ភ្នំពេញៈ កម្ពុជារកប្រាក់បានជាង ៥,៨ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០២៣ ពីការនាំទំនិញទៅកាន់ប្រទេសជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កើនឡើងជាង ២៣ ភាគរយ ខណៈទំហំពាណិជ្ជកម្មសរុបកើនដល់ជាង ២១ ពាន់លានដុល្លារ។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំលើពិភពលោកដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៥ រួមមានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។ RCEP មានសុពលភាពអនុវត្តតាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។
របាយការណ៍ក្រសួងពាណិជ្ជកម្មឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៥,៨១ ពាន់លានដុល្លារទៅកាន់ប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កើនឡើង ២៣,៥៩ ភាគរយពីចំនួន ៤,៧ ពាន់លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២២។ ជាមួយគ្នានេះកម្ពុជាក៏បាននាំចូលទំនិញពីក្រុមប្រទេសសមាជិក RCEP ក្នុងទឹកប្រាក់ ១៦ ពាន់លានដុល្លារផងដែរ ដោយធ្លាក់ចុះ ១៧,៣៦ ភាគរយពីចំនួន ១៩,៣៦ ពាន់លានដុល្លារ។
សម្រាប់ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា RCEP គឺមានចំនួន ២១,៨១ ពាន់លានដុល្លារ ធ្លាក់ចុះ ៩,៣៦ ភាគរយពី ២៤,០៧ ពាន់លានដុល្លារ។ បើផ្អែកតាមទិន្នន័យ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពជាមួយ RCEP ចំនួន ១០,១៩ ពាន់លានដុល្លារ ដែលល្អប្រសើរជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានចំនួន ១៤,៦៦ ពាន់លានដុល្លារ។
យោងតាមតារាង គឺទិសដៅនាំចេញកំពូលទាំង ៣ របស់កម្ពុជានៅក្រោម RCEP រួមមាន វៀតណាម មានតម្លៃ ២,០៤ ពាន់លានដុល្លារ កើន ៣០,៦៨ភាគរយ, ចិន ១,០៦ ពាន់លានដុល្លារ កើន ១៨,២៧ ភាគរយ, និងប្រទេសជប៉ុន ៨៨៥,៧៤ លានដុល្លារ ធ្លាក់ចុះ ១,៣៣ ភាគរយ។ ចំណែកការនាំចូលពីប្រទេសសំខាន់ៗចំនួន ៣ រួមមាន ប្រទេសចិន ៨,០៤ ពាន់លានដុល្លារ កើនឡើង ១,៧៧ ភាគរយ, វៀតណាម ២,៧៣ ពាន់លានដុល្លារ ធ្លាក់ ១០,៩៩ ភាគរយ និងថៃ ២,១៧ ពាន់លានដុល្លារ ធ្លាក់ចុះ ២៧,០៥ ភាគរយ។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍