លើក​ឡើង​ថា មន្ត្រីមកពីប្រទេសជាសមាជិកនៃ​កិច្ចព្រមព្រៀង CPTPP បាននិយាយថា ប្រទេសកម្ពុជាបានដាក់ពាក្យសុំចូលជា​សមាជិក​នៃ​​​កិច្ចព្រមព្រៀង​ CPTPP។ ការពិភាក្សាអំពីការចូលជាសមាជិករបស់ប្រទេសកម្ពុជា​នឹងចាប់ផ្តើមនៅពេលសមាជិក​ទាំងអស់ផ្តល់ការយល់ព្រម និងបង្កើតក្រុមការងារមួយ​ដើម្បីពិភាក្សាអំពីលក្ខខណ្ឌមួយ​ចំនួន​។

កិច្ចព្រមព្រៀង CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៨ នៅទីក្រុងសាន់ទីយ៉ាហ្គោ ប្រទេសឈីលី ដែលមានប្រទេស​ជាសមាជិក​ដូចជា អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ចក្រភពអង់គ្លេសបាន​ក្លាយ​ជាសមាជិកទី១២ ក្នុង​កិច្ចព្រមព្រៀងនេះ​​កាល​ពី​ឆ្នាំ​២០២៤។

អ្នក​សេដ្ឋកិច្ច​​លោក ឡោ វិចិត្រ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៨ ខែ​ធ្នូថា CPTPP គឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​​​ធំមួយ​​ដែល​មាន​ប្រទេសជា​​សមាជិក​ចំនួន ១២ ហើយ​ក្នុង​ចំណោម​នោះ​ក៏​មាន​ប្រទេស​មួយ​ចំនួន​ជា​​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​ (RCEP) ដូចកម្ពុជា​ដែរ​។​ លោក​បន្ត​ថា ការ​ចូល​ជា​សមាជិក​នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ផល​វិជ្ជមាន​ជាច្រើន​។ លោក​បន្ត​ថា នេះ​អាច​ជាការ​ធ្វើ​ពិពិធកម្មពាណិជ្ជកម្ម​រយៈ​ពេល​មធ្យម និង​វែង​របស់​កម្ពុជា​។​

លោក​បាន​ថ្លែង​ថា៖​«​ជា​​រួម​ការ​ចង់ចូល CPTPP ​​មាន​ន័យ​ថា​រដ្ឋាភិបាល​កម្ពុជា​មាន​គោល​បំណង​​​ពង្រីក​ដៃគូ​ពាណិជ្ជកម្ម​​របស់​ខ្លួន​ឱ្យ​​កាន់​តែ​ច្រើន​ ជាពិសេស​បណ្តា​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន ​អាមេរិក​ខាង​ជើង និង​ចក្រភព​អង់គ្លេស​»។​

ទោះយ៉ាង​ណា លោក វិចិត្រ និយាយ​ថា នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ ដោយ​វា​ត្រូវ​​ឆ្លង​កាត់​ដំណាក់​កាលជា​​ច្រើន​ទៀតមុន​នឹង​គេ​អាច​អនុញ្ញាត​ឱ្យ​កម្ពុជា​ចូល​ជា​សមាជិក​​។

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥​

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍