ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីបញ្ញាសិប្បនិម្មិត (AI) សម្រាប់នវានុវត្តន៍សាធារណៈ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការប្រមាណ ៤០០ នាក់។
កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងការយល់ដឹងអំពីគោលគំនិតជាមូលដ្ឋាន និងការប្រើប្រាសបច្ចេកវិទ្យា AI, បណ្តុះផ្នត់គំនិតសកម្មសម្រាប់ការប្រើប្រាស់ AI ក្នុងសេវាសាធារណៈ, និងបង្កើនការយល់ដឹងអំពីក្របខ័ណ្ឌក្រមសីលធម៌ ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយការទទួលខុសត្រូវ។
ថ្លែងក្នុងពិធីបើកកម្មវិធីបណ្តុះបណ្តាលនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ខណៈដែលបញ្ញាសិប្បនិម្មិតមានសមត្ថភាពកាន់តែខ្ពស់ក្នុងការបំពេញភារកិច្ចដដែលៗ ការវិភាគទិន្នន័យ និងការទាញយកព័ត៌មានសំខាន់ៗពីទិន្នន័យធំ កត្តាធនធានមនុស្សនៅតែមានតម្រូវការសម្រាប់ការវិនិច្ឆ័យ ជំរុញការច្នៃប្រឌិត និងនវានុវត្តន៍ ព្រមទាំងការសម្រេចចិត្តជាយុទ្ធសាស្ត្រ។ ដូច្នេះ ការរីកចម្រើន និងការរួមបញ្ចូលប្រកបដោយប្រសិទ្ធភាពនៃបញ្ញាសិប្បនិម្មិត ត្រូវតែស្របតាមអាទិភាព សមត្ថភាព និងគុណតម្លៃរបស់យើង ដើម្បីធានាថាបច្ចេកវិទ្យានេះបម្រើមនុស្ស និងពង្រឹងសមត្ថភាពរបស់យើង ក្នុងការសម្រេចបានវឌ្ឍនភាពប្រកបដោយអត្ថន័យ។”
ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។