សមត្ថភាពផលិតថាមពលពីពន្លឺព្រះអាទិត្យនឹងត្រូវដំឡើងបន្ថែម

សមត្ថភាពផលិតថាមពលពីពន្លឺព្រះអាទិត្យនឹងត្រូវដំឡើងបន្ថែម

 

ពោធិ៍សាត់ៈ ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ​(Solar Station) ដែល​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​គ្រោង​នឹង​ពង្រីក​សមត្ថ​ភាព​ផលិតកម្ម​របស់ខ្លួន​ពី ៩០​ ដល់ ២៤០ ​មេហ្គាវ៉ាត់​នាពេល​ឆាប់ៗ​នេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់ និង​កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​។

ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​នេះ​ស្ថិតនៅ​ភូមិ​អន្សរក្តាម ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដោយ​ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី​ចំនួន ១៣៥ ​ហិកតា ក្នុងតម្លៃ​ទឹកប្រាក់​សរុប ២៨ ​លាន​ដុល្លារ​។

ក្នុងអំឡុងពេល​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​ ១៦ ខែមករា កន្លងមក លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​លើកឡើងថា បច្ចុប្បន្ន​ស្ថានីយ​នេះ គឺជា​ស្ថានីយ​ផលិត​ថាមពល​ដែល​ស្អាត​ឥតមាន​ផ្សែង និង​ធំជាងគេ​បង្អស់​នៅ​កម្ពុជា​។

លោក កែវ រតនៈ បាន​បញ្ជាក់ថា​៖ «​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ឯកភាព​ឱ្យ​បន្ត​ដំឡើង​ស្ថានីយ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ នៅក្នុង​ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ដែល​សព្វថ្ងៃនេះ​វា​ធំជាងគេ​រួចមកហើយ ដើម្បី​បន្ត​ពង្រីក​អានុភាព​ផលិត​ពី​ ៩០ ទៅដល់ ២៤០ ​មេហ្គាវ៉ាត់ ដោយ​នឹង​បន្ថែម​អានុភាព​ដល់​ទៅ​ ១៥០​ មេហ្គាវ៉ាត់ ទៀត​នៅក្នុង​គម្រោង​ទី​ ២ នេះ​»​។

លោក​បន្ថែមថា ទីតាំង​នេះ ក៏​នឹង​ក្លាយជា​កម្មវត្ថុ​នៃ​ការ​មកលេង និង​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​សិស្សានុសិស្ស អ្នក​បច្ចេកទេស ក៏ដូចជា​អ្នកវិទ្យាសាស្ត្រ​មួយចំនួន​ផងដែរ​។ នេះ​ក៏​ជា​មោទនភាព​បំផុត​សម្រាប់​ប្រជាជន​ក្នុងស្រុក​ក្រគរ​និយាយ​ជារួម និង​និយាយ​ដោយឡែក សម្រាប់​ប្រជាជន​ក្នុង​ខេត្តពោធិ៍សាត់​ទាំងមូល ដែល​ត្រូវបាន​រដ្ឋាភិបាល​ជ្រើសរើស​ទីតាំង​នេះ​ធ្វើការ​អភិវឌ្ឍ​បង្កើត​ទីផ្សារការងារ និង​កាត់បន្ថយ​ចំណាកស្រុក​។

លោក ជាវ តាយ អភិបាលខេត្ត​ពោធិ៍សាត់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​បានផ្តល់​ប្រយោជន៍​យ៉ាង​ធំធេង​សម្រាប់​ប្រជាពលរដ្ឋ​។ លោក​បញ្ជាក់ថា​៖ «​អគ្គិសនី​ដើរ​ដោយ​ថាមពល​សូឡា មិនបាន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ជួយ​ជំរុញ​ឱ្យ​តម្លៃ​អគ្គិសនី​ធូរ​ថ្លៃ​ជាង​មុន ដោយ​ខេត្តពោធិ៍សាត់​ទាំងមូល​មាន​អគ្គិសនី​ប្រើប្រាស់​ជាង ៩០ ​ភាគរយ​ហើយ​»​។

បើតាម​លោក ជាវ តាយ ក្រៅពី​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ នៅ​ខេត្ត​ពោធិ៍សាត់​ក៏​នៅមាន​ស្ថានីយ​វារីអគ្គិសនី​មួយទៀត​ដែលមាន​សមត្ថភាព​ផលិត​ថាមពល​បាន​ ៨០ ​មេហ្គាវ៉ាត់ ដែល​គម្រោង​នេះ​កំពុង​ដំណើរការ​សាងសង់​ដោយ​សម្រេចបាន​ប្រមាណ​ ១០ ​ភាគរយ​។ គម្រោង​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​មកពី​កូរ៉េ​។

កន្លងទៅ​វិនិយោគិន​ក្នុងស្រុក ជាពិសេស​អ្នក​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​តែង​លើកឡើង​ពី​បញ្ហា​ដែល​ធ្វើការ​កែច្នៃ​ផលិតផល​ក្នុងស្រុក​មិនអាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល​បាន ដោយសារ​តម្លៃ​អគ្គិសនី​។

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយៈ ហំ ផានិត

ព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយៈ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២