កម្ពុជាកំពុងជំរុញគោលដៅអភិវឌ្ឍន៍វិស័យកសិ-ចំណីអាហារប្រកបដោយចីរភាព ខណៈដែលថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងវិស័យឯកជន បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ (FTRIP) នៅក្នុងកិច្ចប្រជុំគណៈកម្មការតម្រង់ទិសថ្នាល FTRIP លើកទី៧ នៅសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសរំលេចពីសារៈសំខាន់នៃការផ្សារភា្ជប់បេសកកម្មស្នូលរបស់ FTRIP ទៅនឹងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ ពិសេសលើតម្រូវការបង្កើតថ្នាលបច្ចេកវិទ្យា។
ឯកឧត្តមបានលើកឡើងថា៖ “គោលបំណងចម្បងរបស់ FTRIP គឺបង្កើនសមត្ថភាពស្រាវជ្រាវអនុវត្ត និងជំរុញកំណើនរបស់សាកលវិទ្យាល័យ ដោយផ្សារភ្ជាប់នវានុវត្តន៍ទៅនឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន ដែលជាចលករចម្បងនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។”
កិច្ចប្រជុំលើកទី៧ បានពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍជលផលក្រោយប្រមូលផល ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហការរវាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងរដ្ឋបាលជលផល ដោយមានសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប។ ខណៈដែលគម្រោងនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៥ ភាគីពាក់ព័ន្ធកំពុងពិភាក្សាអំពីការបន្តនិរន្តរភាពរយៈពេលវែងនៃថ្នាល FTRIP។
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នារបស់សមាជិក FTRIP ដើម្បីបន្តនិរន្តរភាពនៃថ្នាលនេះ ដោយលើកឡើងថា៖ “សមាជិកទាំងអស់ប្តេជ្ញាចិត្តគាំទ្រប្រតិបត្តិការរបស់ FTRIP រហូតថ្នាលនេះសម្រេចបាននូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។ ការប្តេជ្ញាចិត្តនេះរួមមានការចែករំលែកធនធាន ការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា និងការប្រើប្រាស់ថ្នាលនេះ ដើម្បីផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។ ”
កិច្ចប្រជុំក៏ផ្តោតលើតួនាទីស្នូលរបស់ FTRIP ក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសក្នុងវិស័យកែច្នៃអាហារ។
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង បានបញ្ជាក់ឡើងវិញថា៖ “យើងនឹងពង្រឹងភាពជាដៃគូដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យា លើកកម្ពស់ការវិនិយោគលើការស្រាវជ្រាវ និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលវិស័យឯកជនកំពុងជួបប្រទះ រួមទាំងបញ្ហាផ្នែកដំណើរការបច្ចេកទេស រហូតដល់តម្រូវការសម្រាប់ស្តង់ដាសុវត្ថិភាពខ្ពស់ ការអភិវឌ្ឍផលិតផល និងការបង្កើនប្រសិទ្ធភាពផលិតកម្ម ដើម្បីឱ្យផលិតករកម្ពុជាអាចប្រកួតប្រជែងបានទាំងក្នុងស្រុក និងក្រៅប្រទេស។”
មួយថ្ងៃមុនកិច្ចប្រជុំនេះ គណៈកម្មការគ្រប់គ្រងប្រតិបត្តិការ ក៏បានពិភាក្សាការពង្រឹងបន្ថែមថ្នាល FTRIP ដោយបានផ្ទេរសិទ្ធិការគ្រប់គ្រងថ្នាលជាផ្លូវការ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទៅសាកលវិទ្យាល័យជាតិបាត់ដំបង។
លោកបណ្ឌិត ស្រ៊ាន ពៅ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាប្រធានគណៈកម្មការគ្រប់គ្រងប្រតិបត្តិការគម្រោង ដែលទើបតែងតាំងថ្មី បានបង្ហាញជំហររបស់សាកលវិទ្យាល័យក្នុងការជំរុញបេសកកម្មរបស់ FTRIP ថា៖ “FTRIP កំពុងក្លាយជាកត្តាដែលមិនអាចខ្វះបានក្នុងការដោះស្រាយបញ្ហាប្រឈមដែលវិស័យឯកជនរបស់យើងកំពុងជួបប្រទះ ជាពិសេសក្នុងការកែច្នៃចំណីអាហារ និងនវានុវត្តន៍ផលិតផល។”
គម្រោងថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារនេះ បានសម្រេចសមិទ្ធផលសំខាន់ៗ ដូចជាការបញ្ចប់គម្រោងស្រាវជ្រាវដែលផ្តោតលើតម្រូវការវិស័យឧស្សាហកម្មចំនួន ២៣គម្រោង ការបង្កើតកម្មវិធីសិក្សាថ្មីៗ និងការដាក់ឱ្យដំណើរការកម្មវិធីកសាងសមត្ថភាពសម្រាប់អ្នកស្រាវជ្រាវជាដើម។
សកម្មភាពគម្រោងសម្រាប់ឆ្នាំ២០២៥ ដែលសាកលវិទ្យាល័យជាតិបាត់ដំបងនឹងអនុវត្ត មានដូចជា វគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងសំណល់អាហារ» នៅក្នុងខែសីហា ក្រោមការដឹកនាំរបស់អ្នកជំនាញជនជាតិឆែក និងការដាក់ឱ្យដំណើរការ «កញ្ចប់ទំនើបកម្ម» ដើម្បីបង្កើនភាពប្រកួតប្រជែងនៃផលិតផលចំណីអាហារកែច្នៃរបស់កម្ពុជា នៅក្នុងខែតុលា។ លើសពីនេះ សមាជិក FTRIP នឹងចូលរួមសន្និសីទស្តីពីម្ហូបអាហារ និងសង្គម ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងសមិទ្ធផលនៃដៃគូរបស់គម្រោង FTRIP ដោយលើកឡើងថា វឌ្ឍនភាពនេះកើតចេញពីការដឹកនាំ ការចូលរួម និងភាពជាដៃគូប្រកបដោយប្រសិទ្ធភាពរបស់សមាជិកទាំងអស់។ ឯកឧត្តមបានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ រួមទាំងសាកលវិទ្យាល័យ ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន ឱ្យគាំទ្រការស្រាវជ្រាវអនុវត្ត និងជំរុញនវានុវត្តន៍ក្នុងផលិតកម្មចំណីអាហារ ដោយចាត់ទុកថាជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។
ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍