រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តក្នុងទីផ្សារ។ យុទ្ធនាការនេះនឹងត្រូវដំណើរការរហូតដល់ដំណាច់ឆ្នាំ២០២៦ ដោយផ្តល់ជូនការបញ្ចុះតម្លៃ និងការគាំទ្រពិសេសសម្រាប់ទាំងអ្នកផលិតក្នុងស្រុក និងក្រុមហ៊ុននាំចូលផលិតផល។
យុទ្ធនាការនេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ២ ពាន់នាក់ រួមទាំងសហគ្រាសផលិតក្នុងស្រុកចំនួន១៩ ក្រុមហ៊ុននាំចូលចំនួន៦ ក្រុមហ៊ុនដំឡើងរថយន្តចំនួន៣ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន។
ក្នុងយុទ្ធនាការនេះ សហគ្រាសផលិត និងក្រុមហ៊ុននាំចូលដែលចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយ នឹងទទួលបានការលើកទឹកចិត្តពិសេស គឺការបញ្ចុះតម្លៃ ១០% សម្រាប់ការចុះបញ្ជីផលិតផលពី ៥-១៩ មុខ, ១៥% សម្រាប់ការចុះបញ្ជីផលិតផលពី ២០-៤៩ និង ២០% សម្រាប់ការចុះបញ្ជីផលិតផលលើសពី៥០មុខ ក្នុងពេលតែមួយ។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ “ការចុះបញ្ជីផលិតផលមិនមែនជាការងារថ្មី ឬបន្ទុកបន្ថែមសម្រាប់អាជីវកម្មទេ ប៉ុន្តែយុទ្ធនាការនេះកើតចេញពីឆន្ទៈក្នុងការកែលម្អសេវា និងការគាំទ្រដល់វិស័យឯកជនយ៉ាងពិតប្រាកដរបស់ក្រសួង។ យុទ្ធនាការពេលនេះគឺទាន់ពេល ត្រូវកាលៈទេសៈ និងឆ្លើយតបផ្ទាល់ទៅនឹងកង្វល់ និងសំណូមពររបស់ទីផ្សារ ទាំងអ្នកផលិតនិងអ្នកប្រើប្រាស់ ក៏ដូចជាការវិវត្តនៃសភាពការណ៍ពាណិជ្ជកម្ម។”
ការចុះបញ្ជីផលិតផលគឺជានីតិវិធីដែលផ្តល់អត្តសញ្ញាណដល់ផលិតផលគ្រប់ប្រភេទ និងគ្រប់ទម្រង់ ដោយអនុលោមតាមស្តង់ដារកម្ពុជា CS001-2000 ស្តីពីការដាក់ស្លាកផលិតផល។ សម្រាប់អ្នកប្រើប្រាស់ ការចុះបញ្ជីផលិតផលផ្តល់នូវតម្លាភាព និងលទ្ធភាពស្វែងរកប្រភពទំនិញ និងម្ចាស់ស្របច្បាប់របស់ផលិតផល។
ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ វិទ្យាស្ថានស្តង់ដារកម្ពុជា បានចុះបញ្ជីផលិតផលចំនួន ៩.៥៣៥ ដែលជាចំនួនតិចនៅឡើយ បើធៀបនឹងចំនួនផលិតផលដែលកំពុងចរាចរនៅលើទីផ្សារ ហើយក្រសួងកំពុងរៀបចំយន្តការបន្ថែម ដោយសម្រួលនីតិវិធី និងកាត់បន្ថយចំណាយ ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនពីអ្នកផលិត និងអ្នកនាំចូលទំនិញ។
ជាផ្នែកមួយនៃកំណែទម្រង់នេះ ក្រសួងបានសម្រួលនីតិវិធី ដោយកាត់បន្ថយឯកសារតម្រូវសម្រាប់ពាក្យស្នើសុំ និងកាត់បន្ថយរយៈពេលនៃការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. មកនៅត្រឹម៥ថ្ងៃនៃថ្ងៃធ្វើការ ក្នុងករណីដែលមានសំណុំឯកសារត្រឹមត្រូវគ្រប់គ្រាន់។ ទន្ទឹមនឹងនេះ ពាក្សស្នើសុំតែមួយអាចប្រើប្រាស់សម្រាប់ការចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយ ហើយអាជ្ញាបណ្ណ ច.ប.ផ. មានសុពលភាពរយៈពេល៣ឆ្នាំ។
អ្នកផលិត និងអ្នកនាំចូល ក៏មានជម្រើសក្នុងការយកផលិតផលរបស់ខ្លួនទៅធ្វើតេស្តនៅមន្ទីរពិសោធន៍ដោយខ្លួនឯងសម្រាប់ភ្ជាប់ជាមួយពាក្យស្នើសុំ ដោយមិនចាំបាច់ធ្វើតេស្តតាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជាឡើយ។ សម្រាប់យុទ្ធនាការនេះ ក្រសួងបានចាត់វិទ្យាស្ថានស្តង់ដារកម្ពុជាឱ្យរៀបចំក្រុមការងារពិសេស ដើម្បីផ្តល់ប្រឹក្សា និងការណែនាំបច្ចេកទេសសម្រាប់វិស័យឯកជន។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ “យើងខ្ញុំលើកទឹកចិត្តឱ្យអ្នកផលិត និងអ្នកនាំចូល ដាក់ពាក្យដោយផ្ទាល់មកវិទ្យាស្ថានស្តង់ដារកម្ពុជា និងកាត់បន្ថយការប្រើសេវាអ្នករត់ការ ដែលអាចនាំឱ្យការចំណាយលើការចុះបញ្ជីផលិតផល កើនឡើងខ្ពស់។”
ឯកឧត្តមក៏បានអំពាវនាវដល់អ្នកផលិត និងអ្នកនាំចូលទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវសុចរិតភាព តម្លាភាព និងទំនួលខុសត្រូវក្នុងប្រតិបត្តិការអាជីវកម្ម តាមរយៈការចុះបញ្ជីផលិតផល ដោយលើកឡើងថា គុណតម្លៃទាំងនេះគឺជាមូលដ្ឋានសំខាន់សម្រាប់ជោគជ័យរយៈពេលវែងរបស់អាជីវកម្ម និងការអភិវឌ្ឍជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអតិថិជនប្រើប្រាស់អំណាចទិញរបស់ខ្លួន ដើម្បីជំរុញឱ្យអ្នកផលិត និងអ្នកនាំចូលប្រកាន់គោលការណ៍ដូចគ្នា តាមរយៈការទិញ និងប្រើប្រាស់តែផលិតផលដែលបានចុះបញ្ជីត្រឹមត្រូវ។
កន្លងមក ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្សព្វផ្សាយបញ្ជី ច.ប.ផ. នៅលើគេហទំព័ររបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងអ្នកចែកចាយងាយស្រួលផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃផលិតផល។ ឌីជីថលូបនីយកម្មនៃសេវាសាធារណៈរបស់ក្រសួងនឹងរួមបញ្ចូលប្រព័ន្ធចុះបញ្ជីផលិតផលអនឡាញពេញលេញក្នុងឆ្នាំ២០២៦ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយឯកសារតម្រូវ និងការជួបផ្ទាល់ ដែលនឹងធ្វើឱ្យដំណើរការស្នើសុំអាជ្ញបណ្ណ ច.ប.ផ. កាន់តែឆាប់រហ័ស មានតម្លាភាព និងកាត់បន្ថយការពឹងផ្អែកលើសេវាអ្នករត់ការ។
ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។