ពោធិ៍សាត់ៈ ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ (Solar Station) ដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួនពី ៩០ ដល់ ២៤០ មេហ្គាវ៉ាត់នាពេលឆាប់ៗនេះ ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ និងកាត់បន្ថយការចំណាយលើថ្លៃអគ្គិសនីរបស់ប្រជាពលរដ្ឋ។
ស្ថានីយផលិតថាមពលអគ្គិសនីនេះស្ថិតនៅភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយត្រូវបានសាងសង់នៅលើផ្ទៃដីចំនួន ១៣៥ ហិកតា ក្នុងតម្លៃទឹកប្រាក់សរុប ២៨ លានដុល្លារ។
ក្នុងអំឡុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១៦ ខែមករា កន្លងមក លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាបានលើកឡើងថា បច្ចុប្បន្នស្ថានីយនេះ គឺជាស្ថានីយផលិតថាមពលដែលស្អាតឥតមានផ្សែង និងធំជាងគេបង្អស់នៅកម្ពុជា។
លោក កែវ រតនៈ បានបញ្ជាក់ថា៖ «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឯកភាពឱ្យបន្តដំឡើងស្ថានីយថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ នៅក្នុងឃុំស្នាអន្សា ស្រុកក្រគរ ដែលសព្វថ្ងៃនេះវាធំជាងគេរួចមកហើយ ដើម្បីបន្តពង្រីកអានុភាពផលិតពី ៩០ ទៅដល់ ២៤០ មេហ្គាវ៉ាត់ ដោយនឹងបន្ថែមអានុភាពដល់ទៅ ១៥០ មេហ្គាវ៉ាត់ ទៀតនៅក្នុងគម្រោងទី ២ នេះ»។
លោកបន្ថែមថា ទីតាំងនេះ ក៏នឹងក្លាយជាកម្មវត្ថុនៃការមកលេង និងសិក្សាស្រាវជ្រាវរបស់ក្រុមសិស្សានុសិស្ស អ្នកបច្ចេកទេស ក៏ដូចជាអ្នកវិទ្យាសាស្ត្រមួយចំនួនផងដែរ។ នេះក៏ជាមោទនភាពបំផុតសម្រាប់ប្រជាជនក្នុងស្រុកក្រគរនិយាយជារួម និងនិយាយដោយឡែក សម្រាប់ប្រជាជនក្នុងខេត្តពោធិ៍សាត់ទាំងមូល ដែលត្រូវបានរដ្ឋាភិបាលជ្រើសរើសទីតាំងនេះធ្វើការអភិវឌ្ឍបង្កើតទីផ្សារការងារ និងកាត់បន្ថយចំណាកស្រុក។
លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបានផ្តល់ប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា៖ «អគ្គិសនីដើរដោយថាមពលសូឡា មិនបានបង្កផលប៉ះពាល់ដល់បរិស្ថាន និងជួយជំរុញឱ្យតម្លៃអគ្គិសនីធូរថ្លៃជាងមុន ដោយខេត្តពោធិ៍សាត់ទាំងមូលមានអគ្គិសនីប្រើប្រាស់ជាង ៩០ ភាគរយហើយ»។
បើតាមលោក ជាវ តាយ ក្រៅពីស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ក៏នៅមានស្ថានីយវារីអគ្គិសនីមួយទៀតដែលមានសមត្ថភាពផលិតថាមពលបាន ៨០ មេហ្គាវ៉ាត់ ដែលគម្រោងនេះកំពុងដំណើរការសាងសង់ដោយសម្រេចបានប្រមាណ ១០ ភាគរយ។ គម្រោងនេះវិនិយោគដោយក្រុមហ៊ុនមកពីកូរ៉េ។
កន្លងទៅវិនិយោគិនក្នុងស្រុក ជាពិសេសអ្នកក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជាតែងលើកឡើងពីបញ្ហាដែលធ្វើការកែច្នៃផលិតផលក្នុងស្រុកមិនអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបាន ដោយសារតម្លៃអគ្គិសនី។
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយៈ ហំ ផានិត
ព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍
កាលបរិច្ចេទបោះពុម្ពផ្សាយៈ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២