ទឹកប្រាក់​កម្ពុជា​នាំ​ទំនិញ​ទៅ​សមាជិក RCEP ​កើនឡើង​ជាង ២៣%

ទឹកប្រាក់​កម្ពុជា​នាំ​ទំនិញ​ទៅ​សមាជិក RCEP ​កើនឡើង​ជាង ២៣%

 

ភ្នំពេញៈ កម្ពុជា​រកប្រាក់​បានជា​ង ៥,៨ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៩ ​ខែ ​ដើមឆ្នាំ ២០២៣ ពី​ការនាំ​ទំនិញ​ទៅកាន់​ប្រទេស​ជា​សមាជិក​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) កើនឡើង​ជាង ២៣ ​ភាគរយ ខណៈ​ទំហំ​ពាណិជ្ជ​កម្ម​សរុប​កើន​ដល់​ជាង ២១ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​។​

RCEP គឺជា​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​សេរី​ដ៏​ធំ​លើ​ពិភពលោក​ដែលមាន​សមាជិក​ចំនួន ១៥ ប្រទេស រួមមាន​សមាជិក​អា​ស៊ាន​ទាំង ១០ និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន ​៥ រួមមាន​អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង​នូ​វែ​ល​សេ​ឡង់​។ RCEP មាន​សុពលភាព​អនុវត្ត​តាំងពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២២​។​

​របាយការណ៍​ក្រសួងពាណិជ្ជកម្ម​ឱ្យដឹងថា ចន្លោះ​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ ​២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ ៥,៨១​ ពាន់​លាន​ដុល្លារ​ទៅកាន់​ប្រទេស​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) កើនឡើង ២៣,៥៩​ ភាគរយ​ពី​ចំនួន ៤,៧ ​ពាន់​លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ជា​មួយ​គ្នា​នេះ​កម្ពុជា​ក៏បាន​នាំចូល​ទំនិញ​ពី​ក្រុម​ប្រទេស​សមាជិក RCEP ក្នុង​ទឹកប្រាក់ ១៦ ​ពាន់​លាន​ដុល្លារ​ផងដែរ ដោយ​ធ្លាក់ចុះ ១៧,៣៦ ​ភាគរយ​ពី​ចំនួន ១៩,៣៦​ ពាន់​លាន​ដុល្លារ​។​

​សម្រាប់​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ RCEP គឺមាន​ចំនួន ២១,៨១​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៩,៣៦ ​ភាគ​​រយ​ពី ២៤,០៧​ ពាន់​លាន​ដុល្លារ​។ បើ​ផ្អែក​តាម​ទិន្នន័យ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ជាមួយ RCEP ចំនួន ១០,១៩​ ពាន់​លាន​ដុល្លារ ដែល​ល្អប្រសើរ​ជាង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ដែលមាន​ចំនួន ១៤,៦៦​ ពាន់​លាន​ដុល្លារ​។​

​យោងតាម​តារាង គឺ​ទិសដៅ​នាំចេញ​កំពូល​ទាំង ​៣ របស់​កម្ពុជា​នៅក្រោម RCEP រួមមាន វៀតណាម មានតម្លៃ ២,០៤​ ពាន់​លាន​ដុល្លារ កើន ៣០,៦៨​ភាគរយ​, ចិន ១,០៦ ​ពាន់​លាន​ដុល្លារ កើន ១៨,២៧ ​ភាគរយ​, និង​ប្រទេស​ជប៉ុន ៨៨៥,៧៤​ លាន​ដុល្លារ ធ្លាក់ចុះ ១,៣៣​ ភាគរយ​។ ចំណែក​ការនាំ​ចូល​ពី​ប្រទេស​សំខាន់ៗ​ចំនួន​ ៣ រួមមាន ប្រទេស​ចិន ៨,០៤ ​ពាន់​លាន​ដុល្លារ កើនឡើង ១,៧៧ ​ភាគរយ​, វៀតណាម ២,៧៣ ​ពាន់​លាន​ដុល្លារ ធ្លាក់ ១០,៩៩ ​ភាគរយ និង​ថៃ ២,១៧​ ពាន់​លាន​ដុ​​ល្លារ ធ្លាក់ចុះ ២៧,០៥ ​ភាគរយ​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍