អ្នកនាំពាក្យក្រសួងឧស្សាហកម្មបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទិន្នផលផលិតកម្មរបស់កម្ពុជាឈានដល់ ៧,៥៧ ពាន់លានដុល្លារអាមេរិកនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ ៧៥ ភាគរយបើធៀបនឹងឆ្នាំមុន។
លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាននិយាយថា ក្នុងអំឡុងខែមករាដល់ខែមិថុនាឆ្នាំនេះ ផលិតផលនាំចេញ មានទំហំទឹកប្រាក់រហូតដល់៥.២៦ ពាន់លានដុល្លារ ខណៈដែលផលិតផលមាទំហំទឹកប្រាក់ ៣.៣១ ពាន់លានដុល្លារត្រូវបានលក់នៅលើទីផ្សារក្នុងស្រុក។
លោក សុខគង់ បានចាត់ទុកស្ថានភាពនេះថាជាការកើនឡើងនៃតម្រូវការទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ រីករាលដាលទូទាំងពិភពលោក។
លោកបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា “វិស័យផលិតកម្មត្រូវបានគេប៉ាន់ប្រមាណថានឹងរួមចំណែក ៣៩.៩% ដល់ផលិតផលក្នុងស្រុកសរុប របស់ប្រទេសក្នុងឆ្នាំ២០២២” ។
លោកបានបន្ថែមថា ក្នុងចំណោមរោងចក្រផលិតសរុបចំនួន ១,៩៤៧ នៅកម្ពុជាមានប្រហែល ១,១០០ ជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ហើយនៅសេសសល់គឺរោងចក្រម្ហូបអាហារ និងភេសជ្ជៈ រោងចក្រដំឡើងរថយន្ត ស៊ីម៉ងត៍ អេឡិចត្រូនិក និងរោងចក្រឱសថ ក្នុងចំណោមរោងចក្រផ្សេងៗទៀត។
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ Xinhua
ព័ត៌មាន៖ ខ្មែរ ថាមសិ៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២