កម្ពុជា​អាច​ធ្វើ​ការ​ទូទាត់​ថ្លៃ​ទំនិញ និង​សេវា​នៅ​ជប៉ុនតាម​រយៈ KHQR

កម្ពុជា​អាច​ធ្វើ​ការ​ទូទាត់​ថ្លៃ​ទំនិញ និង​សេវា​នៅ​ជប៉ុនតាម​រយៈ KHQR

 

កម្ពុជា​-ជប៉ុន បាន​ប្រកាសដាក់ឱ្យដំណើរការជា​ផ្លូវការ​នូវ​ការទូទាត់ប្រាក់ឆ្លងដែនតាម​ឃ្យូអរកូត​(QR Code) ដំណាក់​កាល​ទី​១ ដែល​​នឹងផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា​ទទួលបាន​បទពិសោធ​ថ្មី​នៃការទូទាត់ឆ្លងដែនតាម QR Code ដោយ​ប្រើ​ប្រាស់​​កម្ម​វិធី​ទូទាត់បាគង ឬ​កម្ម​វិធី​ធនាគារ​ចល័ត ដើម្បី​ទូទាត់​ថ្លៃ​ទំនិញ និង​សេវា​ជាមួយ JPQR របស់​ពាណិជ្ជករ​នៅ​ប្រទេស​ជប៉ុន។

ពិធី​ប្រកាសដាក់ឱ្យដំណើរការជាផ្លូវ​ការ​ការទូទាត់ប្រាក់ឆ្លងដែនតាម​ QR Code ដំណាក់​កាល​ទី​១ ត្រូវ​បាន​ធ្វើ​ឡើងក្នុងព្រឹត្តិការណ៍ពិព័ណពិភពលោកឆ្នាំ ២០២៥ (The World Expo 2025) ​នៅទីក្រុងអូសាកា ប្រទេសជប៉ុន កាល​ពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៥ រវាង​លោកស្រី ​ជា សិរី ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា(NBC) និង​លោក EZAWA Masana អគ្គនាយករង ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន​។

ដំណាក់​កាល​ទី​១ មាន​ន័យ​ថា ភ្ញៀវទេសចរ ឬធុរជន ក៏ដូចជាពលរដ្ឋខែ្មរដែលមានគណនីធនាគារជាប្រាក់រៀល​ធ្វើដំណើរទៅ​ប្រទេសជប៉ុន គឺអាចទូទាត់ថ្លៃទំនិញ និងសេវាកម្មនានាបាន​​តាមរយៈ KHQR ដែល​មាន​ភាព​ងាយស្រួយ រហ័ស និងមានសុវត្ថិភាព។​ ចំណែក​ដំណាក់កាលទី ២ គឺពលរដ្ឋជប៉ុន​អាចប្រើប្រាស់ JPQR សម្រាប់ស្កេន KHQR ក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្មនានានៅកម្ពុជា។ ដំណាក់កាល​ទី​២ គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​។​

ធនាគារ​ជាតិ​នៃ​កម្ពុជា(NBC) បាន​ឱ្យ​ដឹង​ ក្រោមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម​នៃប្រទេសជប៉ុន ​ស្តីពី​«ការទូទាត់ឆ្លងដែនតាមយ្យូអរកូត​(Unified QR Code-Based Payment)» ដែលចុះហត្ថលេខាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និង​សមាគមទូទាត់ជប៉ុន បានចុះអនុស្សរណៈយោគយល់គ្នា(MoU) កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដើម្បីតភ្ជាប់ការទូទាត់ឆ្លងដែនតាមយ្យូអរកូត រវាង KHQR និង JPQR។ តាមរយៈអនុស្សរណៈនេះ សមាគមទូទាត់ជប៉ុន​ត្រូវបានជ្រើសរើសជាប្រតិបត្តិករគ្រប់គ្រងដំណើរការអនុវត្តគម្រោង។ ការណ៍នេះ​បង្ហាញពី​សមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ជាឌីជីថល​រវាង​ប្រទេស​កម្ពុជា និងជប៉ុន។

NBC ​បញ្ជាក់​ថា៖​«​ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែននេះ នឹងផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា​ទទួលបាន​នូវបទពិសោធនៃការទូទាត់ឆ្លងដែនតាមយ្យូអរកូតប្រកបដោយប្រសិទ្ធភាព ងាយស្រួល និងឆាប់រហ័ស តាម​រយៈ​ការ​ប្រើប្រាស់​កម្មវិធី​ទូទាត់បាគង ឬ​កម្មវិធីធនាគារចល័ត ដើម្បី​ស្កេន​ទូទាត់​ថ្លៃ​ទំនិញ និង​សេវាជាមួយ JPQR របស់​ពាណិជ្ជករ​នៅ​ប្រទេស​ជប៉ុន»។

ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា លោកស្រី ​ជា សិរី បាន​ថ្លែង​ថា៖​«​គម្រោងនេះ​ឆ្លុះបញ្ចាំងពីភាពជឿនលឿនរបស់កម្ពុជា​ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់ប្រតិបត្តិការ​ឆ្លងដែន ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចទៅវិញទៅមក។ នេះមិនមែន​គ្រាន់តែជាសមិទ្ធផលថ្មីដែលតភ្ជាប់ផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ការណ៍នេះ​បង្ហាញពីស្មារតីក្នុងការចូលរួមប្រើប្រាស់​បច្ចេកវិទ្យា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន ព្រមទាំងបង្ហាញថា កម្ពុជាមាន​សមត្ថភាពពេញលេញ​ក្នុងការចូលរួម​ដំណើរការនៃសេដ្ឋកិច្ចឌីជីថលជាសកល»​។

ចំណែក​ លោក Fukuda Yoshio បាន​លើក​ឡើង​ថា៖​«​ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាពិសេសចំពោះរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រដល់ការអភិវឌ្ឍគម្រោងនេះ។ ការប្រកាសដាក់ឱ្យដំណើរការ​ជាផ្លូវការនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ។ យើងរំពឹងថា ការតភ្ជាប់នេះនឹងចូលរួមបង្កើនប្រតិបត្តិការឆ្លងដែនបន្ថែមលើប្រតិបត្តិការទូទាត់បង្កើត​ការតភ្ជាប់និងបណ្តាញទំនាក់ទំនង ដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និង​វិបុលភាព​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជប៉ុន​»។

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះផ្សាយ៖ ថ្ងៃទី០៧​ ខែកក្កដា ឆ្នាំ២០២៥​

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍